បញ្ហាគ្រឿងញៀន ឯកឧត្តម កែវ រតនៈ សូមឱ្យមន្ត្រីបក្ស និងយុវជនគ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់

ពោធិ៍សាត់៖ ឯកឧត្តម កែវ រតនៈ​និង ខូយ រីដា អញ្ជើញប្រកាសសុពលភាព ក្រុមការងារចុះជួយខេត្ត ស្រុក ក្រុង និងប្រគល់ប័ណ្ណសរសើរ ជូនយុវជនគណបក្សខេត្តពោធិ៍សាត់ នៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៣។

ឯកឧត្តម កែវ រតនៈ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន ខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ នេះ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីប្រកាសសុពលភាព ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ ប្រធានក្រុមការងារយុវជនគណបក្សខេត្ត និងប្រគល់សេចក្តីសម្រេចតែងតាំង ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង។ពិធីនេះត្រូវបានធ្វើឡើង នៅស្នាក់ការគណបក្សខេត្ត ស្ថិតក្នុងភូមិមាន់ចែ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងារថ្នាក់ជាតិ ថ្នាក់ខេត្ត ប្រធាន អនុប្រធានក្រុមការងារយុវជនគណបក្សខេត្ត ប្រធាន អនុប្រធាន និងសមាជិក សមាជិកា ផែនចំណុះទាំង១១ ស្រុកក្រុងទាំង៧ និងឃុំសង្កាត់ទាំង៤៩ ក្នុងខេត្ត ចំនួន១,០០៨នាក់។

ឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មា ធិការគណបក្សខេត្ត និងជាអភិបាលខេត្តពោធិ៍សាត់ បានអានសេចក្តីសម្រេចតែងតាំងក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងសេចក្តីសម្រេចចាត់តាំងប្រធានក្រុមការងារយុវជនគណបក្សខេត្ត ដែលមាន៖ ១-ឯកឧត្តម កែវ រតនៈ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តពោធិ៍សាត់,មក ២-ឯកឧត្តម ខូយ រីដា ជាប្រធានក្រុមការងារចុះមូលដ្ឋាន ក្រុងពោធិ៍សាត់, ៣-លោក ប្រាំង ជលសា ជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកក្រគរ និងស្រុកកណ្តៀង, ៤-ឯកឧត្តម ទី ថានី ជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកបាកាន, ៥-ឯកឧត្តម កែវ វីរៈ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកវាលវែង, ៦-ឯកឧត្តម យឹម វិសិដ្ឋ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកភ្នំក្រវាញ, ៧-ឯកឧត្តម ស៊ុយ ឌីម៉ង់ ជាប្រធានក្រុមការងារចុះមូលដ្ឋាន ស្រុកតាលោសែនជ័យ, ៨-ឯកឧត្តម ងួន ប៉ោសេង ជាប្រធានក្រុមការងារយុវជនគណបក្ស ខេត្តពោធិ៍សាត់ និង៩-លោក លី ទីឃា ជាប្រធានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចុះជួយស្រុកក្រគរ និងស្រុកកណ្តៀង។

ឯកឧត្តម ងួន ប៉ោសេង ដែលទទួលបានតំណែងថ្មី ជាប្រធានក្រុមការងារយុវជនគណបក្សខេត្តពោធិ៍សាត់ បានសម្តែងនូវឆន្ទៈ មនសិកាស្មោះត្រង់ដ៏មុះមុត តាមមាគ៌ារបស់គណបក្សប្រជាជនកម្ពុជា និងសូមធ្វើការប្តេជ្ញាចិត្ត គោរពប្រតិបត្តិតាមលក្ខន្តិកៈ បទបញ្ជាផ្ទៃ ក្នុងរបស់គណបក្ស, គាំទ្រសម្ដេចបវរធិបតី បន្តជាបេក្ខភាពនាយករដ្ឋមន្ត្រី នៅអាណត្តិក្រោយៗទៀត, ការពារសមិទ្ធផលនានារបស់គណបក្ស, មិនគាំទ្រការផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ កើតចេញពីការបោះឆ្នោត, បង្កើននូវកិច្ចសហការល្អ ជាមួយថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់, បន្ដសាមគ្គីភាពផ្ទៃក្នុង ដើម្បីពង្រឹងរចនាសម្ព័ន្ធយុវជនឱ្យកាន់តែរឹងមាំ និងចិញ្ចឹមចលនារួមសុខរួមទុក្ខ ជាមួយយុវជនគ្រប់ស្រទាប់វណ្ណៈ។

ឯកឧត្តម កែវ រតនៈ អនុប្រធានយុវជនគណបក្សប្រជាជនកម្ពុជា ថ្នាក់កណ្តាល ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តពោធិ៍សាត់ និងជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានផ្តល់អនុសាសន៍ និងមតិណែនាំ ប្រកបដោយអត្ថន័យ ជូនដល់ក្រុមការងារ និងក្រុមយុវជនគណបក្សប្រជាជនកម្ពុជា ទាំងថ្នាក់ខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ និងមន្ទីរអង្គភាពទូទាំងខេត្ត ទទួលស្គាល់ មានភាពកក់ក្តៅ មានក្តីសង្ឃឹមជឿជាក់ និងមានអនាគតទៅថ្ងៃខាងមុខ។

ការជួបជុំគ្នាពេលនេះ គឺជាឱកាសបើកវេទិកា ក្នុងគោលបំណងតម្រង់ទិស ​ចែករំលែកបទពិសោធន៍បានជាទុន សម្រាប់ចុះទៅបំពេញការងារនៅក្នុងមូលដ្ឋានមានប្រសិទ្ធិភាព និងទទួលបានជោគជ័យ ជូនគណបក្សប្រជាជនកម្ពុជាខេត្ត ដែលជាគណបក្សចាស់ទុំខាងនយោបាយស្រាប់​​។

លោកបានថ្លែងថា ក្រុមការងារ និងយុវជន គឺជាកម្លាំងស្នូល ក្នុងការអនុវត្តតួនាទីភារកិច្ច នយោបាយរបស់គណបក្ស ដូចនេះត្រូវមានលក្ខណៈសម្បត្តិ និងមានគោលជំហរស្មោះត្រង់ ចំពោះជាតិ សាសនា ព្រះមហាក្សត្រ ធ្វើពលីកម្មដោយឥតរុញរាដើម្បីប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹតនិងវឌ្ឍនភាពសង្គម។

ឯកឧត្តម កែវ រតនៈ បានបន្តថា ក្រុមការងារ និងយុវជន ត្រូវផ្សារភ្ជាប់រួមសុខរួមទុក្ខ មានស្មារតីទទួលខុសត្រូវ ក្នុងការអនុវត្តកម្មវិធីនយោបាយ លក្ខន្តិកៈ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចនានារបស់បក្ស។

ក្រុមការងារ និងយុវជន ត្រូវចងចាំថា មន្ត្រីរៀមច្បង គឺជាគ្រូ រីឯការអនុវត្តជាក់ស្តែង គឺជាសាលារៀន ខិតខំលត់ដំ កសាងខ្លួន ក្នុងចលនាមហាជន ចេះស្វ័យត្រួតពិនិត្យ គួបផ្សំនឹងការទទួលយកនៅមតិកែលម្អ របស់មតិភាគច្រើន។ ជាទូទៅគោលបំណងសំខាន់របស់គណបក្ស គឺប្រមូលផ្តុំកម្លាំងគ្រប់មជ្ឈដ្ឋាន ទាំងក្នុង និងក្រៅប្រទេស ជាពិសេសយុវជនវ័យក្មេង ដែលមានឧត្តមគតិស្នេហាជាតិ មាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដើម្បីរួមជាកម្លាំងរក្សាការពារសន្តិភាព និងសមិទ្ធិផលសង្គម។

ពាក់ព័ន្ធបញ្ហាគ្រឿងញៀន ឯកឧត្តម កែវ រតនៈ សូមឱ្យមន្ត្រីបក្ស និងយុវជនគ្រប់ជាន់ថ្នាក់ ចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនឱ្យខាងតែបាន ក្នុងករណីបើមានកើតឡើង ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ ព្រោះគ្រឿងញៀនបង្កអសន្តិសុខសង្គម អំពើហឹង្សា និងចោរកម្មគ្រប់បែបយ៉ាង។

បន្ទាប់ពីប្រគល់ប័ណ្ណសរសើរ ជូនដល់យុវជនគណបក្សខេត្តពោធិ៍សាត់ ចំនួន១៦៧នាក់នោះរួចមក ឯកឧត្តម កែវ រតនៈ ក៏បានដឹកនាំប្រតិភូ ទៅកាន់បូជនីយដ្ឋាន លោកឧកញ៉ា ឃ្លាំង មឿង និងជំទាវ ខាន់ ខៀវ ដែលមានទីតាំងស្ថិតក្នុងភូមិកំពែងស្វាយ ឃុំស្នាមព្រះ ស្រុកបាកាន ដោយនាំយកនូវដង្វាយ ថ្វាយសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ក្រុមការងារថ្មី ឱ្យបំពេញការទទួលបានជោគជ័យ និងប្រជាពលរដ្ឋទូទាំងខេត្ត ឱ្យរួចផុតពីគ្រោះចង្រៃផ្សេងៗ ជាពិសេសគ្រោះធម្មជាតិទឹកជំនន់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *