សៀមរាប៖ បិទវគ្គបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច យុវជនជា គ្រួសារក្រីក្រ មកពីស្រុកភូមិនានាក្នុងមូលដ្ឋានខេត្តសៀមរាប និងបណ្តាខេត្តផ្សេងៗចំនួន៣០០នាក់បាន សិក្សាពេញម៉ោង មានរយៈពេល ៦ខែ នៅសាកលវិទ្យាល័យអង្គរ លើជំនាញ ( ការិយាល័យជួរមុខ សេវាកម្មម្ហូបអាហារ ភេសជ្ជៈ និងគេហកិច្ច ) ក្រោមការរៀបចំរបស់ក្លឹបទេសចរណ៍ខេត្តសៀមរាប តាមរយៈគាំទ្រផ្នែកហិរញ្ញវត្ថុដោយមូលនិធិអភិវឌ្ឍជំនាញ និងបច្ចេកទេសដោយគណៈកម្មការគ្រប់គ្រងគម្រោង ហូកា ត្រូវបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកប ដោយជោគជ័យចំនួន ២៤៩នាក់ ព្រមទាំងបានទទួលវិញ្ញាបនបត្របញ្ជាក់ការសិក្សាពីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី៣១ខែ តុលាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មការគ្រប់គ្រងគម្រោងហូកា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និង លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប ។
វគ្គបណ្តុះបណ្តាលរយៈពេល៦ខែ សម្រាប់យុវជនទាំង៣០០នាក់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីលើកកម្ពស់ សេវាកម្មទេសចរណ៍ ឡើងវិញក្រោយវិបត្តិកូវីដ-១៩ បន្ទាប់ពីមានការចាកចេញពីវិស័យនេះ នូវពលកម្មស្នូលជាច្រើន បានប៉ះពាល់ជាអវិជ្ជមាន លើសេដ្ឋកិច្ចគ្រួសារ របស់និយោជិក ដែលធ្លាប់បម្រើលើវិស័យនេះ ក្នុងពេលដែល វិបត្តិសកលបានរាតត្បាតក្នុងពេលកន្លងមក ។
លោក យុន លីនណេ បានលើកថា វិស័យទេសចរណ៍ត្រូវបានរាជរដ្ឋាភិបាលទទួលស្គាល់ ជាផ្នែកដ៏សំខាន់ នៃសេដ្ឋកិច្ចបៃតង(មាសបៃតង)ហើយចំណូល នៃវិស័យនេះ ត្រូវបានចាត់បញ្ជូលភ្លាមៗទៅក្នុងចរន្តសេដ្ឋកិច្ចជាតិ ដែលរួមចំណែកជម្រុញកំណើនផលិត ផលក្នុងស្រុក។ ហើយការផ្ដួចផ្ដើមឲ្យមានវគ្គបណ្ដុះបណ្ដាលនេះ គឺពិតជាបានជួយ ជម្រុញដល់កំណើនសេដ្ឋកិច្ចរបស់ខេត្ត ឲ្យកាន់តែបានប្រសើរថែមទៀត និងបានចូលរួមកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុកទៅប្រទេសជិតខាង ជូនបងប្អូនប្រជាពលរដ្ឋក្នុងខេត្តផងដែរ។
ឯកឧត្តម ប៉ាក់ សុខុម រដ្ឋលេខាធិការ និង ជាប្រធានគណៈកម្មការ គ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះពិតជាមានអត្ថប្រយោជន៍ និង បង្កើតឱកាសការងារដល់យុជនកម្ពុជា ដើម្បីទទួលបានប្រាក់ចំណូលសមរម្យ និង មានវិថីអភិវឌ្ឍន៍ជំនាញច្បាស់លាស់ជាតួនាទីរបស់គ្រប់ភាគីពាក់ព័ន្ធ។ ឯកឧត្តម បានបញ្ជាក់ថា ទាក់ទងនឹងការអភិវឌ្ឍធនធានមនុស្ស ក្រសួងទេសចរណ៍បានដាក់ចុះនូវយុទ្ធនាការ “បុគ្គលិកម្នាក់ ជំនាញមួយ(One Employee,One Skill)ដែលមានបញ្ជូលក្នុងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យទេសចរណ៍ ដោយផ្តោតទាំងបរិមាណ និងគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍វិស័យទេសចរណ៍ ដែលមានតម្រូវការអ្នកជំនាញប្រមាណ ១,១លាននាក់ នៅឆ្នាំ២០៣០ និងប្រមាណ ១,៤លាននាក់ នៅឆ្នាំ២០៣៥ និង ឆ្ពោះទៅសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ SDG4 និង SDG 8 ។ ឯកឧត្តម ក៏បានលើក ទឹកចិត្តដល់សាលាបណ្តុះបណ្តាលខ្នាតតូច ឬកម្មវិធីបណ្តុះបណ្តាលនានា ប្រើប្រាស់នូវកម្មវិធីបណ្តុះបណ្តាលបដិសណ្ឋារកិច្ចកម្ពុជា ដែលបានអនុម៉័តដោយក្រសួងទេសចរណ៍ ក្រោមការគាំទ្រពីអង្គការ ស្វីសខន់ថាក់ ហើយអ្វីដែលពិសេសគឺកម្មវិធីបណ្តុះបណ្តាលនេះ មានទាំងភាសាជាតិ និង អង់គ្លេស ដែលផ្តល់ភាពងាយស្រួលដល់សិក្ខាកាមថ្មីៗ យុវជនបោះបង់ការសិក្សាងាយស្រួលសិក្សា និងមានឯកសារសម្រាប់សិស្សអាន ឯកសារសម្រាប់គ្រូបង្រៀន សម្រាប់អ្នកវាយតម្លៃ និងឯកសារបទបង្ហាញផងដែរ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប