សៀមរាប៖ អគារមួយខ្នងមាន២បន្ទប់ ដែលជាអំណោយរបស់អង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ ផ្តល់តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ជូនដល់សិស្សានុសិស្សសាលាបឋមសិក្សាដំបូកខ្ពស់ ស្ថិតនៅភូមិដំបូកខ្ពស់ ឃុំតាសៀម ស្រុកស្វាយលើ ខេត្តសៀមរាប ត្រូវបានរៀបចំធ្វើពិធីក្រុងពលី សាងសង់ កាលពីចុងសប្តាហ៍ ថ្ងៃទី ០៤ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមាន ចូលរួមរបស់លោក អៀង ពិសិដ្ឋ អភិបាលនៃគណៈអភិបាលស្រុកស្វាយលើ លោក Bany Tennent តំណាងអង្គការរ៉ូតារីក្លឹប និង លោក ស៊ត់ ចន្ងា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា ដោយមានការអញ្ជើញចូលរួមពីមន្ត្រីរាជការ អាជ្ញាធរឃុំ ភូមិ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និង ប្រជាពលរដ្ឋផងដែរ ។ ពិធីក្រុងពាលីនេះ លោកគ្រូអាចារ្យបានធ្វើឡើងតាមបែបព្រហ្មញ្ញសាសនាសុទ្ធសាធ ដែលនៅក្នុងនោះរួមមាន ពីធីថ្វាយនូវគ្រឿងសក្ការៈ និង ប្រកាសឧទ្ទិសបួងសួង សូមបារមីវត្ថុស័ក្តសិទ្ធ ដោយមានបូជាព្រះភូមិ និងបូជាថ្វាយស្តេចក្រុងពាលី ដើមី្បសុំនូវសេចក្តីសុខ ក្នុងកិច្ចដំណើរការសាងសង់អគារសិក្សា នៅលើទឹកដីភូមិដំបូកខ្ពស់ឲ្យបានប្រព្រឹត្តទៅប្រកប ដោយភាពសុខសាន្ត ដល់ក្រុមជាង និង លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋផងដែរ ។
លោក អៀង ពិសិដ្ឋ ក៏បានធ្វើការសំដែងអំណរគុណ ចំពោះអង្គការរ៉ូតារីក្លឹប រ៉ក់ខាមតុន ហ្វីតស្សរោយ និង អង្គការចក្ខុវិស័យកម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់កិច្ចការស្តារ និង អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា ដែលបានសបញ្ជាក់ពីការផ្សាភ្ជាប់រវាងកិច្ចអភិវឌ្ឍ សេដ្ឋកិច្ចសង្គម ការបម្រើសេវាសាធារណៈ និង ប្រសិទ្ធភាព គុណភាព ស្តង់ដារអប់រំដែលអាចទទួលយកបាន ក្នុងស្ថានភាពនៃការរីកចម្រើនរបស់ពិភពលោកដែលយើងរស់នៅផងដែរ ។ លោកអភិបាលស្រុកបានលើកឡើងថា ការលើកស្ទួយគុណភាពខាងសុខភាព កាយសម្បទា សីលធម៌ ស្មារតីទទួលខុសត្រូវ និង មានមនសិការស្នេហាជាតិ វិជ្ជាជីវៈ ដោយគ្មានការរើសអើងខាងយេនឌ័រ រួមជាមួយនឹងប្រព័ន្ធ សុវត្ថិភាពសង្គមគត់មត់ ព្រមទាំងផ្តល់ឱកាសស្មើៗគ្នាដល់កុមារ និងយុវជន ក្នុងការទទួលការអប់រំទាំងអស់ ។ ក្នុងនោះដែរលោកក៏បានលើកនូវនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាអទិភាព ក្នុងការពង្រឹងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស ។ សារៈសំខាន់នៃការកែលម្អរ បរិស្ថានអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ លោកបានក៏បានគូសបញ្ជាក់ផងដែរថា វិស័យអប់រំមានតួនាទីយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍជាតិ ដោយកុមារ និងយុវជន និង មនុស្សពេញវ័យ ត្រូវទទួកបានការសិក្សា អប់រំពេញមួយជីវិត ដែលមានការពាក់ព័ន្ធ នឹង ឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ប្រកបដោយគុណភាពខ្ពស់ ។
មានចំណាប់អារម្មណ៍នោះដែរលោក Bany Tennent តំណាងអង្គការរ៉ូតារីក្លឹប ក៏បានសម្តែងនូវការអាណិតអាសូរ ចំពោះសិស្សទាំងអស់ ដែលចូលមកសិក្សា គ្មានទីជម្រកត្រូវទៅតាមស្តង់ដារ គរុកោសល្យអប់រំ ដែលធ្វើឲ្យសិស្សមានការ លំបាកក្នុងការរៀនសូត្រ ។ លោកបានបន្តទៀតថា អង្គការរ៉ូតារីក្លឹប បានផ្តល់អគារមួយចំនួននៅសាលាជនបទ នៅខេត្ត សៀមរាប ហើយនឹងបន្តជួយទៅដល់សាលាតាមភូមិដែលខ្វះខាតអគារនៅក្នុងស្រុកស្វាយលើ សម្រាប់ទ្រង់ទ្រាយតូច ព្រមទាំងជួយដល់វិស័យសង្គមកិច្ចទៀតផង។ លោក ស៊ត់ ចិន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានគូសបញ្ជាក់ថា អង្គការបានកំពុងរួមចំណែកយ៉ាងសកម្មលើកវិស័យអប់រំ , សុខុមាលភាព ,ទឹកស្អាត , អនាម័យ បរិស្ថាន និង ផ្គត់ផ្គង់ស្បៀងអាហារ និង ការកសាងអគារសិក្សានៅតាមមូលដ្ឋានជនបទនៅតាមស្រុកគោលដៅ ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួនទៀត ។
លោកស្រី លួន សាលីន នាយិការ សាលាបឋមសិក្សា ដំបូកខ្ពស់ បានបញ្ជាក់ឲ្យដឹងថា សាលាបឋមសិក្សានេះស្ថិតនៅ តំបនមាត់ញក នៃតំបន់ព្រៃភ្នំ ហើយដល់ពេលនេះមានអគារស្តង់ដារអប់រំ ១ខ្នង ៥បន្ទប់ និង រោងដោល ២ខ្នង មានសិស្សមក សិក្សា សរុប ២៤៩នាក់ ស្រី១១៦នាក់ ចាប់ពីថ្នាក់មត្តេយ្យ ដល់ថ្នាក់ទី៦ ។ នៅរាល់ថ្ងៃសិស្សទាំងអស់ បានទទួលការឧបត្ថម្ភអាហារមួយពេលផងដែរ ។ លោកនាយិការ ក៏មានការព្រួយបារម្ភនូវកង្វះអគារសិក្សា ដោយពីមួយឆ្នាំទៅមួយឆ្នាំ សិស្សមាន ការកើនឡើង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប