បច្ច័យជាង១៣០លាន រៀលទទួលបានពីអង្គកឋិនទានមហាសាមគ្គី ផ្តួចផ្តើមដោយឯកឧត្តម សៀង ណាំ ត្រូវបាន គណៈ កម្មការវត្តទុកសម្រាប់ជួសជុលដំបូលព្រះវិហារ

សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា បណ្ឌិត សៀង ណាំ តំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកជំទាវ ព្រមទាំងក្រុមញាតិ បានផ្តួចផ្តើម និងមូលមតិគ្នាជាឯកច្ចឆ័ន្ទ រៀបចំអង្គកឋិនសាមគ្គីដង្ហែទៅកាន់វត្តអារញ្ញហេមវ័ន្តហៅវត្តព្រៃធំស្ថិតក្នុងសង្កាត់ស្រង៉ែក្រុងសៀមរាបខេត្តសៀមរាប ដើម្បី ប្រគេនដល់ព្រះភិក្ខុសង្ឃដែលគង់ចាំវស្សាអស់រយៈពេលបីខែកន្លងមកទុកប្រើប្រាស់ជាប្រយោជន៏ ក្នុងវិស័យព្រះពុទ្ធសាសនារបស់វត្ត និងជាពិសេសដើម្បីយកថវិកាដែលទទួលបានពីអង្គកឋិន ទុកសម្រាប់ជួសជុលដំបូលព្រះវិហារ។
កឋិនទាន នេះទទួលបានថវិកាសរុបចំនួន១៣៨លានរៀល រួមជាមួយនឹងសម្ភារជាបរិវារកឋិនជាច្រើនទៀតផងដែរ។ យោងតាមគណៈកម្មការវត្ត ថាថវិកាទាំងនេះនឹងទុកយកទៅប្រើប្រាស់សម្រាប់ការជួសជូលកែលំអដំបូលព្រះវិហារដែលកំពុងមានសភាពចាស់ទ្រុឌទ្រោម ។
តំណាងប្រជាពុទ្ធបរិស័ទ និងក្នុងនាមជាសាសនូបត្ថម្ភលើវិស័យព្រះពុទ្ឋសាសនា ឯកឧត្ដម អ្នកឧកញ៉ា សៀង ណាំ បានកោតសរសើរ ថ្លែង អំណរគុណនិងជូនពរចំពោះម្ចាស់ទាន ទាំងអស់ដែលបានរួមចំណែកបរិច្ចាកទាំងថវិកានិងពេលវេលា ចូលរួមដង្ហែរអង្គកឋិនមកកាន់ទីនេះ និងបានអំពាវនាវ ដល់ឯកឧត្តម លោកជំទាវ លោក លោកស្រីជាពុទ្ធបរិស័ទទាំងអស់ បន្តជួយឧបត្ថម្ភ កសាងកែលំអហេដ្ឋារចនាសម្ព័ន្ឋវត្តនេះធំ ទុកសម្រាប់កូនចៅរបស់យើងទាំងអស់គ្នា និងដើម្បីរួមគ្នាលើកស្ទួយវិស័យព្រះពុទ្ឋសាសនាឱ្យកាន់តែរីកចម្រើន និងឋិតថេរយូរអង្វែងហើយការរួមសាមគ្គីគ្នារៀបចំជាអង្គកឋិននេះឡើង ក៏ជាផ្នែកមួយដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍវិស័យពុទ្ឋចក្រ ដែលវិស័យនេះតែងតែដើរទន្ទឹមគ្នាជាមួយវិស័យអាណាចក្រមិនអាចខ្វះមួយណាបានឡើយ ដើម្បីចូលរួមជួយស្តារនិងអភិវឌ្ឍន័សង្គមជាតិឱ្យបានរីកចំរើនទៅមុខទៀត។ ឯកឧត្តម មានប្រសាសន៍ថា៖ វិស័យព្រះពុទ្ធសាសនានៅកម្ពុជា កំពុងមានការរីកចម្រើនជាបន្តបន្ទាប់ ការរីកចម្រើននេះគឺអាស្រ័យដោយ ប្រទេសជាតិមានសុខសន្តិភាព ពិតប្រាកដ ហេតុនេះ បងប្អូនប្រជាពលរដ្ឋ គួរមើលឱ្យឃើញពីតួនាទីនិងសារៈសំខាន់នៃសន្តិភាពនិង ត្រូវចេះការពារសន្តិភាព ពីព្រោះ សន្តិភាពរកបានដោយលំបាក យើងត្រូវរួមគ្នារក្សាសន្តិភាពនេះឱ្យស្ថិតស្ថេរគង់វង្ស ហើយការរីកចម្រើនទាំងអម្បាលមាណនេះ ក៏ផ្តើមចេញពីកម្លាំងនៃសទ្ឋា មហាសាមគ្គី របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន សប្បុរសជន និង ប្រជាពុទ្ធបរិស័ទជិតឆ្ងាយផងដែរ ។
បុណ្យកឋិនទាន ជាទានមួយដែលប្លែកពីទានដទៃៗឯទៀត គឺ៖ប្លែកដោយកាល មានត្រឹមតែ២៩ ថ្ងៃតែប៉ុណ្ណោះ ប្លែកដោយអានិសង្ស អ្នកប្រគេនក៏បានអានិសង្ស និងអ្នកទទួលក្រាលគ្រងអនុមោទនាក៏បានអានិសង្ស។គឺជាបុណ្យ ប្លែកដោយអំពើ គឺធ្វើតាមព្រះវិន័យដែលព្រះពុទ្ឋបរមគ្រូទ្រង់បានបញ្ញតិទុកមក។ ប្លែកដោយវត្ថុ គឺវត្ថុសម្រាប់កឋិនមាន៣ សង្ឃាដី ចីវរ ស្បង់ តែប៉ុណ្ណោះ ក្រៅពីនោះជាបរិវាររបស់កឋិន។ កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រងនិងអ្នកអនុមោទនាផង។ កម្មវិធីបុណ្យកឋិនទាននេះ បានប្រារព នៅថ្ងៃទី១៥និង១៦ខែវិច្ឆិកាឆ្នាំ២០២៣។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *