ការប្រលងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២២.២០២៣


សៀមរាប៖ នៅព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលសិស្សានុ សិស្សនៅទូទាំងប្រទេស ចូលធ្វើការប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ។ នៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ព្រមទាំងឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្ត នៅតាមមណ្ឌលទាំង ១៦ក្នុងក្រុងសៀមរាបផងដែរ។
តាមការបញ្ជាក់របស់មន្ត្រីនៃមន្ទីរអប់រំយុវជន និងកីឡាខេត្ត បានឲ្យដឹងពីការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២២ .២០២៣នេះ មានចែកចេញជា ១៦ មណ្ឌលប្រឡង មាន ៤៣៦បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០ពាន់ ៨១៩ នាក់ ស្រី៦ពាន់២៥១នាក់ ។ ក្នុងនោះមានបេក្ខជនចំណេះទូទៅ ចំនួន ៩ពាន់ ៤៦៣ នាក់ , បេក្ខជនស្វ័យរិនចំណេះទូទៅ ១ពាន់២៣នាក់ ស្រី ៥៦៩នាក់ ,បេក្ខជនបំពេញវិជ្ជា ១៥៤នាក់ ស្រី៧៧នាក់ ,បេក្ខជនស្វ័យរិនបំពេញវិជ្ជា ១៧៩នាក់ ស្រី ៨៦នាក់។ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ មាន៥មណ្ឌល មាន១២៩បន្ទប់ បេក្ខជនចំនួន៣ពាន់១៧១នាក់ ស្រី ១ពាន់ ៩៨៧ នាក់ និង ថ្នាក់វិទ្យាសាស្ត្រសង្គម មាន១១ មណ្ឌល មាន៣០៧បន្ទប់ មានបេក្ខជនចំនួន៧ពាន់៦៤៨នាក់ ស្រី៤ពាន់២៦៤ នាក់។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន ១០មុខវិជ្ជា គឺ គណិតវិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។
មានប្រសាសន៍ក្នុងពិធីបើកកេះវិញ្ញាសារប្រឡងនោះឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត  និង ឯកឧត្តម ពិត ចំណាន រដ្ឋលេខាធិការក្រសួងអប់រំ យុវជននិង កីឡា ព្រមទាំងឯកឧត្តម លោកជំទាវក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត ក៏បានមានប្រសាសន៍ណែនាំ និង ផ្តាំផ្ញើមួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស និង ក្មួយៗជាបេក្ខជនទាំងពីរភេទបានឲ្យដឹងថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សា នៅ មធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកល វិទ្យាល័យផងដែរ។ ម៉្យាងទៀតសូមបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះ បណ្តាល ធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។
សូមបញ្ជាក់ផងដែរថា មុនពេលបេក្ខជនចូលទៅក្នុងមណ្ឌលប្រឡង អ្នកសារព័ត៌មានយើងបាន សង្កេតឃើញ ក្រោមការយកចិត្តទុកដាក់ខ្ពស់របស់ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា និង ក្រុមគណៈកម្មការ មេប្រយោគ រួមទាំងមន្ត្រី អង្គភាពប្រឆាំងអំពើពុករលួយ បានយកចិត្តទុកដាក់ខ្ពស់ ចំពោះបេក្ខជនចូលប្រឡង ធ្វើការលាក់បំបាំងទុកឯកសារយ៉ាងណាក៏ដោយ បានសហការគ្នាល្អ ធ្វើការឆែកឆេ និង ដកហូតនូវឯកសារទាំងនោះ ដោយមានការ ប្រុងប្រយ័ត្នខ្ពស់ មិនឲ្យឯកសារទាំងនោះហូរចូលទៅក្នុងបន្ទប់ប្រឡងបានឡើយ ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *