សៀមរាប៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ ខេត្តសៀមរាប របស់គណៈប្រតិភូអតីតយុទ្ធជនស្ម័ត្រចិត្តវៀតណាម អ្នកជំនាញការ និង សាច់ញាតិយុទ្ធជន ដែលបានពលីជីវិតនៅកម្ពុជា ក្នុងបុព្វហេតុសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបកម្ពុជាប្រជា ធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន ១១០នាក់ ដឹកនាំប្រតិភូដោយ លោក ត្រិញ វិញផា អនុប្រធានប្រចាំការនៃគណៈកម្មាធិការទំនាក់ទំនង អតីតជំនាញការវៀតណាមជួយដល់បដិវត្តកម្ពុជា និង ជាអនុប្រធានសមាគមមិត្តភាព វៀតណាម.កម្ពុជា អមដំណើរដោយ ឯកឧត្តម សំរិទ្ធ សារុន អនុប្រធានខុទ្ទកាល័យគណៈកម្មាធិការថ្នាក់កណ្តាលនៃគណបក្សប្រជាជនកម្ពុជា បានជួបសម្តែងការគួរសមសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តសៀមរាប ក្រោមការទទួលស្វាគមន៍ របស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត លោក ពិន ប្រាកដ អភិបាលរងខេត្ត តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នៅរសៀលថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត និង ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អាជ្ញាធរក្រុងផងដែរ ។
មានប្រសាសន៍ស្វាគមន៍នោះដែរ ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាល តែងតែគាំទ្រជាបន្តបន្ទាប់ និងផ្តល់ជំនួយនានាដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជានាពេលកន្លងមក ក៏ដូចជាពេលបច្ចុប្បន្ន។ ជាពិសេសចំពោះគុណបំណាច់ ដែលមិនអាចកាត់ថ្លៃបាន នៃការលះបង់ ឈាមស្រស់សាច់ស្រស់របស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលី ជីវិតក្នុងបុព្វហេតុ ជួយសង្រ្គោះអាយុជីវិតរបស់ប្រជាជនកម្ពុជាឲ្យរួចផុតពីការគ្រប់គ្រង នៃរបបព្រៃផ្សៃយង់ឃ្នង ប្រល័យពូជសាសន៍ ប៉ុល ពត រហូតទទួលបានជ័យជំនះ នាថ្ងៃទី០៧ ខែមករា ឆ្នាំ ១៩៧៩ ។ ឯកឧត្តមបានគូសបញ្ជាក់ថា រយៈ៤៤ឆ្នាំមកនេះ ខេត្តសៀមរាបបានខិតខំយ៉ាងលំបាក ក្នុងការស្តា កសាង និងអភិវឌ្ឍខេត្ត ឱ្យមានការរីកចម្រើនដូចពេលបច្ចុប្បន្ន ដោយមានការជួយឧបត្ថម្ភ គាំទ្រ ពីមិត្តភ័ក្ត ប្រទេសជាមិត្តជិតឆ្ងាយ សំខាន់គឺ រដ្ឋាភិបាលនិងប្រជាជនវៀតណាម ។ ក្នុងនោះដែរឯកឧត្តម ក៏បានបញ្ជាក់ជូនដល់គណៈប្រតិភូ អំពីកិច្ចទំនាក់ទំនងសហប្រតិបត្តិការជាមួយគ្នា ដោយខេត្តសៀមរាបមានការចងសម្ព័ន្ធ មេត្រីភាពជាមួយខេត្តចំនួនពីរ នៃសាធារណរដ្ឋសង្គមនិយមវៀតណាមផងដែរ ។ ឯកឧត្តម អ៊ាន ឃុន ក៏បានលើកផងដែរ អំពីកិច្ចសហការក្នុងការរុករកអដ្ឋិធាតុកងទ័ពស្ម័ត្រវៀតណាម ដែលបានពលីនៅលើទឹកដីខេត្តសៀមរាប ដោយបានរកឃើញ អដ្ឋិធាតុជាច្រើន និង បានធ្វើមាតុភូមិនិវត្តទៅកាន់មាតុប្រទេសខ្លួន ព្រមទាំងបន្តធ្វើការរុករកអដ្ឋិធាតុដែលនៅសេសសល់មួយចំនួន នៅតាមបណ្តាស្រុក ក្នុងខេត្តសៀមរាប ។ ឯកឧត្តមក៏បានលើកពីលទ្ធផលនៃការបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៧ នៅខេត្តសៀមរាប ។ ក្រោមគោលនយោបាយឈ្នះឈ្នះ ធ្វើឲ្យកម្ពុជាទទួលបានសុខសន្តិភាពពេញ លេញ សំខាន់ការអភិវឌ្ឍនៅខេត្តសៀមរាប ធ្វើឲ្យមានការប្រែមុខមាត់ និង ធ្វើឲ្យសោភណ្ឌភាពក្រុងទេសចរណ៍មួយនេះ បានធ្វើការទាក់ទាញអារម្មណ៍ភ្ញៀវទេសចរណ៍ជាតិ អន្តរជាតិ ជាពិសេសខេត្តសៀមរាបក៏បានទទួលនូវសមទ្ធិផលថ្មីមួយទៀត គឺអាកាសយានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ដែលនឹងនាំនូវភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាននានាលើសកលលោក ចូលមកកាន់កម្ពុជា ក៏ដូចខេត្តសៀមរាបផងដែរ ។
ប្រធានគណៈប្រតិភូលោក ត្រិញ វិញផា បានសម្តែងការអបអរសាទរចំពោះការអភិវឌ្ឍរបស់ខេត្តសៀមរាប លើគ្រប់ វិស័យ ហេដ្ឋារចនាសម្ព័ន ក្នុងខេត្ត ។ លោកក៏បានអបអរសាទរផងដែរចំពោះលទ្ធផលនៃការបោះឆ្នោតជ្រើសតំាងសមាជិករដ្ឋសភានីតិកាលទី៧ នាពេលកន្លងមកនេះ និង បានសម្តែងសុទិដ្ឋិនិយមថា ក្រោមម្លប់របស់ព្រះករុណាព្រះមហាក្សត្រ និងក្រោមការដឹកនាំរបស់ព្រឹទ្ធសភា សភា រាជរដ្ឋាភិបាល ប្រទេសកម្ពុជានឹងទទួលបានជោគជ័យថ្មីៗបន្តទៀត ។ លោកបានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអតីតយុទ្ធជនស្ម័ត្រចិត្តវៀតណាម អ្នកជំនាញការ និង សាច់ញាតិយុទ្ធជន នៅលើទឹកដីខេត្តសៀមរាប នាពេលនេះ ក្នុងការពង្រឹងពង្រីកនូវចំណងមិត្តភាពនៃប្រទេសទាំងពីរជាអមតៈ ។ ក្នុងនោះដែរ លោកប្រធានប្រតិភូ ក៏បានធ្វើការរំលឹកផងដែរ ពីអនុស្សាវរីយ៍របស់កងទ័ពស្ម័ត្រចិត្តវៀតណាម ដែលបានលះបង់អាយុជីវិត ដើមី្បបុព្វហេតុមនុស្សធម៌ សម្រាប់ប្រជាជនកម្ពុជា ឲ្យរួចផុតពីក្រញ៉ាំបនប្រល័យពូជសាសន៍ ប៉ុល ពត ព្រមទាំងចូលរួមការពារសុខសុវត្ថិភាពជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ឲ្យមានការរីកចម្រើន សំខាន់នៅលើទឹកដីខេត្តសៀមរាប ដែលបងប្អូន និង សាច់ញាតិដែលបានពលីជីវិតនៅទីនេះ មួយចំនួននៅមិនទាន់រកឃើញអដ្ឋិធាតុនៅឡើយ ហើយដែលជាភូមិសាស្ត្រ ស្មុកស្មាញបំផុតក្នុងសម័យសង្គ្រាមនោះ ។ លោកបានបន្តថា កម្ពុជា-វៀតណាម ជាមិត្តដ៏ល្អ មានទំនាក់ទំនងល្អលើគ្រប់វិស័យ ជាពិសេសមានទំនាក់ទំនងជាប្រវត្តិសាស្ត្រក្នុងការសាមគ្គីភាពគ្នាប្រយុទ្ធជាមួយសត្រូវរួមនៅក្នុងសម័យសង្គ្រាម ។ លោកសូមឲ្យទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ និងចំណងមិត្តភាពនៃប្រទេសទាំងពីរកាន់តែល្អប្រសើរទ្វេឡើង ដើម្បីភាពសុខសាន្ត និង ការរីកចម្រើនជីវភាពរស់នៅរបស់ប្រជាជន។ ម៉្យាងទៀត នេះជាប្រពៃណីនិងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងបក្ស រដ្ឋ រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ កម្ពុជា-វៀតណាម ឲ្យកាន់តែរឹងមាំខ្លាំងក្លាថែមមួយកម្រិតទៀត៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប