សៀមរាប៖ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន និង ស្ថានទូត ចិន ប្រចាំ នៅ កម្ពុជា សហការជាមួយ ក្រសួង វប្បធម៌និងវិចិត្រសិល្បៈនិងរដ្ឋបាលខេត្តសៀមរាប បានបើក សម្ពោធជាផ្លូវការ នូវព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើកទី៧ ” នារាត្រីថ្ងៃទី ១៧ ខែវិច្ឆិការ ឆ្នាំ២០២៣ នៅសណ្ឋាគារសុខាអង្គរខេត្តសៀមរាប ក្រោមអធិបតីភាព ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍ មជ្ឈិមចិន លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និង លោក Liu Zhijie ប្រធានការិយាល័យ កុងស៊ុលចិនប្រចាំ ខេត្តសៀមរាប ព្រមទាំងវត្តមាន តំណាងអង្គភាពមន្ទីរ និស្សិតនិងសហភាពសហព័ន្ឋយុវជនកម្ពុជាខេត្ត សរុបជាង១០០នាក់។ ព្រឹត្តិការណ៍នេះរៀបចំឡើង ក្នុងគោលបំណងពង្រឹងនិងផ្លាស់ប្តូរវប្បធម៌រវាងចិននិងកម្ពុជា ក្នុងន័យឲ្យប្រជាជនកម្ពុជាបានសិក្សាស្វែងយល់ពីវប្បធម៌ប្រពៃណី ប្រវត្តិសាស្ត្រ និងស្ថានភាពបច្ចុប្បន្នរបស់ប្រទេសចិន ក៏ដូចជាដើម្បីអបអរសាទរខួបលើក ៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។
ឯកឧត្ដម Hu Jinjun អគ្គនាយករង នៃ អគ្គស្ថានីយវិទ្យុ និង ទូរទស្សន៍មជ្ឈិមចិន បានថ្លែងថា ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើមលើកទី ៧ ” មិនគ្រាន់តែធ្វើឲ្យជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់មានភាពសម្បូរបែប ប៉ុណ្ណោះទេ ក៏បង្ហាញពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សជាតិនិង អភិវឌ្ឍន៍ទំនើប រវាងប្រទេស ចិន និង កម្ពុជា ផងដែរ ។ បច្ចុប្បន្នបានក្លាយទៅជាម៉ាកសំខាន់ សម្រាបការផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិ និង ជម្រុញយ៉ាងវិជ្ជមាន នូវការផ្លាស់ប្តូរវប្បធម៌ និង តភ្ជាប់ចិត្តគ្នា រវាងប្រទេសទាំងពីរ។ ឯកឧត្តម បន្ថែមថា កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន និង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលអញ្ជើញចូលរួម វេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ” សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ បានចេញសេចក្ដីប្រកាសរួមថា “ឆ្នាំ២០២៤ ជាឆ្នាំផ្លាស់ប្តូរប្រជាជន និង ប្រជាជនរវាង ចិននិងកម្ពុជា ”។ ឯកឧត្តមសង្ឃឹមនិង ជឿជាក់ថា កិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ នៃ ប្រទេសទាំងពីរ នឹង ត្រូវបានជម្រុញនិង ពង្រឹងបន្ថែមទៀត តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពួកយើងអាចជម្រុញការពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសទាំងពីរ លើវិស័យការផ្លាស់ប្តូរព័ត៌មាន ការផ្លាស់ប្តូរធនធានមនុស្ស នវានុវត្តន៍បច្ចេកទេសជាដើម ដើម្បីជួយការអភិវឌ្ឍន៍ ប្រកប ដោយគុណភាពខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ព្រមទាំង បន្ថែមកម្លាំងចលករថ្មី ក្នុងការជម្រុញទំនាក់ទំនង ចិន – កម្ពុជា ឲ្យកាន់តែប្រសើរឡើង។
លោកស្រី យូ សុភា មានប្រសាសន៍ថា ព្រឹតិ្តការណ៍ “ដំណើរ ភាពយន្តចល័តកម្ពុជា-ចិន ដ៏ឆ្នើមលើកទី៧” ឆ្នាំ២០២៣ នឹងជួយឲ្យប្រជាពលរដ្ឋកម្ពុជាស្គាល់ចិនបានកាន់តែច្រើន និងមានទំនាក់ទំនងជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត ។ ព្រោះថាភាពយន្តសិល្បៈសម្រាប់ផ្សារភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាល ចិត្ត និងគំនិតរបស់មនុស្ស ។ លោកស្រីបន្តថា ព្រះរាជាណាចក្រកម្ពុជានិង ចិន តាមប្រវត្តិនៃទំនាក់ទំនង គឺជាប្រទេសមិត្តភក្តិដ៏កំសត់កម្រនឹងគ្នា តាំងពីសម័យចក្រភពខ្មែរដ៏យូរលង់រហូតដល់បច្ចុប្បន្ន ដែលមានចម្លាក់ជាភ័ស្តុតាងនៅលើថែវជញ្ជាំង នៃប្រាសាទបាយ័ន និងប្រាង្គប្រាសាទមួយចំនួនទៀត ដូចមានក្នុងឯកសារប្រវត្តិសាស្រ្តរបស់ជីវ តាក្វាន់។ ប្រទេសទាំងពីរតែងបានជួយគ្នាទៅវិញទៅមក ស្ទើរគ្រប់កាលៈទេសៈទាំងវិស័យសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និងសាសនា។
បើតាម លោក ស៊ុន រតនា និង លោក ហេង ពិសិដ្ឋ តំណាងអ្នកបញ្ចាំងភាពយន្តមកពីក្រុមចាក់បញ្ចាំងភាពយន្ត និង កញ្ញា យឿន សាវារីយ៍ តំណាងប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចែករំលែករឿងរ៉ាវអំពីការរួមគ្នាចាក់បញ្ចាំងភាពយន្ត និង ការរៀនសូត្រភាសាចិនតាមវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានច្រៀងបទចម្រៀងភាសាចិន រួមគ្នាផងដែរ។
សូមជំរាបថា៖ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ ឆ្នើម” ជារៀងរាល់ឆ្នាំ បានរៀបចំដោយ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិន ប្រចាំនៅកម្ពុជា និង ក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ចាប់ពីដំណើរការដំបូង នៅ ឆ្នាំ ២០១៦មក ក្រុមការងារចាក់បញ្ចាំងភាពយន្ត បានចូលជ្រៅទៅគ្រប់ ភូមិស្រុក ក្រុង ខេត្ត នៅប្រទេសកម្ពុជា ហើយបាន បញ្ចាំង ភាពយន្តជាង១០០លើក សម្រាប់ប្រជាជនកម្ពុជា ជាង១សែននាក់បានទស្សនា ដោយឥតគិតថ្លៃ ។ គោលបំណង នៃ ព្រឹត្តិការណ៍នេះ គឺ ជម្រុញកិច្ចសហប្រតិបត្តិការ និង ផ្លាស់ប្តូរ ផ្នែកវប្បធម៌ រវាងប្រទេសចិន និងកម្ពុជា ធ្វើឲ្យប្រជាជន កម្ពុជ មានឱកាសរីករាយទស្សនាភាពយន្តដ៏ឆ្នើមរបស់ប្រទេសចិន ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប