សិស្សពូកែជាច្រើនរូបនៅសាលាបឋមសិក្សាក្រសាំងរលើង ទទួលរង្វាន់ និងប័ណ្ណសរសើរលើកទឹកចិត្ត ប្រចាំឆ្នាំសិក្សា២០២២.២០២៣

សៀមរាប៖ ដើម្បីជាការចូលរួមលើកស្ទួយនូវវិស័យអប់រំឲ្យកាន់តែរីក ចម្រើនប្រកបដោយគុណភាពខ្ពស់ នៅចុងសប្តាហ៍ព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ គណៈគ្រប់គ្រងសាលា បឋមសិក្សាក្រសាំងរលើង លោកចៅសង្កាត់សៀមរាប និង សប្បុរសជន បានរៀបចំធ្វើពិធីចែករង្វាន់ និងប័ណ្ណសរសើរលើកទឹកចិត្ត ដល់សិស្សពូកែប្រចាំឆ្នាំសិក្សាចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី៦ នៃសាលាបឋមសិក្សាក្រសាំងរលើង ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុង ខេត្តសៀមរាប ក្រោមវត្តមាននិមន្តនិងអញ្ជើញចូលរួមពីព្រះតេជគណព្រះសរណញាណធម្មបិយធម្ម ភ្លឿង រដ្ឋ គ្រូសូត្រស្តាំវត្តអធ្វារ និង លោក ម៉ៃ សាម៉េត ចៅសង្កាត់ សៀមរាប ព្រមទាំងអស់លោក លោកស្រីជាសប្បុរសជន មាតាបិតា អាណាព្យាបាលសិស្ស ចូលរួមផងដែរ ។
ក្នុងកិច្ចស្វាគមន៍របស់លោក ស ស៊ីណន នាយកសាលាបឋមសិក្សាក្រសាំងរលើង បានបញ្ជាក់ថា សាលា បឋមសិក្សា ក្រសាំងរលើងនេះ មានសិស្សចូលមកសិក្សា ចំនួន ៣៥០នាក់ ស្រី១៨៦ នាក់ ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី ៦ មានអគារសិក្សា ២ខ្នង ១០បន្ទប់ មានគ្រូបង្រៀន ១៣ នាក់ ។ នៅរាល់បញ្ចប់ឆ្នាំសិក្សា ត្រូវបានរៀបចំធ្វើការលើកទឹកចិត្តចែករង្វាន់ និងប័ណ្ណសរសើរដល់សិស្សពូកែដែលប្រឡងជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥ ។
មានសង្ឃដិកានោះដែរព្រះសរណ ញាណធម្មបិយធម្ម ភ្លឿង រដ្ឋ គ្រូសូត្រស្តាំវត្តអធ្វារ បានផ្តល់នូវឱវាទទូន្មាន ដល់ចៅៗជាសិស្សានុសិស្ស ក៏ដូចមាតាបិតា អាណាព្យាបាលសិស្ស ត្រូវរួមគ្នាជម្រុញដល់កូនៗរបស់ខ្លួន ឲ្យខិតខំសិក្សារៀនសូត្រឲ្យបានពូកែ ក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម។ ការសិក្សាគឺមានតម្លៃយ៉ាងធំធេងណាស់ ហើយថា ចំពោះអ្នកដែលមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឲ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ។ ម៉្យាងទៀត ក្រៅពីសាលាធ្វើការបង្ហាត់បង្រៀន សូមឲ្យអាណាព្យាបាលត្រូវធ្វើការអប់រំកូនរបស់ខ្លួនបន្ត នឹង សូមឲ្យក្មួយៗទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និង អំពើឧបាយមុខផ្សេងៗទៀតផង ។
នៅក្នុងពិធីចែករង្វាន់និងប័ណ្ណសរសើរលើកទឹកចិត្តដល់សិស្សពូកែ លោក ម៉ៃ សាម៉េត ក៏បានណែនាំសិស្សឲ្យបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត។ ម៉្យាងវិញទៀតដោយសារបច្ចុប្បន្ន បច្ចេកវិទ្យាមានការរីកចម្រើន ដូចនេះសិស្សអាចសិក្សាស្រាវជ្រាវមេរៀន និង រូបមន្តនានាបន្ថែមទៀត ដែលគេបានចងក្រងនៅលើប្រព័ន្ធអ៊ីនធឺណិត ។ លោកចៅសង្កាត់បានណែនាំបន្តទៀតថា ដើម្បីឲ្យសិស្សទទួលបានលទ្ធផលសិក្សាល្អ គឺត្រូវតែមានការចូលរួមចំណែកសំខាន់ពីលោកគ្រូអ្នកគ្រូ ពីសហគមន៍ និងសិស្សខ្លួនឯងផ្ទាល់ ហើយក្នុងនោះបញ្ហាបរិស្ថានអនាម័យ សោភណភាពក្នុងសាលាក៏ត្រូវបានរៀបចំឲ្យបានស្អាតដូចជានៅក្នុងបន្ទប់រៀននិងបរិវេណសាលាជាដើម។ លោកក៏បានណែនាំឲ្យមាតាបិតាសិស្ស ត្រូវចេះលើកទឹកចិត្តកូនៗខិតខំសិក្សា ដើម្បីក្លាយជាធនធានដ៏មានតម្លៃទៅថ្ងៃអនាគត។ ម៉្យាងទៀតមាតាបិតាសិស្សត្រូវសហការទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់បុត្រធីតា ក្នុងការជម្រុងឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យជាទៀងទាត់ និងលើកទឹកចិត្តកុមារឲ្យស្រឡាញ់ការអានសៀវភៅ និងឲ្យបុត្រធីតាចូលអានសៀវភៅ នៅតាមបណ្ណាល័យ ឬក៏យកទៅអាននៅផ្ទះ ដើម្បីឲ្យពួកគេក្លាយទៅជាទម្លាប់ក្នុងការអាន នោះកុលបុត្រកុលធីតារបស់លោកអ្នក នឹងក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃនាថ្ងៃអនាគត ដោយប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឲ្យជីវភាពគ្រួសារធូរធារផង និងជួយអភិវឌ្ឍដល់សង្គមជាតិយើងផងដែរ ។ ម៉្យាងទៀត សុំឲ្យចៅៗទាំងអស់ជៀសចេញឲ្យឆ្ងាយពីគ្រឿងញៀននិងអំពើឧបាយមុខផ្សេងៗ ដែលប្រាស់ចាកនឹងច្បាប់រដ្ឋ និង សូមឲ្យបងប្អូនចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវភូមិដ្ឋានរបស់ខ្លួន សំខាន់ លើការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដោយខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលមានភ្ញៀវ ទេសចរណ៍ជាតិ អន្តរជាតិចូលមកទស្សនាកម្សាន្ត នៅតំបន់រមណីយដ្ឋានអង្គរនៃយើង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *