រដ្ឋបាលស្រុកតាលោសែនជ័យរៀបចំប្រណាំងទូកត្នោតនិងខ្ទះត្នោតលើកទី៣ មានអ្នកចូលរួមទស្សនា ច្រើនពាន់នាក់

ពោធិសាត់៖ បានរៀបចំប្រណាំងទូកត្នោតនិងខ្ទះត្នោតលើកទី៣នៅលើផ្ទៃទឹកបឹងព្រះពន្លៃគឺជាបឹងធម្មជាតិ ស្ថិតក្នុងភូមិផ្ទះរុង ឃុំផ្ទះរុង ស្រុកតាលោ សែនជ័យ ខេត្តពោធិ៍សាត់ ជាលក្ខណៈមិត្តភាព ក្នុងគោលបំណងដើម្បីចូលរួមថែរក្សាទំនៀមទំលាប់ប្រពៃណីខ្មែរនិងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែ អកអំបុកដោយមានអ្នកចូលរួមទស្សនា ជាច្រើនពាន់នាក់ នៅរយ:ពេលពីថ្ងៃទី១៨-១៩ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក សំ ណារិទ្ធិ អភិបាលនៃគណៈអភិបាលស្រុកតាលោសែនជ័យ បានថ្លែងក្នុងពិធីបើកនោះថា នេះជាលើកទី៣ហើយ ដែលរដ្ឋបាលស្រុកតាលោសែនជ័យ ដោយមានកិច្ចសហការជាមួយព្រះអនុគណស្រុក ចៅអធិការវត្ត សហគមន៍ អាជ្ញាធរភូមិ ឃុំរៀបចំព្រឹត្តិការណ៍ប្រណាំងទូកត្នោតនិងខ្ទះត្នោតសម្រាប់ឲ្យបងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះក៏ដូចមកពីបណ្តា ឃុំ ស្រុកផ្សេងៗចូលរួមទស្សនាកំសាន្តនៅក្នុងឱកាសអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបនិងសំពះព្រះខែអកអំបុក គឺជាពិធីបុណ្យដ៏ធំមួយរបស់ប្រជាពលរដ្ឋខ្មែរយើងដែលមានតាំងពីយូលង់ណាស់មកហើយ។

ក្នុងឆ្នាំ២០២៣គឺជាលើកទី៣ហើយដោយកាលពីឆ្នាំមុនរដ្ឋបាលស្រុកបានជ្រើសរើសយកតែទូកស្មាច់មកប្រណាំង តែសម្រាប់ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នេះបានចងក្រងនិងជ្រើសរើសយកតែទូកត្នោតខ្ទះត្នោតនៅក្នុងមូលដ្ឋានដែលមានចំនួន៨គូ និងខ្ទះត្នោតមានចំនួន៤គូសម្រាប់ចូលរួមប្រ ណាំងក្នុងរយៈពេល២ថ្ងៃ។

លោកបានថ្លែងថា បឹងព្រះពន្លៃគឺជាបឹងធម្មជាតិមួយដែលមានផ្ទៃដី២៧៤ហិកតា មានអំណោយផលល្អ សម្បូរទៅដោយធនធានធម្មជាតិ ជាពិសេសប្រភេទសត្វស្លាប់រាប់ម៉ឺនក្បាល់រស់នៅជាអចិន្ត្រៃយ៍ជាច្រើនឆ្នាំមកហើយ។

ដោយសារបឹងព្រះពន្លៃជាបឹងធម្មជាតិ មានអំណោយផលនិងសម្បូរទៅដោយធនធានធម្មជាតិនោះ រដ្ឋបាលខេត្តពោធិ៍សាត់ ដែលមានឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់រដ្ឋបាលស្រុក អាជ្ញាធរភូមិ ឃុំនិងសហគមន៍ភូមិ ត្រូវបង្កើនការយកចិត្តទុកដាក់គ្រប់គ្រង ថែរក្សាការពារជាប់ជាប្រចាំ មិនឲ្យជនណាម្នាក់ទៅបំផ្លិតបំផ្លាញនោះឡើយ ដោយបានចាត់ទុកថា ទាំងសត្វស្លាបនិងទាំងធនធានធម្មជាតិនៅក្នុងបឹងព្រះពន្លៃនេះតែងតែបានបង្កើនឲ្យភ្ញៀវទេសចរណ៍ទាំងក្នុងស្រុក និងក្រៅស្រុកមកទស្សនាកំសាន្តជារៀងរាល់ពេលរសៀលមិនលុះថ្ងៃ ធ្វើឲ្យជីវភាពបងប្អូននៅទីនេះកាន់តែធូរធាមួយកម្រិត តាមរយៈការលក់ដូរនិងការជូនដឹកជញ្ជូនភ្ញៀវជាដើម។

លោកបានថ្លែងទៀតថា រដ្ឋបាលខេត្តក៏ដូច ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា គឺជាអាណត្តិដឹកនាំបន្ត បានបង្កើតឲ្យមានកម្មវិធីបុណ្យជាតិ អន្តរជាតិជាពិសេសព្រឹត្តិការណ៍កីឡាប្រណាំងទូកគ្រប់ប្រភេទនៅតាមបណ្តារាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌនេះឡើងដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋយើងបានទស្សនាកំសាន្តប្រកបដោយសប្បាយរីករាយនិងប្រកាន់ភ្ជាប់អំពីគោលការពង្រឹងនិងអនុវត្តវិធានសុវត្ថិភាព ស្ថេរភាព ។

លោកបានលើកឡើងថា ឆ្នាំនេះក៏ដូចឆ្នាំកន្លងមក ដោយបានការចូលរួមជួយឧបត្ថម្ភទាំងថវិកានិងសម្ភារៈពីសំណាក់ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជីវករនិងបងប្អូនប្រជាពលរដ្ឋនោះ ទើបធ្វើឲ្យរដ្ឋបាលស្រុកមានលទ្ធភាពក្នុងការប្រណាំងទូកត្នោតនិងខ្ទះត្នោតជាលើកទី៣នេះឡើង បានប្រព្រឹត្តិទៅដោយភាពរលូននិងមានអ្នកមកចូលរួមទស្សនាក្រោមមួយម៉ឺននាក់។

ក្នុងនាមអាជ្ញាធរស្រុក លោកសូមផ្តាំផ្ញើដល់កីឡាករទាំងអស់ត្រូវខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាព គោរពបទបញ្ជា រក្សាវិន័យថ្លៃថ្នូរ ព្រោះថាការប្រ កួតតែងតែមានអ្នកឈ្នះនិងមានអ្នកចាញ់គឺជារឿងធម្មតាកត្តាដែលសំខាន់នោះគឺការសាមគ្គីភាពមិត្តភាពនិងចូលរួមអភិវឌ្ឍន៍លើ វិស័យកីឡាប្រណាំងទូកត្នោតនិងខ្ទះត្នោតដែលជាកេរ្តិ៍ដំណែលពីដូនតា និងជួយជម្រុញវិស័យកីឡាប្រណាំងទូកនៅក្នុងស្រុកតាលោសែនជ័យកាន់តែសាយភាយទៅបណ្តាស្រុក ខេត្តផ្សេងៗទៀត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *