សៀមរាប៖ ដោយសារស្ថានភាពភូមិ សាស្ត្រនៃវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត មានអំណោយផលល្អនៅក្បែរបារាយណ៍ទឹកថ្លា ព្រះគ្រូចៅអធិការវត្តបានផ្តួចផ្តើមរៀបចំពិធីប្រណាំងទូកលក្ខណៈប្រពៃណីរយៈពេលពីរថ្ងៃគឺនៅថ្ងៃទី១១និងទី១២ខែវិច្ឆិកាឆ្នាំ២០២៣ រួមជាមួយនិងការទទួលទានអាហារបែបសប្បាយៗដោយសេរី ជូនដល់បងប្អូនដែលមកចូលរួមក្នុងអង្គកឋិនទានសាមគ្គី។ ការរៀបចំប្រណាំងទូកជាមួយអង្គកឋិនទាន វត្តបានធ្វើឡើងចំនួន៦លើកមកហើយ ដើម្បីអបអរសាទរ អង្គកឋិនទានសាមគ្គីដែលបានដង្ហែចូលវត្តនេះផងនិង ដើម្បីញ៉ាំងទឹកចិត្តបងប្អូនប្រជាពលរដ្ឋរួមគ្នា អភិរក្សថែរក្សាប្រពៃណី ទំនៀមទំលាប់និងជួយលើកកំពស់វិស័យព្រះពុទ្ឋសាសនា ក៏ដូចជាពញ្ញាក់ដល់អ្នកទេសចរណ៍និងបងប្អូនប្រជាពលរដ្ឋជិតឆ្ងាយឱ្យស្គាល់ទីអារាមដ៏ចំណាស់មួយនេះផងដែរ។
ព្រះសច្ចានុបាល នឿម វុទ្ឋី ភទ្ទកោ ព្រះរាជា គណៈកិត្តិយស ជាព្រះចៅអធិការវត្ត មានសង្ឃដីកាថា៖ពិធីប្រណាំងទូក បែបប្រពៃណីនេះ ប្រារព្ធឡើងក្នុងគោលបំណង ដើម្បីរួមគ្នាថែរក្សាប្រពៃណីរវាងវត្តនិងសហគមន៍ដែលធ្លាប់មានពីមុនមកកុំឱ្យបាត់បង់ ដើម្បីរំឭកដឹងគុណចំពោះវត្ថុសក្កិសិទ្ធិ និងអស់លោកអ្នកទាំងឡាយដែលតែងតែអភិបាល រក្សានូវទីអារាមរបស់យើងនេះ ឱ្យបានសុខសាន្តនិងសម្បូរសប្បាយ។ រក្សាប្រពៃណីទំនៀមទំលាប់របស់ខ្មែរ និងក៍គឺដើម្បីញ៉ាំងអង្គកឋិនសាមគ្គីឱ្យរឹងរឹតតែអឹកធិក និងជាពិសេសដើម្បីរំលឹកនឹកគុណដល់កងទ័ពជើងទឹកដែលបានទទួលជោគជ័យលើខ្មាំងសត្រូវឈ្លានពានមកលើទឹកដីខ្មែរកាលពីសម័យមហានគរ។សរុបសេចក្តីមក ការប្រារព្ធពិធីនេះនិងពិធីនានាតាមលំអានទំនៀមទំលាប់របស់ខ្មែរសុទ្ធដែលបញ្ជាក់ពីការដឹងគុណបុព្វបុរស និង ដូនតា ដែលជាវប្បធម៌ដ៏ថ្លៃថ្លៃរបស់ ពូជខ្មែរអ្នកសាងអង្គរ និងបានជាគតិអប់រំថា មានតែអ្នកធ្វើល្អ តែប៉ុណ្ណោះ ដែលគេនឹកគុណ ដឹងគុណ និងតបគុណ។ ព្រះសច្ចានុបាល បន្តថា៖ការប្រណាំងទូកនេះរៀបចំឡើងតាមរយៈការសហការគាំទ្រពីអាជ្ញាធរ មូលដ្ឋាន អាជ្ញាធរជាតិអប្សរា កងកម្លាំងមានសមត្ថកិច្ចគ្រប់ផ្នែក និងប្រជាពុទ្ឋបរិស័ទក្នុងភូមិចំណុះជើងវត្ត។ មានព្រះថេរដិកាក្នុងពិធីបិទការប្រណាំងទូក កាលពីរាត្រីថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០២៣ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិទ្ធិ សមុហ៍គណខេត្ត បានចាត់ទុកការរៀបចំឱ្យមានពិធីប្រណាំងទូកឱបស្ទបជាមួយនឹងអង្គកឋិនទាន ថាជាការលើកតម្កើងវប្បធម៌ជាតិ តាមរយៈព្រះពុទ្ធសាសនា ព្រោះថា ព្រះពុទ្ធសាសនាបានដើរតួនាទីយ៉ាងសំខាន់និងមានគុណតម្លៃមិនអាចកាត់បានចំពោះ សង្គមខ្មែរស្ទើរគ្រប់វិស័យ ដូចជាវិស័យសុខាភិបាល វិស័យសង្គមកិច្ច វប្បធម៌ នយោបាយ អប់រំ ជាដើម។ ព្រះអង្គ មានថេរដីកាថា៖តាមរយៈពិធីនេះ នឹងបន្តជំរុញលើកស្ទួយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរយើង ជាពិសេស ទំនៀមទម្លាប់ អ្នកស្រុកអង្គរ បារាយណ៍ទឹកថ្លារបស់យើងបានល្អប្រសើរ ដោយយុវជនយើងខិតខំរៀនសូត្រយកចំណេះជំនាញ ប្រកបដោយក្រមសីលធម៌ ដើម្បីជាសរសរទ្រូងដ៏រឹងមាំរបស់ប្រទេសជាតិទៅថ្ងៃខាងមុខ ។លោកឧត្តមសេនីយ៍ត្រី ស៊ុន ចំណាន ស្នងការរងនគរបាលខេត្ត បានមានប្រសាសន៍ថា៖រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងក្នុងការថែរក្សានូវវប្បធម៌ប្រពៃណីជាតិ។ ជាក់ស្ដែង ការអភិរក្សថែរក្សាព្រះរាជពិធីបុណ្យអុំទូកនេះ ព្រមទាំងថែរក្សា ការពារ អភិរក្ស និង អភិវឌ្ឍបេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចីរភាព ធ្វើយ៉ាងណារក្សានូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមត៌កដ៏មានតម្លៃនេះទៅដល់កូនចៅជំនាន់ ក្រោយៗទៀត។ សូមជំរាបថា៖ វត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ស្ថិតនៅប៉ែកខាងត្បូងជាប់នឹងអាងបារាយណ៍ទឹកថ្លា ក្នុងសង្កាត់ទឹកវិល ក្រុងសៀមរាប បានរៀបចំពិធីប្រណាំងទូក (ត្រី)លក្ខណៈប្រពៃណីឆ្នាំនេះមានរយៈពេលពីរថ្ងៃនៅថ្ងៃទី១១និង១២ខែវិច្ឆិកាឆ្នាំ២០២៣មានទូកចូលរួម ៣៣ ទូក ទាំងទូកបុរស ទាំងទូកនារី ទូកនីមួយៗចំណុះ៦នាក់ និងកុមរា កុមារី អុំចានដែកចំនួន២០នាក់ ។ លទ្ឋផលនៅវគ្គផ្តាច់ព្រ័ត្ត ទូកលេខ៣ដល់លេខ១ផ្នែកបុរសនិងនារី ទទួលបានថវិកា ចំនួន ៣៥០. ០០០រៀល ទៅ ៥០០ .០០០រៀល អ្នកពុំទទួលបានជ័យលាភី ក្នុងមួយទូកទទួលបានថវិកាចំនួន ២៥០. ០០០ រៀល កុមារអុំចានដែកលេខ ១ បានថវិកា ៨០ .០០០ រៀល លេខ ២ បានថវិកា ៦០ .០០០ រៀលលេខ ៣ បានថវិកា ៥០ .០០០រៀល។ រីឯកីឡាករ ១៧ នាក់ទៀតដែលពុំទទួលបានជ័យលាភី ទទួលបានថវិកា ម្នាក់ចំនួន ៤០. ០០០ រៀលផងដែរ៕