សៀមរាប៖ អគារសិក្សា ១ខ្នងមានពីរបន្ទប់ សាងសង់អំពីថ្ម ប្រកសង័្កសី ស្ថិតនៅភូមិថ្មគោល ឃុំ ត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ក្រោមការឧបត្ថម្ភគាំទ្រពីអង្គការ រ៉ូតារីក្លឹម រ៉ក់ខាមតុនហ្វីតស្សអាយ ផ្តល់តាមរយៈអង្គការចក្ខុវិស័យកម្ពុជា ត្រូវបានសម្ពោធ កាត់ខ្សែបូរដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី ០៣ ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោក ស៊ិន ចាន់ថុល អភិបាលនៃគណៈអភិបាលស្រុកពួក ព្រមទាំងមានការចូលរួមពីប្រធាន អង្គការ រ៉ូតារីក្លឹម អង្គការចក្ខុវិស័យកម្ពុជា ប្រធានការិយាល័យអប់់រំយុវជននិងកីឡាស្រុក និង អស់លោក លោកស្រីជាអាជ្ញាធរឃុំ សមាជិកអង្គការរ៉ូតាក្លឹប ម្ចាស់អំណោយ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ប្រមាណជា៤០០នាក់ចូលរួម ។
បន្ទាប់ពីចំណាប់អារម្មណ៍របស់លោក ស្ទីវ រីឆាត តំណាងអង្គការ រ៉ូតារីក្លឹម រ៉ក់ខាមតុន ហ្វីតស្សអាយ រួចមក លោក ស៊ត់ ចិន្ថា ប្រធានប្រតិបត្តិអង្គការចក្ខុវិស័យកម្ពុជា បានគូសបញ្ជាក់ថា អង្គការបានកំពុងរួមចំណែកយ៉ាងសកម្មលើកវិស័យ អប់រំ និង ផ្គត់ផ្គង់ស្បៀងអាហារ និង ការកសាងអគារសិក្សានៅតាមមូលដ្ឋានជនបទនៅតាមស្រុកគោលដៅ ក្នុងខេត្តសៀមរាប ក៏ដូចនៅតាមបណ្តាខេត្តមួយចំនួនទៀត។ លោកបន្តថា អគារសិក្សានេះ បានសាងសង់ដោយគម្រោង ជំនួនឧបត្ថម្ភ របស់អង្គការ រ៉ូតារីក្លឹម រ៉ក់ខាមតុន ហ្វីតស្សអាយ សម្រាប់ទ្រង់ទ្រាយតូច។ ដោយមានមើលនូវភាពខ្វះខាតជួបការ លំបាករបស់សិស្សានុ សិស្សនៅក្នុងសាលាបឋមសិក្សា បិងការ៉ា ថ្មគោល ដែលជាសាលាឧបសម្ព័នសាលាធិបតី ហើយពុំមានលទ្ធភាពទៅសិក្សានៅសាលាឆ្ងាយ និង ដោយអគារសិក្សានៅក្នុងភូមិ ខ្វះខាតនូវបន្ទប់សិស្សរៀនសូត្រ ។ លោកមានសង្ឃឹមជឿជាក់ថា អគារសិក្សានេះ និងផ្តល់នូវដល់សិស្សានុសិស្សប្រកបដោយបរិស្ថាន សុវត្ថិភាព និង ផាសុខភាពទៀតផង។ ដូច្នេះសូមសិស្សានុសិស្ស និង បងប្អូនជាអាណាព្យាបាលទាំងអស់ ចូលតួមជួយថែរក្សាអគារសិក្សាថ្មីនេះ និង ប្រើប្រាស់ឲ្យបានគង់វង្សបានយូអង្វែងផងដែរ ។
មានប្រសាសន៍នោះដែរលោក ស៊ិន ចាន់ថុល បានគូសបញ្ជាក់ថា ដើមី្បធានាគុណភាពនៃការអប់រំកម្រិត មតេ្តយ្យ ,បឋមសិក្សា និង អនុវិទ្យាល័យ ប្រមុខរាជរដ្ឋាភិបាលបានបង្កើឲ្យមានថ្នាក់មត្តេយ្យ និង បឋមសិក្សាតាមភូមិ អនុវិទ្យាល័យតាមឃុំ ដែលមានសារៈសំខាន់សម្រាប់សិស្សានុសិស្សទាំងអស់នៅកម្ពុជា ដើមី្បកសាងមាគ៌ាអប់រំពួកគេឆ្ពោះទៅដល់កម្រិតមធ្យមសិក្សាបឋមភូមិ។ ក្នុងនោះដែរលោកក៏បានលើកនូវនយោបាយយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចាត់ទុកវិស័យអប់រំជាអទិភាព ក្នុងការពង្រឹងពង្រីកវិស័យអប់រំទាំងបរិមាណ និងគុណភាព នៅគ្រប់គ្រឹះស្ថានសិក្សាទូទាំងប្រទេស។ សារៈសំខាន់នៃការកែលម្អរ បរិស្ថានអប់រំ គឺជាគន្លឹះដ៏សំខាន់ក្នុងការអភិវឌ្ឍន៍ធនធានមនុស្សនៅកម្ពុជា ។ លោកអភិបាលស្រុក ក៏បានលើកឡើងថា វិស័យអប់រំទាំងស្ថាប័នរដ្ឋនិងផ្នែកឯកជន ពិតជាមានតួនាទីសំខាន់ ក្នុងការរួមចំណែកដល់ការអភិវឌ្ឍជាតិ ដោយផ្ទេរចំណេះដឹងដល់កុមារ យុវជន និងមនុស្សពេញវ័យ ឲ្យទទួលបានការសិក្សា និងការអប់រំពេញមួយជីវិត ហើយការអប់រំត្រូវផ្តោតលើការកសាងជំនាញ និងការផ្តល់ឱកាសដល់សិស្សគ្រប់រូប ក្នុងការទទួលបាននូវចំណេះដឹងមូលដ្ឋាន ដើម្បីឈានទៅសិក្សាលើចំណេះជំនាញបច្ចេកទេស និង ជំនាញឯកទេសផ្សេងៗ ដើម្បីជាឈ្នាន់សម្រេចបានការអភិវឌ្ឍ ដែលផ្តល់អត្ថប្រយោជន៍ពេញលេញដល់គ្រប់ស្រទាប់យុវជន ក្នុងការកសាងអនាគតរបស់ខ្លួនប្រកបដោយគុណភាព ។ លោក ស៊ិន ចាន់ថុល បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការបន្តកសាង និងអភិវឌ្ឍន៍ធនធានមនុស្ស លើគ្រប់ផ្នែកប្រកបដោយគុណភាព និង មានគុណធម៌ល្អដែលឆ្លើយតបទៅនឹងសំណូមពរ នៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ។ មួយវិញទៀតគោលការណ៍ នៃការអប់រំសម្រាប់ទាំងអស់គ្នាគឺទាមទារនូវលទ្ធភាពទទួលបានសេវាអប់រំប្រកបដោយសមធម៌ដែលផ្តល់ឱកាសសើ្មៗគ្នាដល់កុមារនិងយុវជនកម្ពុជាទាំងអស់បានទទួលបានការអប់រំមូលដ្ឋានក្នុងប្រព័ន្ធ និង ការអប់រំក្រៅប្រព័ន្ធ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប