សៀមរាប៖ អង្គកឋិនទានមហាសាមគ្គីមួយដែលបានផ្តួចផ្តើមឡើងដោយលោកជំទាវមហាឧបាសិកាបណ្ឌិត ហ៊ុន សេងនី និង ឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោកជំទាវ អ៊ុន វុនលី , លោកជំទាវ ប៉ែន សារ៉ន និងមហាឧបាសិកា ភឿង យ៉ា ឯកឧត្តមឧត្តមសេនីយ៍ឯក គង់ ប៊ុនលី និង លោកជំទាវ ធិប គិមលី , ឯកឧត្តមឧត្តមសេនីយ៍ឯក ស ថាវី អនុរដ្ឋលេខាធិការក្រសួងការពារជាតិ និង លោក សោម សមសក្តិ ព្រមទាំងបុត្រាបុត្រី រួមទាំង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាអ្នកផ្តើមបុណ្យទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទ ផ្តួចផ្តើមធ្វើបុណ្យកឋិនទានមហាសាមគ្គី ដើម្បីដង្ហែទៅវេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឥន្ទបត្តបូរី ហៅ(វត្តអង្គរខាងជើង) ស្ថិតនៅភូមិក្រវ៉ាន់ សង្កាត់នគរធំ ក្រុង ខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែ តុលា ឆ្នាំ២០២៣ ក្នុងគោលបំណងនាំយកនូវបច្ច័យ ស្បង់ជីវ័រ វេរប្រគេនព្រះសង្ឃ ដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តឥន្ទបត្តបូរី ហៅ (វត្តអង្គរខាងជើង) ដើមី្បប្រមូលបច្ច័យកសាង សមទ្ធិផលក្នុងវត្ត ។ ក្នុងពិធីដង្ហែអង្គកឋិនទាននេះ ដោយមានវត្តមាននិមន្តចូលរួមដង្ហែរបស់ ព្រះតេជគណព្រធម្មវនវាសី ចន្ទ មុនី ព្រមទាំងបានធ្វើការប្រោះព្រហ្មពរជ័យសិរីមង្គល ដល់ប្រជាពុទ្ធបរិស័ទ ដែលបានអញ្ជើញចូលរួមដង្ហែអង្គកឋិន នឹង ដើមី្បប្រតិបត្តិថ្វាយដល់ព្រះអង្គសុំនូវពរជ័យពីព្រះអង្គ ដើមី្បសុំនូវសេចក្តីសុខ ចម្រើននៅក្នុងសង្គមគ្រួសាររៀងៗខ្លួនផងដែរ ។
បុណ្យអង្គកឋិនទាននេះ ពុទ្ធបរិស័ទយើងតែងតែប្រារព្វធ្វើជារៀងរាល់ឆ្នាំ តាមរដូវកាល ដែលមានរយៈពេល១ខែ ពោលគឺចាប់ពីថ្ងៃ ១រោច ខែអស្សុជ រហូតដល់ថ្ងៃ ១៥កើត ខែកត្តិក ហើយបុណ្យកឋិនទាននេះ ទទួលបានអានិសង្ឃខ្ពង់ខ្ពស់បំផុត ពោលគឺអ្នកផ្តើមកសាង អង្គកឋិនទាន ទទួលបានអានិសង្ឃ៥យ៉ាង រីឯព្រះសង្ឃទទួលក្រាលគ្រង អង្គកឋិនទាននេះក៏ទទួលបានអានិសង្ឃ៥យ៉ាងដែរ។
បន្ទាប់ពីការជួបជុំបងប្អូនពុទ្ធបរិស័ទនៅក្នុងទីវត្តមក ក្បួនអង្គកឋិនទានបានធ្វើការដង្ហែប្រទក្សិណជុំវិញប្រាង្គប្រាសាទអង្គររួចមក អង្គកឋិនទានទាំងមូលបានធ្វើការវេរប្រគេនដល់ព្រះសង្ឃ ដើមី្បព្រះសង្ឃក្រាលគ្រងទទួលយកកឋិនទេវ័រ តាមពុទ្ធានុញ្ញាតិ និង អនុមោនាយកអនុសង្ឃ ផលបុណ្យដែលកើតមានឡើង ពីបុណ្យកឋិនទានសាមគ្គីនេះ ។
អង្គកឋិនទានមហាសាមគ្គីដែលបានដង្ហែយកវេរប្រគេនចំពោះព្រះសង្ឃក្នុងឱកាសនេះ មិនត្រឹមមានលក្ខណៈសមស្របតាមរដូវកាលទានប៉ុណ្ណោះទេ ព្រមទាំងបានស្របពេលវេលាដែលព្រះសង្ឃ គណៈ កម្មការ អាចារ្យវត្ត រដ្ឋអំណាចមូលដ្ឋាន ពុទ្ធបរិស័ទចំណុះវត្តឥន្ទបត្តបូរី ហៅ(វត្តអង្គរខាងជើង)ទាំងមូល មានសេចក្តីជ្រះថ្លាមូលមតិជាឯកច្ឆ័ន ក្នុងគោលបំណងប្រមូលបច្ច័យយកមកធ្វើការ កសាង សមទ្ធិក្នុងទីវត្ត ឲ្យសមស្របទៅតាមពុទ្ធបញ្ញាត នៃព្រះសម្មាសាម្ពុទ្ធ ព្រះបរមគ្រូនៃយើង ។ ផ្តើមចេញពីបុណ្យអង្គកឋិនទាននេះ បច្ច័យដែលទទួលបានពីការចូលរួមចាប់មគ្គផលរបស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី សប្បុរសជនគ្រប់មជ្ឈដ្ឋាន និង ពុទ្ធបរិស័ទចំណុះជើងវត្ត ក្នុងការសង្កត់ត្រ័យ ប្រាក់ខ្មែរចំនួន៥២ លានរៀល ប្រាក់ដុល្លា ២ពាន់៦៦៤ដុល្លា និងប្រាក់បាត ២ពាន់២២០បាត ត្រូវបានធ្វើការវេរប្រគេនព្រសង្ឃ ទៅតាមប្រពៃណីទំនៀមទម្លាប់នៃព្រះពុទ្ធសាសនា ដើមី្បយកទៅធ្វើការប្រើប្រាស់ កសាង សមទ្ធិផលក្នុងទីវត្តឥន្ទបត្តបូរី ក្នុងទិសដៅជម្រុញឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ មានការអភិវឌ្ឍន៍រីកចម្រើនថ្កុំថ្កើនតទៅអនាគត។ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប