កិច្ចប្រជុំជាមួយរដ្ឋបាលខេត្តដើម្បីត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ

កំពង់ឆ្នាំង៖ កិច្ចប្រជុំស្តីពីការត្រៀមរៀបចំដំណើរការប្រឡងមធ្យមសិក្សាទុតិយភូមិ ត្រូវបានធ្វើឡើងនៅរដ្ឋបាលខេត្តកំពង់
ឆ្នាំង កាលពីរសៀលថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ឆ្នាំង លោក លី សុខចុង អគ្គនាយករងរដ្ឋបាល និងសន្តិសុខនៃអង្គភាពប្រឆាំងអំពើពុករលួយ និង លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ  លោក លោកស្រី ប្រតិភូថ្នាក់ជាតិ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពពាក់ព័ន្ធ និង អាជ្ញាធរក្រុង ស្រុក ផងដែរ។
លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា នៅខេត្តកំពង់ឆ្នាំង គណៈកម្មការរៀបចំការប្រឡងរបស់ខេត្ត បានត្រៀមរួចរាល់អស់ហើយ ទាំងបរិស្ថាន បរិវេណមណ្ឌលប្រឡង តាមបន្ទប់នៃមណ្ឌលប្រឡង ចំណែកកិច្ចការងារសន្តិសុខគណៈបញ្ជាការរដ្ឋបាលខេត្តក៏ត្រូវបានរៀបចំត្រៀមរួចរាល់ ហើយដែរតាមមណ្ឌលប្រឡង ។
លោក យិន សាវ៉េន បានបញ្ជាក់ទៀតថាៈ ចំណែកឯទីតាំងស្នាក់នៅបណ្តោះអាសន្ន និង កន្លែងផ្ញើកង់ម៉ូតូររបស់បេក្ខជនឥតគិតថ្លៃ ក្រុមការងារបានចុះធ្វើការសម្របសម្រួល និងសហការជាមួយក្រុមការងារ ស.ស.យ.ក ខេត្ត ក្រុង។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្ដម ប៊ូ ជុំសេរី អនុរដ្ឋលេខា ធិការក្រសួងអប់រំ យុវជន និងកីឡា និង ជាប្រធានគណៈមេប្រយោគទូទាំងប្រទេស ប្រចាំខេត្តកំពង់ឆ្នាំង និង លោក លី សុខចុង អគ្គនាយករងរដ្ឋបាល និង សន្តិសុខនៃអង្គភាពប្រឆាំងអំពើពុករលួយ បានបញ្ជាក់ថា ការប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ នឹងអនុវត្តន៍ដូចបណ្តាឆ្នាំកន្លងទៅដដែល ពង្រឹងការអនុវត្តច្បាប់ជាធរមាន ។

ឯកឧត្តមបានបញ្ជាក់ទៀតថាៈ ដើម្បីអោយដំណើរការប្រឡងនាពេលខាងមុខបានដំណើរការដោយរលូន ស្នើដល់អាជ្ញាធរខេត្ត អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមសហការជាមួយគណៈកម្មការមេប្រយោគនិង អង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីពង្រឹងការគោរពតាមច្បាប់ បទប្បញ្ញត្តិ លិខិតបទដ្ឋាន គតិយុត្តិ ជាធរមាន នៅគ្រប់មណ្ឌលប្រឡង ជាពិសេស គោរពបានយ៉ាងខ្ជាប់ខ្ជួន បទប្បញ្ញត្តិ សេចក្តីណែនាំផ្សេងៗ ធានាឱ្យបានត្រឹមត្រូវនៃការប្រឡង ។
សូមបញ្ជាក់ថាៈនៅខេត្តកំពង់ឆ្នាំង កាប្រឡងបាក់ឌុបឆ្នាំ២០២៣នេះ នឹងប្រព្រឹត្តិទៅនៅថ្ងៃទី៦ ខែវិច្ឆិកា មានមណ្ឌលប្រលងចំនួន៨នៅទូទាំងខេត្ត ចែកចេញជា១៧៤បន្ទប់ ស្ថិតនៅក្រុង កំពង់ឆ្នាំងចំនួន៤មណ្ឌល និង ស្រុករលាប្អៀរចំនួន ៤មណ្ឌល ដែលមានបេក្ខជនចូលរួមចំនួន៤៣៣០នាក់ ស្រីចំនួន២៣៦៧នាក់  ថ្នាក់វិទ្យាសាស្រ្តចំនួន២មណ្ឌលចែកចេញជា៤២បន្ទប់ ១០៤៧នាក់ ស្រីចំនួនន៦៩១នាក់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *