ពលរដ្ឋក្នុងស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ចំនួន ១៦៦៨គ្រួសារទទួលបានស្រូវពូជ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការស្តាឡើងវិញ បន្ទាប់ពីទទួលរងការប៉ះពាល់និងខូចខាតដោយជំនន់ទឹកភ្លៀង

ពោធិសាត់៖បងប្អូនប្រជាពលរដ្ឋមកពីស្រុកកណ្តៀង និងក្រុងពោធិ៍សាត់ចំនួន១៦៦៨គ្រួសារដោយក្នុងមួយគ្រួសារទទួលបានស្រូវពូជចំនួន១០០គីឡូក្រាមពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា តាមរយៈគណៈកម្មាធិការគ្រប់គ្រងគ្រោះប្រព័ន្ធស្បៀងបម្រុងកម្ពុជាសម្រាប់ស្តាឡើងវិញក្រោយពីទឹកសម្រក ។ ពិធីចែកជូននេះបានប្រារព្ធធ្វើនៅពហុកីឡដ្ឋានខេត្តក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ឯកឧត្តម គង់ គារ ទីប្រឹក្សាក្រសួងនិងជាប្រធាននាយកដ្ឋានដំណាំស្រូវនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ និងមានការចូលរួមពីអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរនិងកងកម្លាំងប្រដាប់ អាវុធទាំង៣ នៅថ្ងៃរសៀលទី២៦ ខែតុលា ឆ្នាំ២០២៣នេះ។

សំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ឯកឧត្តម ខូយ រីដា បានថ្លែងដោយនាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិង សេចក្តីនឹករលឹកពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមកជូនប្រជាពលរដ្ឋទាំង១១២០គ្រួសារមកទទួលយកស្រូវពូជក៏ដូចប្រជាពលរដ្ឋទូទាំងខេត្តដែលសម្តេចតែងតែយកចិត្តទុកដាក់គិតគូរដោះស្រាយស្បៀងនិងស្រូវពូជ ជូនប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ជំនន់ទឹកភ្លៀងនាចុងខែកញ្ញានិងដើមខែតុលាឆ្នាំ២០២៣កន្លងមក នៅទូទាំងខេត្តបានទាន់ពេលវេលាប្រកបដោយតម្លាភាព ប្រសិទ្ធិភាពនិងភាពជឿជាក់។

ស្បៀងនិងស្រូវពូជដែលផ្តល់ជូននាកន្លងមកក៏ដូចនាពេលនេះជាសក្ខីភាពបង្ហាញយ៉ាងច្បាស់ពីការគិតគូរយកចិត្តទុកដាក់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា អំពីស្ថានភាពជីវភាពរបស់បងប្អូនដែលទទួលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងហើយនេះគឺជាស្រូវពូជសម្រាប់ស្តាឡើងវិញបន្ទាប់ពីទឹកសម្រកនិងជួយសម្រួលដល់ជីវភាពរបស់បងប្អូនដោយមិនអនុញ្ញាតឲ្យគ្រួសារណាមួយខ្វះស្បៀងបានឡើយ ។

ជាមួយគ្នានោះឯកឧត្តម បានណែនាំឲ្យមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត មន្ទីរធនធានទឹកនិងឧតុនិយមខេត្តនិងអាជ្ញាធរមូលដ្ឋានត្រូវបង្កើនការប្រឹងប្រែងបន្ថែមទៀតលើការងារបង្កបង្កើនផលដែលជាស្បៀងតម្រូវការប្រចាំថ្ងៃរបស់ប្រជាកសិករទូទាំងខេត្ត។

ជាមួយគ្នានោះឯកឧត្តម ក៏បាន លើកទឹកចិត្តដល់ប្រជាកសិករឲ្យខិតខំធ្វើការដាំដុះ ចិញ្ចឹមសត្វ និងបង្កើនមុខរបរផ្សេងៗទៀតដើម្បីរួមគ្នាស្តានិងបង្កើនសេដ្ឋកិច្ចគ្រួសារឡើងវិញក្នុងន័យកាត់បន្ថយភាពក្រីក្រ ព្រមជាមួយគ្នានោះឯកឧត្តមសូមសម្តែងការអបអរសាទរចំពោះបងប្អូនប្រជាពលរដ្ឋទូទាំងខេត្តពោធិ៍សាត់តែងតែ បន្តចូលរួមគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជានិងទទួលបានចំណាត់ថ្នាក់លេខ១ទូទាំងប្រទេសក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧គឺជាមោទនភាពក្រៃលែង។

បើយោងតាមរបាយការណ៍របស់លោក​ ចាប នាង អភិបាលនៃគណៈអភិបាលក្រុងពោធិ៍សាត់ បានបង្ហាញឲ្យឃើញថា ស្រុក កណ្តៀងនិងក្រុងពោធិ៍សាត់បានទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងកាលពីចុងខែកញ្ញានិងដើមខែតុលាឆ្នាំ២០២៣ បង្កការប៉ះពាល់សាលារៀន ផ្ទះសម្បែង វត្តអារាមនិងហេដ្ឋារចនាសម្ព័ន្ធជាច្រើន។

ចំពោះផ្ទៃដីស្រែត្រូវស្តាឡើងវិញមានចំនួន១៣២២ហិកតាស្មើនឹង ១៦៦៨ គ្រួសារក្នុងនោះក្រុងពោធិ៍សាត់មាន ៣សង្កាត់៩ភូមិប្រជាពលរដ្ឋ៥៤៨គ្រួសារនិងផ្ទៃដីស្តាឡើងវិញចំនួន៣៥៥ហិកតានិងស្រុកកណ្តៀងមាន ៨ឃុំ ៧៦ភូមិប្រជាពលរដ្ឋចំនួន១១២០គ្រួសារនិងផ្ទៃដីស្តាឡើងវិញចំនួន៩៦៧ហិកតា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *