កំពង់ឆ្នាំង៖ ពិធីសម្ពោធប្រគល់-ទទួលផ្ទះ បីខ្នងជូនពលរដ្ឋ បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃអង្គារ ទី ៣១ ខែតុលា ឆ្នាំ២០២៣នេះ ក្រោមវត្តមាន លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយថ្នាក់ដឹកនាំ-មន្ត្រី យុវជន នៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសជួបសំណេះសំណាលជាមួយម្ចាស់ផ្ទះនីមួយៗ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ដ៏ជ្រាលជ្រៅពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនចំពោះម្ចាស់ផ្ទះថ្មីទាំង ៣ខ្នង និងបានជម្រាបជូនថា ៖ «កាកបាទក្រហមកម្ពុជា បានទទួលនូវព្រះរាជឧបត្ថម្ភពី សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មរបស់ព្រះអង្គ កាល ពីថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៣កន្លងទៅ។
ហើយបន្ទាប់ពីបានទទួលព្រះរាជឧបត្ថម្ភនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់សហការី ចុះពិនិត្យជ្រើសរើសគ្រួសារដែលជាមុខសញ្ញាងាយរងគ្រោះបំផុតរបស់កាកបាទក្រហមកម្ពុជា និងទីតាំងសមស្រប ដែលអាច សាងសង់ផ្ទះបានសមរម្យ ។
ជាក់ស្តែង នៅក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រុមការងារកាកបាទក្រហមកម្ពុជា បានពិនិត្យឃើញថា មានគ្រួសារងាយរងគ្រោះបំផុតចំនួន ៣គ្រួសារ ហើយដែល សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្រេចសាងសង់ជូន និងប្រគល់ជូននាថ្ងៃនេះ»។
ជាមួយគ្នានេះ លោកជំទាវ ក៏បានពាំនាំនូវប្រសាសន៍របស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះម្ចាស់ផ្ទះទាំងអស់ សូមយកចិត្តទុកដាក់គិតគូរថែទាំសុខភាពឱ្យបានល្អ មានអនាម័យស្អាតក្នុងការរស់នៅ លុបបំបាត់ជម្រកសត្វមូស និងសម្រាកក្នុងមុងជានិច្ច ដើម្បីបង្ការជំងឺគ្រុនឈាម-គ្រុនចាញ់ និងសូមផឹកទឹកឆ្អិនជានិច្ចដើម្បីជៀសផុតពីជំងឺផ្សេងៗ។
ទន្ទឹមនឹងនេះ ត្រូវឧស្សាហ៍ព្យាយាម ដាំដំណាំ បន្លែបង្ការជុំវិញផ្ទះ ដើម្បីជួយសម្រាលជីវភាពគ្រួសារ ហើយជាពិសេសសូមថែរក្សាផ្ទះថ្មីនេះឱ្យបានល្អ គង់វង្ស ជាទ្រព្យសម្បត្តិតរៀងទៅ។
សូមបញ្ជាក់ថា ផ្ទះទាំងបីខ្នងខាងលើនេះប្រើពេលវេលាសាងសង់អស់រយៈពេល ១ខែ ដែលត្រូវបានប្រគល់ជូន ៖ ម្ចាស់ផ្ទះទី១. លោកយាយ កែ យី អាយុ ៦៧ឆ្នាំ ជាចាស់គ្មានទីពឹង (ពិការជើងម្ខាងដោយសារមីន) នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.៥០០ ដុល្លារ។
ម្ចាស់ផ្ទះទី២. អ្នកស្រី ឡឹម ញ៉ឹប អាយុ ៤៧ឆ្នាំ ជាស្រ្តីមេម៉ាយក្រីក្រ មានកូន ៣នាក់ក្នុងបន្ទុក នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៦ម៉ែត x ៧ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៧.០០០ ដុល្លារ។ ម្ចាស់ផ្ទះទី២នេះ ទទួលបានផ្ទះមានទំហំធំជាងគេ ដោយសារថា មានសមាជិកច្រើន គឺមានកូនក្នុងបន្ទុកគ្រួសារចំនួន ៣នាក់។
ម្ចាស់ផ្ទះទី៣. លោកយាយ គ្រែក ហ៊ី អាយុ ៧៥ឆ្នាំ ជាចាស់ឥតទីពឹង នៅភូមិវាលស្បូវ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ទទួលបានផ្ទះ១ខ្នង ទំហំ ៤ម៉ែត x ៦ម៉ែត សង់ពីថ្ម ប្រក់ស័ង្កសី តតាកមុខផ្ទះ មានចង្ក្រានបាយ និងបន្ទប់ទឹកក្រោយផ្ទះ, និងមានចាក់សាបជុំវិញផ្ទះ សរុបតម្លៃចំនួន ៦.៥០០ ដុល្លារ។
សូមបញ្ជាក់ថា អំណោយសម្រាប់សង្កត់ផ្ទះនីមួយៗរួមមាន ៖ អង្ករ ១០០ គីឡូក្រាម, មី ៤កេស, ត្រីខ ៤០កំប៉ុង, ទឹកស៊ីអ៊ីវ ១២ដប, ទឹកត្រី ១២ដប, ទឹកក្រូច ២កេស, ទឹកសុទ្ធ ២កេស, សម្ភារផ្ទះបាយ១ឈុត, និងថវិកា ៥០ម៉ឺនរៀល។
បន្ទាប់ពីកម្មវិធីប្រគល់-ទទួលផ្ទះខាងលើនេះ, លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ និងគណៈប្រតិភូកាកបាទក្រហមកម្ពុជា បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជួយសម្រាលការលំបាកដល់ចាស់ឥតទីពឹងចំនួន ២០គ្រួសារ រស់នៅភូមិពារាំង ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយគ្រួសារនីមួយៗទទួលបាន៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ២ម៉ឺនរៀលផងដែរ៕