សិក្ខាសាលាស្តីពី (ការកាត់បន្ថយការប្រើប្រាស់ ផលិតផលប្លាស្ទិកប្រើបាន តែមួយដង តាមទម្លាប់ចាស់)

ខេត្តសៀមរាប៖ បើកអង្គសិក្ខាសាលា ស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និង លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហ ប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីបរិស្ថាន មន្ទីរទេសចរណ៍ តំណាង (ICONE) និង(GIZ) អាជ្ញាធរ ក្រុង និង តំណាងសហគ្រិន , ម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈជាសិក្ខាកាម នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារ អង្គរមិរ៉ាខល។
មានប្រសាសន៍នោះដែរ លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា បានលើកឡើងថា នៅ លើភពផែនដីយើងនេះ បានរងផលប៉ះពាល់យ៉ាងខ្លាំងទៅលើកាកសំណល់ ប្លាស្ទិក ដែលបានបំពុលដល់បរិស្ថាន អនាម័យ ធម្មជាតិទៀតផង។ លោកក៏បានគូសបញ្ជាក់ថា ដើមី្បកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ នៅតាមលំនៅដ្ឋាន ឬ ភោជនីយដ្ឋាន សណ្ឋាគារ និង នៅតាមទីផ្សារ ទីប្រជុំជន គួតែយើងគ្រប់ៗគ្នាធ្វើការកាត់ បន្ថយការប្រើប្រាស់ប្លាស្ទិក ដោយជ្រើសរើសយកឧបករណ៍ដែលប្រើប្រាស់ហើយវាមិនប៉ះពាល់ដល់បរិស្ថានលើភពផែនដី និង ក្នុងទឹក ព្រមទាំងបង្កើតបាននូវជីវៈចម្រុះបម្រើដល់ធម្មជាតិ និង ផលប្រយោជន៍ដល់យើងផងដែរ។ ម៉្យាងទៀតដោយក្រុងសៀមរាប ជាក្រុងគំរូមួយនៅតំបន់អាស៊ាន ក្នុងវិស័យទេសចរណ៍ នឹងបានកំពុងឆ្ពោះទៅជាក្រុងគ្មានប្រើប្លាស្ទីក សម្រាប់ទៅអនាគត។
មានប្រសាសន៍បើកអង្គសិក្ខាសាលានោះដែរ លោក យុន លីនណេ បានលើកឡើងថា ករណីការប្រើប្លាស្ទិកនេះ គឺមានហានីភ័យដល់យើងគ្រប់គ្នា ក្រោយពីយើងប្រើប្រាស់រួចមិនបានទុកដាក់ត្រូវ គឺធ្វើបំពុលដល់បរិស្ថានលើភពផែនដី ព្រម ទាំងប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ដោយមិនដឹងខ្លួនទៀតផង។ លោកអភិបាលរងខេត្តបានបញ្ជាក់ថា សិក្ខាសាលា នេះ គឺពិតជាមានសារៈសំខាន់ ខ្លំាងណាស់ ចំពោះអាជីវករពាក់ព័ន្ធទំាងអស់ ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ក្នុងការបង្កើនការយល់ដឹងពីការគ្រប់គ្រងកាកសំណល់ និង ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង នៅក្នុងភោជនីយដ្ឋាន ហាងកាហ្វេ និងកន្លែងលក់ម្ហូបអាហារទាំងអស់ក្នុងខេត្តសៀមរាប ហើយក៏ដូចជា ការផ្តល់ឱកាសដល់អាជីវករក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ បានចែករំលែកពីបទពិសោធន៍ជោគជ័យ ក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបាន តែមួយដង និងការអនុវត្ត ដែលគិតគូរពីបរិស្ថានក្នុងការប្រកបរបរអាជីវកម្មរបស់ខ្លួនផងដែរ។ បន្ថែមពីលើនេះ ការប្រមូលធាតុចូលពីម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធ អំពីបញ្ហាប្រឈម និងដំណោះស្រាយក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដងពិតជាមានសារៈ សំខាន់ក្នុងការបង្កើនទស្សនទានជារួម ដើម្បីជំរុញឱ្យមានការកាត់បន្ថយ និង ឈានទៅរកបញ្ឈប់ការប្រើប្រាស់ប្លាស្ទិកប្រើបានតែមួយដងតាមទម្លាប់ចាស់ ។ ម៉្យាងទៀតវិស័យម្ហូបអាហារ និងភេសជ្ជៈដើរតួនាទីយ៉ាងសំខាន់លើផ្នែកសេដ្ឋកិច្ច និង ឧស្សាហកម្មទេសចរណ៍។ ជាសំខាន់ក្នុងខេត្តសៀមរាប វិស័យនេះ បានទាក់ទាញភ្ញៀវទេសចរជាប្រចាំ ដោយការទទួលទានអាហារនៅភោជនីយដ្ឋាន ហាងកាហ្វេ និងអាជីវកម្មម្ហូបអាហារផ្សេងៗទៀត។ ដោយសារមានការកើនឡើងព្រមគ្នានៃការប្រើប្រាស់ផលិតផលប្លាស្ទិកក្នុងវិស័យនេះ យើងត្រូវការជាចាំបាច់ នូវវិធីសាស្ត្រ និងដំណោះស្រាយថ្មីៗ ប្រកបដោយនិរន្តរភាព និងកិច្ចខិតខំប្រឹងប្រែងពី អ្នកពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ។

