លោកខូយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ក្រើនរំលឹកក្រុមប្រឹក្សាស្រុកនិងឃុំមគពីគណបក្ស ណាក៏ដោយ ត្រូវតែបម្រើប្រជាពលរដ្ឋ

ពោធិ៍សាត់៖ លោក​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានក្រើនរំលឹកដល់ប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំ ក្នុងស្រុកបាកានទាំង១៩២នាក់ទោះបីមកពីគណបក្សនយោបាយណាក៏ដោយ ត្រូវមានគោលជំហររួបរួមសាមគ្គីឯកភាពគ្នា ដោយចាត់ទុកថាប្រជាពលរដ្ឋគឺជាចៅហ្វាយ ក្រុមប្រឹក្សាស្រុក ឃុំជាអ្នកបម្រើ មានតួនាទី ភារកិច្ចនិងយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈនានាដែលជាតម្រូវការចាំបាច់ឲ្យបានឆាប់រហ័ស មានតម្លាភាព ​ចៀសវាងដាច់ខាតការបង្កើតបញ្ហាដែលនាំឲ្យមានភាពថ្នាំងថ្នាក់ដល់ប្រជាពលរដ្ឋមកលើថ្នាក់ដឹកនាំទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ។

លោក ខូយ រីដា បានក្រើនរំលឹកបែបនេះ នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០២៣ក្នុងឱកាសសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមប្រឹក្សាស្រុកនិងក្រុមប្រឹក្សាឃុំក្នុងស្រុកបាកាន ដែលបានប្រារព្ធធ្វើនៅសាលប្រជុំសាលាស្រុកដោយមានការចូលរួមពីលោកអភិបាលរងខេត្តនិងថ្នាក់ដឹកនាំមន្ទីរមួយចំនួនក្នុងខេត្ត ដោយបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមប្រឹក្សាទាំង៩ឃុំ និងក្រុមប្រឹក្សាស្រុកនៃស្រុកបាកានចំនួន១៩២រូបដែលបានខិតខំប្រឹងប្រែងក្នុងការបំពេញ ការងារក្នុងការបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានរបស់ខ្លួនប្រកបដោយភាពជឿជាក់មកលើប្រមុខរាជរដ្ឋាភាភិ បាលក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាហើយក៍ជាការខិតខំប្រឹងប្រែង និងការសាមគ្គីគ្នានៅថ្នាក់មូលដ្ឋានគឺរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់និងរបៀបរៀបរយ ទប់ស្កាត់បាននូវទង្វើបង្កចលនាក្នុងសង្គមនិងបទល្មើសផ្សេងៗទៀត។

ទោះជាយ៉ាងនេះឯកឧត្តម បានក្រើនរំលឹកដល់លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាឃុំនិងក្រុមប្រឹក្សាស្រុកបន្តការយកចិត្តទុកដាក់បំពេញតួនាទី ភារកិច្ចបម្រើជាតិនិងប្រជាពលរដ្ឋជាពិសេសយកចិត្តទុកដាក់ ផ្តល់សេវាចាំបាច់ នានាឱ្យបានឆាប់រហ័ស​ចៀសវាងដាច់ខាតការបង្កបង្កើតបញ្ហាដែលនាំឱ្យថ្នាំងថ្នាក់ដល់ទឹកចិត្តបងប្អូនប្រជាពលរដ្ឋ។

គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្តោតការយកចិត្តទុកដាក់រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ដោយអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ដើម្បីផ្តល់ភាពកក់ក្តៅនិងធានាដល់សុវត្ថិភាពនៃការរស់នៅក៏ដូចការប្រកបមុខរបរផ្សេងៗ។

ពាក់ព័ន្ធទៅនឹងការងារដីធ្លីដែលកន្លងមកនេះបានបង្កភាពស្មុកស្មាញនោះសូមឱ្យរដ្ឋបាលស្រុក អាជ្ញាធរឃុំនិងស្ថាប័នជំនាញត្រូវតែបង្កើនការយកចិត្តទុកដាក់យ៉ាងម៉ឺងម៉ាត់ទៅតាមផ្លូវច្បាប់ បើមានករណីជម្លោះត្រូវសម្របសម្រួលនិងដោះស្រាយក្រៅប្រព័ន្ធតុលាការឱ្យបាន​ឆាប់រហ័ស មានប្រសិទ្ធិភាព មិនត្រូវលម្អៀងខាងភាគីណានោះទេត្រូវឈរនៅកណ្តាលដើម្បីផលប្រយោជន៍ទាំងសងខាង។

តាមរយៈនៃការសំណេះសំណាលនោះដែរ អភិបាលនៃគណៈអភិបាលខេត្តបានផ្តាំផ្ញើដល់ក្រុមប្រឹក្សាឃុំ ក្រុមប្រឹក្សាស្រុក ដែលមានវ័យចំណាស់និងមានជំងឺប្រចាំកាយទាំងអស់បន្តការយកចិត្តទុកដាក់ថែរក្សាសុខភាពឱ្យបានជាប់ជាប្រចាំ ព្រោះថាសុខភាពជាកត្តាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូបត្រូវតែគិតគូមើលថែឱ្យបានម៉ត់ចត់សម្រាប់ជាម្លប់ដល់ក្រុមប្រឹក្សាវ័យក្មេងទទួលបានការសិក្សារៀនសូត្រនិងអនុវត្តបន្តឱ្យមានតម្លាភាពនិងភាពជឿជាក់របស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ជាមួយគ្នានោះលោក សូមឲ្យបន្តការផ្សព្វផ្សាយនិងចលនា ឲ្យបានទូលំទូលាយនិងចូលរួមសម្អាតបរិស្ថាន នៅក្នុងទីប្រជុំជន ស្រុក ឃុំ ភូមិ លំនៅឋាន វត្តអារាម សាលារៀននិងទីសាធារណៈ ចាប់ពីពេលនេះទៅគ្មានសំរាម ដើម្បីនាំមកនូវសិរីសួស្តីដល់យើងទាំងអស់គ្នា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *