សៀមរាប៖
អង្គកឋិនសាមគ្គី ដែលផ្ដួចផ្ដើមព្រះគ្រូចៅអធិការ ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្តព្រមទាំងពុទ្ធបរិស័ទចំណុះ ជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត បានស្រុះស្រួលមូលមតិគ្នាផ្តួចផ្តើមប្រារព្ធ ធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដើម្បីដង្ហែនិងវេរត្រ័យចីវរប្រគេន ព្រះភិក្ខុសង្ឃ ដែលគង់ចាំវស្សាអស់ត្រីមាស(៣ខែ)ក្នុងពុទ្ធសីមាវត្តព្រះព្រហ្មរ័ត្ន ដែលស្ថិតភូមិមណ្ឌល១ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដោយប្រមូលបច្ច័យសម្រាប់ការកសាងសមិទ្ធផលនានាក្នុងទីអារាមបានចំនួនជាង៤៨លានរៀល ហើយអង្គកឋិនទានសាមគ្គីនេះក៍បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង នារសៀលថ្ងៃទី៣០ ខែ តុលា ឆ្នាំ២០២៣ ។ ព្រះតេជគុណ តង់ តន ព្រះបាឡាត់គណ ខេត្តសៀមរាប និងជាព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន បានមានសង្ឃដីកាបញ្ជាក់ពីអត្ថន័យ នៃបុណ្យកឋិនទានថាតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ គឺបុណ្យកឋិនទានធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើបានតែម្ដងទេ ក្នុងមួយឆ្នាំ។ ព្រះតេជគុណ តង់ តន បានសង្ឃដីកាបន្តថាបុណ្យកឋិនទាននេះ គឺទទួលបានអានិសង្ឃខ្ពង់ខ្ពស់បំផុត ពោលគឺអ្នក ផ្តើមកសាង អង្គកឋិនទាន ទទួលបានអានិសង្ឃ៥យ៉ាង រីឯព្រះសង្ឃទទួលក្រាលគ្រង អង្គកឋិនទាននេះក៏ទទួលបានអានិសង្ឃ៥យ៉ាងដែរ។ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឱ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ រីឯអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន។ក្នុងនាមព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្ន ព្រះតេជគុណ តង់ តន ក៍បានមានសង្ឃដីកាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះពុទ្ធបរិស័ទ ជើងវត្តព្រះព្រហ្មរ័ត្ន ព្រមទាំងពុទ្ធបរិស័ទ មកពីក្នុងនិងក្រៅខេត្ត ទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តព្រះព្រហ្មរ័ត្ននេះ និងបានចូលរួមបច្ច័យជាកម្លាំងមហាសាមគ្គី សម្រាប់ចូលរួមដើម្បីដើមី្បយកទៅធ្វើការប្រើប្រាស់ កសាងសមទ្ធិផលក្នុងទីវត្ត ក្នុងទិសដៅជម្រុញឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើងតទៅអនាគតផងដែរ ៕