សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបានបើកកិច្ចប្រជុំក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្តក្រោមកិច្ចដឹកនាប្រជុំដោយលោក ពិន ប្រាកដ អភិបាល រងខេត្ត និងជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។
មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះដែរ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប បើកកិច្ចប្រជុំក្រោប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្ត នាពេលនេះគឺមានគោលបំណង បង្កើនទំនាក់ទំនង និងកិច្ចសហការល្អក្នុងការឆ្លើយមេរោគអេដស៍ជំងឺអេដស៍ និងពង្រឹងសកម្មភាព បទអន្តរាគមន៍ និងការចូលរួមជាពហុវិស័យឆ្លើយតបការរាលដាលមេរោគអេដស៍ នៅក្នុងខេត្តសៀមរាបប្រកប ដោយប្រសិទ្ធភាព និង ពិនិត្យលើសកម្មភាពបទអន្តរាគមន៍បន្ថែមដើម្បីអនុវត្តទីក្រុងពន្លឿនការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តសៀមរាប និងឈានសម្រេចគោលដៅ៩៥.៩៥.៩៥ ព្រមទាំងសម្របសម្រួលដោះស្រាយនូវឧបសគ្គ និងបញ្ហា ផ្សេងៗអំពីសកម្មភាព បទអន្តរាគមន៍ ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍នៅខេត្តសៀមរាបផងដែរ ។ នៅក្នុងកិច្ចប្រជុំនោះដែរ ក៍បានធ្វើការពិភាក្សាអំពី៖ កិច្ចសហការ និងចូលរួមជាពហុវិស័យឆ្លើយតបជំងឺអេដស៍ និងការអនុវត្តទីក្រុងពន្លឿនឆ្លើយតបមេរោគអេដស៍ខេត្ត គឺមានដូចជា ១. ការរៀបចំ និងធ្វើបច្ចុប្បន្នភាពគណៈ កម្មការអេដស៍ក្រុង-ស្រុក ឃុំ-សង្កាត់ ២. ការរៀបចំ និងដាក់បញ្ចូលសកម្មភាពអេដស៍ក្នុងផែនការវិនិយោគឃុំ-សង្កាត់ និងទី៣.ការប្រើប្រាស់ថវិកាអនុវត្តសកម្មភាព ឃុំ-សង្កាត់ ។យោងតាមរបាយការណ៍ របស់លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបបានបញ្ជាក់ថា ៖ក្នុងខេត្តសៀមរាបគឺមាន ឃុំ-សង្កាត់ចំនួន១០០ ហើយក្នុងនោះឃុំ-សង្កាត់ដែលបានដាក់បញ្ចូលផែនការអេដស៍ឆ្នាំ២០២៣នៅតាមក្រុង-ស្រុកក្នុងខេត្តសៀមរាបគឺមានចំនួនតែ៣៦ឃុំ-សង្កាត់តែប៉ុណ្ណោះ ហើយក្នុងនោះដែរនៅក្នុងក្រុងសៀមរាបគឺបានអនុវត្តគ្រប់សង្កាត់ទាំង១២ ហើយនៅក្រុងសៀមរាបមានអ្នកជំងឺអេដស៍ (តាមប្រភពពី Data Based ART site ) ចំនួន២,៣៥៦នាក់ (ស្រ្តីមានចំនួន១,០៧៥នាក់ ) ចំពោះអ្នកជំងឺអេដស៍ដែលមាននៅក្នុងខេត្តសៀមរាបទាំងអស់សរុបមានចំនួន៤,៩០៩ នាក់ (ស្ត្រី២,៣១៣នាក់) ក្នុងនោះអ្នកជម្ងឺអេដស៍ក្រៅខេត្តមានចំនួន៤២៣ (ស្រ្តី២១០នាក់) ។ ក្នុងនោះដែរលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបបានសន្និដ្ឋានថា រក្សាបាននូវសមិទ្ធិផលនៃគោលដៅព្យាបាល ៩០-៩០-៩០ (មាន៧៣% មេរោគត្រូវបានបង្រ្កាប) ស្ទើរតែគ្រប់អ្នកមេរោគ អេដស៍ដែលដឹងពីស្ថានភាពខ្លួន បានទទួលការព្យាបាល ។ មានការធ្លាក់ចុះនៃការឆ្លងថ្មីគឺស្ថិតក្នុងចំណោមស្ត្រី តែមានការកើនឡើងការឆ្លងថ្មីក្នុងចំណោមក្រុមបុរសអាយុ ១៥ ឆ្នាំ នឹងលើស ១៥ ឆ្នាំ សមាមាត្រនៃការឆ្លងថ្មី ខ្ពស់ ក្នុងចំណោម យុវវ័យ (អាយុ ១៥ -២៤ឆ្នាំ) ដូចនេះ យុវវ័យគឺត្រូវការទទួលបាន ចំណេះដឹងពី ការបង្ការ ការធ្វើតស្ត គឺមានសារៈសំខាន់ណាស់ ក្នុងការឈានទៅ ការកាត់បន្ថយការឆ្លងថ្មី ហើយមានការកាត់បន្ថយការចំលងរោគពីម្ដាយទៅកូនមិនទាន់សម្រេចបានតាមទិសដៅនៅលើយទេ ។ ចំពោះបញ្ហាប្រឈមអត្រាឆ្លងថ្មីនៃមេរោគអេដស៍ នៅតែមានកម្រិតខ្ពស់ ក្នុងចំណោមក្រុមប្រឈមមុខគឺ អត្រានៃអ្នកដឹងអំពីស្ថានភាពផ្ទុកមេរោគអេដស៍របស់ខ្លួន ទើបតែសម្រេចបាន (៨៦%) . ការលេចឡើងនូវឥរិយាបទប្រឈមថ្មីៗ ដូចជា ការប្រើប្រាស់គ្រឿង ញៀននៅពេលរួមភេទ (Chemsex) ដោយមិនបានបង្ការការឆ្លងមេរោគអេដស៍។ អត្រាបោះបង់សេវា និង អត្រាស្លាប់ក្នុងងចំណោមអ្នកជំងឺទទួលសេវា ART នៅមានកម្រិតខ្ពស់. អត្រាគ្រប់ដណ្តប់ធ្វើតេស្ត Viral Load នៅមានកម្រិតទាបនៅតាមសេវា ART ដាច់ស្រយ៉ាលមួយចំនួន.សេវាបង្ការ និង ព្យាបាលជំងឺអេដស៍ ដែលផ្តល់ដោយសេវាសាធារណៈ ពុំទាន់មានភាពទាក់ទាញសម្រាប់ក្រុមប្រឈមមុខឱ្យមកប្រើប្រាស់សេវាផងដែរ ។ មានប្រសាសន៍ បិទកិច្ចប្រជុំនាពេលនោះផងដែរ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបក៍បានមានប្រសាសន៍នែនាំដល់គណៈកម្មាធិការប្រយុទ្ធ នឹង ជំងឺអេដស៍ខេត្តសៀមរាប និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវចូលរួមដោះស្រាយឧបសគ្គ និង បញ្ហាផ្សេងៗ អំពីសកម្មភាព ការឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍លើក្រុមការងារគោលដៅដែលប្រឈមមុខខ្ពស់។ លោក ក៍បានបន្តថា រដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ ត្រូវធ្វើបច្ចុប្បន្នភាពគណៈកម្មការអេដស៍មកលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត.រដ្ឋបាលក្រុង-ស្រុក ត្រូវផ្តល់របាយការណ៍អនុវត្តសកម្មភាពប្រចាំត្រីមាស ឬឆ្នាំឱ្យបានទៀងទាត់ រដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ បន្តការផ្សព្វផ្សាយអំពីមេរោគអេដស៍ ឱ្យបានកាន់តែទូលំទូលាយពិសេសកម្មវិធីធំធំដូចជា ពិធីបុណ្យអុំទូក និង ឆ្លងឆ្នាំសកលខាងមុខនេះ។ លោក ពិន ប្រាកដ ក៍បានមានប្រសាសន៍ណែនាំបន្ថែមទៀតថាចំពោះ រដ្ឋបាល ក្រុង-ស្រុក ឃុំ-សង្កាត់ ណាដែលមិនទាន់បង្កើតគណៈកម្មាធិការប្រយុទ្ធប្រឆាំងជំងឺអេដស៍ គឺត្រូវធ្វើឱ្យ បានមុនបំណាច់ឆ្នាំនេះគឺដើម្បីឱ្យលេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្ត បិនិត្យគ្រប់បណ្តាក្រុងស្រុកភ្ជាប់សេចក្តីសម្រេចគណៈកម្មាធិការអេដស៍តាមបណ្តាក្រុង-ស្រុក ឃុំ-សង្កាត់ដើម្បីរាយការណ៍ជូនឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពិនិត្យ៕