គួរបញ្ជាក់ផងដែរថា កាកសំណល់ប្លាស្ទិក កើតចេញមកពីការវិចខ្ចប់អាហារទៅក្រៅ ការផ្ដល់សេវាកម្មដល់អតិថិជនដោយផ្ដោតលើគុណភាព និងអនាម័យ និងកត្តាគួបផ្សំដទៃទៀត ដែលបណ្ដាលឲ្យមានបញ្ហាប្រឈមក្នុងការគ្រប់គ្រងសំរាមសំណល់រឹង។ ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្តសៀមរាបជាមួយទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) និងសមាគមក្លឹបទេសចរណ៍សៀមរាប បានសហការយ៉ាងជិតស្និទ្ធ ដើម្បីពង្រឹងសមត្ថភាពដល់អ្នកពាក់ព័ន្ធមកពីវិស័យសាធារណៈ និងឯកជន ដើម្បីកែលំអរការគ្រប់គ្រងសម្រាម សំណល់រឹងនៅក្នុងទីក្រុង និងលើកកម្ពស់ការកែច្នៃឡើងវិញ។ ខេត្តសៀមរាប ជាខេត្តមួយក្នុងចំណោមខេត្តផ្សេងទៀត ដែលកំពុងសិក្សាសាកល្បងលើកកម្ពស់ការគ្រប់គ្រងសម្រាម សំណល់រឹងនៅក្នុងទីក្រុង ប្រកបដោយនិរន្តរភាព និងគិតគូរពីតួនាទីរបស់យេនឌ័រ ដើម្បីជាគំរូដល់ទីក្រុងដទៃយកទៅសិក្សា និងអនុវត្ត ព្រមចែករំលែកទៅកាន់ប្រទេសឯទៀតជាសមាជិកនៅក្នុងអាស៊ាន។ ក្នុងនោះដែរ លោកអភិបាលរងខេត្ត ក៏បានលើកទឹកចិត្តឲ្យសហគ្រិន តំណាងម្ចាស់អាជីវកម្ម និងអ្នកពាក់ព័ន្ធក្នុងវិស័យម្ហូបអាហារ និងភេសជ្ជៈ ចូលរួមចំណែកនៅក្នុងការកាត់បន្ថយការប្រើប្រាស់ផលិតប្លាស្ទិកប្រើបានតែមួយ និងបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអនុវត្តសកម្មភាពអាជីវកម្ម ត្រូវគិតគូរពីបរិស្ថាន ព្រមទាំងបានជម្រុញដល់សិក្ខាកាមទំាងអស់ចូលរួមពិភាក្សាឲ្យបានផុសផុល ដើម្បីផ្តល់ធាតុចូលឲ្យបានគ្រប់ជ្រុងជ្រោយ និងប្រព្រឹត្ដទៅប្រកបដោយជោគជ័យ៕

ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *