សិក្ខាសាលា ផ្សព្វ ផ្សាយ ស្តីពីការ ចងក្រងសមាជិក ចលនាភូមិមួយ ផលិតផលមួយឆ្នាំ២០២៣

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប មានធ្វើអង្គសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយ ឆ្នាំ២០២៣ និង ពិធីចែកវិញ្ញាបនបត្រទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប ក្រោម អធិបតីភាពឯកឧត្តម ផល សុជាតិ អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ និង លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី ១៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ជាអាជ្ញាធរ ក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនអាជីវករ និង អ្នកផលិត ប្រមាណជា ១០០នាក់ចូលរួម ។
ក្នុងកិច្ចស្វាគមន៍របស់លោក យុន លីនណេ បានលើកឡើងថា អង្គសិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកភូមិមួយ ផលិតផលមួយខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីឲ្យរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះ ក៏មានបំណងជម្រុញឲ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និង ពន្យល់ដល់ប្រជាពលរដ្ឋ និង អ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់បន្ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១ និងធ្វើយ៉ាងណា ជម្រុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ ។ លោកអភិបាលរងខេត្ត បានគូសបញ្ជាកផងដែរថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត និង គណៈកម្មាធិការជម្រុញចលនាភូមិ១ផលិតផល១ ថ្នាក់ខេត្ត នឹងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងន័យចូលរួមផ្សព្វផ្សាយជម្រុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ ព្រមទាំងបានណែនាំដល់ម្ចាស់ផលិតផល អាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឲ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន។
មានប្រសាសន៍នោះដែរឯកឧត្តម ផល សុជាតិ បានលើកឡើងថា ការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយមានសារៈប្រយោជន៍សំខាន់ ដល់ការអនុវត្តគោលនយោបាយជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ព្រោះវានឹងផ្ដល់លទ្ធភាពឲ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញសកម្មភាពអន្តរាគមន៍មានប្រសិទ្ធភាព ។ ឯកឧត្តមអគ្គលេខាធិការ ក៏បានជម្រុញឲ្យអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តន៍ធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិត តាមការដ្ឋានឲ្យបានយល់ច្បាស់ថែមទៀតអំពីសារៈសំខាន់ និងផលប្រយោជន៍សំខាន់ៗ ក្នុងការ ចូលរួមក្នុងការងារជម្រុញចលនាភូមិមួយផលិតផលមួយ ។ ឯកឧត្តមក៏បានធ្វើការណែនាំដល់ បងប្អូនផលិតករទាំងអស់ ត្រូវមានគំនិតកែច្នៃ ក្នុងការរចនាលើការខ្ចប់វិច ប្រកបទៅដោយសោភណ្ឌ អនាម័យ គុណភាព ដោយផ្តោតដល់ការលើកកម្ពស់ផ្នែកវប្បធម៌ ប្រពៃណីផងដែរ តាមរយៈការផ្តល់ការយកចិត្តទុកដាក់ ទៅលើផលិតផលតាមមូលដ្ឋាន ដែលមានចរិកឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ ប្រពៃណីរបស់តំបន់ និងបង្កើតមោទនភាពដល់ប្រជាសហគមន៍ និង មូលដ្ឋានដែលខ្លួនកំពុងរស់នៅ ។ ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ នឹងផ្តល់លទ្ធភាពយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានាដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជម្រុញឲ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ធ្វើការណែនាំ និងពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យយល់ច្បាស់ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិ១ផលិតផល១ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *