កំពង់ឆ្នាំង៖ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាអិការក្រសួងអប់រំយុវជននិងកីឡា និង លោក យិន សាវ៉េន អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង បំពេញវិជ្ជាសម័យ មណ្ឌលប្រឡងសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតនៅឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។
លោក ស៊ឹម ប្រឹម ប្រធានមន្ទីរអប់រំយុវជននិងកីឡាខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា ការប្រឡងបាក់ឌុបឆ្នាំ០២៣ ដែលប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែវិច្ឆិកានេះ ឆ្នាំ២០២៣ ខេត្តកំពង់ឆ្នាំងមានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៧៤បន្ទប់ ស្ថិតនៅក្រុងកំពង់ឆ្នាំងចំនួន៤មណ្ឌល និង ស្រុករលាប្អៀរចំនួន៤មណ្ឌល ដែលមានបេក្ខជនចូលរួមចំនួន៤៣៣០នាក់ ក្នុងស្រីចំនួន ២៣៦៧នាក់ ក្នុងថ្នាក់វិទ្យាសាស្រ្តចំនួន២មណ្ឌលចែកចេញជា៤២បន្ទប់ ១០៤៧នាក់ ស្រីចំនួន៦៩១នាក់។
លោក យិន សាវ៉េន បានលើកទឹកចិត្តដល់ក្មួយៗ ប្អូនៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់លទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។
ជាពិសេសការប្រឡងឆ្នាំនេះ ក្រសួងអប់រំ យុវជន និងកីឡាបានអនុវត្តយ៉ាងម៉ឺងម៉ាត់ចំពោះការប្រឡងនេះផងដែល ធ្វើយ៉ាងណា ឱ្យវិស័យអប់រំនៅកម្ពុជា កាន់តែមានគុណភាព មានន័យថា អ្នកចេះ គឺជាប់ ដូចនេះក្មួយត្រូវយកអស់បញ្ញាស្មារតី បញ្ចេញអស់សមត្ថភាព ក្នុងការប្រឡងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនេះ។
សូមបញ្ជាក់ថាៈរដ្ឋបាលខេត្តបានរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល អាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡង នោះផងដែរ ចំពោះសភាពការប្រឡងមានភាពប្រសើរដំណើរការប្រឡងភាពរលូន៕