ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ រៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ

សៀមរាប៖ ព្រះចៅអធិការវត្តស្វាយរមៀត បានសហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូកប្រពៃណី រយៈពេលពីរថ្ងៃ នៅបារាយណ៍ទឹកថ្លានៃរមណីយដ្ឋានអង្គរ ដើម្បីអបអរសាទរបុណ្យកឋិនទានសាមគ្គី និងដើម្បីរំឭកមនុស្សឱ្យចេះ ថែរក្សាការពារទឹកដីឱ្យចេះស្រឡាញ់គោរពព្រះធរណីគង្គា គឺទឹកដី និងឲ្យចូលរួមសម្អាតបរិស្ថានឱ្យបានស្អាតល្អ ឈ្មោះថា ព្រះធរណីគង្គា។
ព្រះសច្ចានុបាល នឿម វុទ្ធី ចៅអធិការវត្តបារាយមហានទីរតនារាម ហៅវត្តស្វាយរមៀត ក្រុងសៀមរាប មានសង្ឃដីកាថា ពិធីប្រណាំងទូកប្រពៃណីនេះ ធ្វើឡើងចំនួន២ថ្ងៃចាប់ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែវិច្ឆិកាឆ្នាំ២០២៣ ដែលមានទូកចូលរួមប្រណាំង ចំនួន ១៧ គូ (ទូកនារី ៣ទូក) ហើយមានកីឡាករចំណុះក្នុងមួយទូក ៦ នាក់ ក្នុងនោះ ក៏មានកីឡាករប្រណាំង ចានដែក ចំនួន ១០គូ ស្មើនឹង ២០នាក់ទៀត។ សរុបកីឡាករ ការិនីទាំងអស់ មានចំនួន ២៣៦ រូប។ ពិធីប្រកបដោយភាពមហោឡារិក និងអធិកអធ័ម នាពេលនេះក៏មានអមដោយពិធីបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកផងដែរ ដែលមានជាប់ទាក់ទងនឹងព្រះពុទ្ធសាសនា គឺដើម្បីគោរពបូជាចំពោះព្រះចង្កូមកែវរបស់ព្រះសម្មាសម្ពុទ្ធនៅ ភុជង្គនាគផង និង ដើម្បីរំឭកដល់ទន្សាយព្រះពោធិសត្វ សស បណ្ឌិតផង។ ការប្រារព្ធពិធីនេះនឹងពិធីនានារបស់ខ្មែរសុទ្ធតែបញ្ជាក់ពីការដឹងគុណបុព្វបុរសដែលពូជខ្មែរអ្នកសាងអង្គរជាវប្បធម៌ដ៏ថ្លៃថ្លៃរបស់ខ្មែរ។
លោកឧត្តមសេនីយ៍ត្រី សួន ចំណាន ស្នងការរងនៃស្នងការដ្ឋានខេត្ដសៀមរាប បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចបវរធិបតី នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់គិតគូរយ៉ាងខ្លាំងក្នុងការថែរក្សានូវវប្បធម៌ប្រពៃណីជាតិ។ ជាក់ស្ដែង ការអភិរក្សថែរក្សាព្រះរាជពិធីបុណ្យអុំទូកនេះ ព្រមទាំងថែរក្សា ការពារ អភិរក្ស និង អភិវឌ្ឍ បេតិកភណ្ឌវប្បធម៌ជាតិប្រកបដោយចិរភាព ធ្វើយ៉ាងណារក្សានូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស ស្របតាមទស្សនទាន «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» សំដៅទាញយកប្រយោជន៍សមស្រប សម្រាប់ការអភិវឌ្ឍប្រទេស និងផ្ទេរមត៌កដ៏មានតម្លៃនេះទៅដល់កូនចៅជំនាន់ ក្រោយៗទៀត។លោកឧត្តមសេនីយ៍ត្រី សួន ចំណានក៍បានកោតសរសើរ ថ្លែងអំណរគុណចំពោះព្រះចៅអធិការនិងគណៈកម្មការគ្រប់ផ្នែកទាំងអស់ដែលបានខិតខំរៀបចំពិធីនេះឱ្យកើតឡើងដែលជាការរួមគ្នាបន្តថែរក្សានូវវប្បធម៌ទំនៀមទម្លាប់ដ៏ល្អរបស់យើងឱ្យបានស្ថិតស្ថេរគង់វង្ស ព្រមទាំងបានផ្តល់ភាពសប្បាយរីករាយយ៉ាងក្រៃលែងដល់បងប្អូនប្រជាពលរដ្ឋយើងអ្នកនៅក្នុងមូលដ្ឋាននេះ ក៏ដូចជាអ្នកបងប្អូនដែលអញ្ជើញមកពីទីឆ្ងាយ បានមកបំពេញបុណ្យកុសលផង បានទស្សនាពិធីដ៏រីករាយផង៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *