វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាបលើក ទី៥ អាណត្តិទី៣

សៀមរាប៖ ឆ្នាំ២០២៣ នៅស្រុកក្រឡាញ់
រដ្ឋបាលខេត្តសៀមរាប បានរៀបចំបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្ត លើកទី៥ អាណត្តិ ទី៣ ឆ្នាំ២០២៣ នាព្រឹកថ្ងៃទី២៣ខែ តុលា ឆ្នាំ២០២៣នេះ គោលដៅទី១ សម្រាប់ស្រុកក្រឡាញ់ និងស្រុកស្រីស្នំ នៅបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ឃុំសែនសុខ ស្រុកក្រឡាញ់ខេត្តសៀមរាប ក្រោមអធិបតីភាពរបស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត, កងកម្លាំងទាំងបី អាជ្ញាធរមូលដ្ឋាន វិស័យឯកជន អង្គការសង្គមស៊ីវិល សិស្សានុសិស្ស និង ប្រជាពលរដ្ឋទាំងពីរស្រុកចូលរួមចំនួន៦៣៥នាក់ ស្រី ១៦៥ នាក់ចូលរួម ។
បន្ទាប់ពីការបង្ហាញស្តីពីទិដ្ឋភាពរួមនៃការអភិវឌ្ឍនៅក្នុងដែនសមត្ថកិច្ចរដ្ឋបាលខេត្ត ឆ្នាំ២០២០.២០២៤ នៃផែនការ៣ឆ្នាំរំកិល និង តាមប្រសាសន៍បញ្ជាក់របស់លោកស្រី ម៉ននី រងី្ស បានលើកឡើងពីសមិទ្ធ ផលនានាដែលរដ្ឋបាលខេត្តអនុវត្តបានក្នុងឆ្នាំ២០២៣ ព្រមទាំងសមិទ្ធផលរបស់រដ្ឋបាលស្រុកក្រឡាញ់ និង ស្រុកស្រីស្នំផងដែរ។
ក្នុងអង្គវេទិកានោះដែរ សមាជិកសមាជិកាអង្គវេទិកា ក៏បានលើកឡើងនូវទុក្ខកង្វល់ បញ្ហាប្រឈម និង សំណូមពរមួយចំនួន ដោយបានលើកឡើងនូវសំណួរផ្ទាល់មាត់ចំនួន ១១ ដោយផ្តោតទៅលើបញ្ហា ហេដ្ឋារចនាសម្ព័ន្ធ (ផ្លូវថ្នល់ ) កសិកម្ម , អគ្គិសនី , អប់រំ , ប្រព័ន្ធធារាសាស្ត្រ ,ពាណិជ្ជកម្ម (រកទីផ្សារលក់កសិផល) គ្មានការងារធ្វើ និង ផ្ទះគ្រូបង្រៀន ហើយត្រូវបានសាមីមន្ទីរ អង្គភាពជំនាញមានការពាក់ព័ន្ធ បានធ្វើការបកស្រាយបំភ្លឺជូនដល់អង្គវេទិកាទាំងមូល ឲ្យអស់កង្វល់ដែលបងប្អូនមានទុក្ខកង្វល់កន្លងមក ឲ្យបានកាន់តែយល់ច្បាស់ផងដែរ ។ អង្គវេទិកាក៏ទទួលបានសំណួរ សំណូមពរដែលសរសេរជាលាយល័ក្ខអក្សរ មាន២៦ សំណួរ សំណូមពរផងដែរ។
ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត បានគូសបញ្ជាក់ថា អង្គវេទិកានេះ គឺដើម្បីឲ្យក្រុមប្រឹក្សាខេត្តធ្វើការប្រមូលនូវរាល់មតិយោបល់ បញ្ហាប្រឈម និងសំណូមពរនានា មកធ្វើការពិភាក្សាស្រាយបំភ្លឺឲ្យបានច្បាស់លាស់ ប្រកប ដោយតម្លាភាព នឹងឈានទៅរកការដោះស្រាយជូនបានចំគោលដៅ មានប្រសិទ្ធិភាព និងទាន់ពេលវេលា ក្នុងករណីដោះស្រាយបានភ្លាមៗនឹងធ្វើការដោះស្រាយជូនភ្លាមៗ ករណីមិនអាចដោះស្រាយបានភ្លាមៗនឹងលើកយកទៅពិភាក្សារកដំណោះស្រាយជូននៅពេលក្រោយបន្តទៀត ដោយមិនទុកបញ្ហា ឬគេចវេសពីបញ្ហាដែលបានលើកឡើងក្នុងអង្គវេទិកានេះឡើយ ។ ឯកឧត្តមបានលើកឡើងថា ក្រោយពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភារួចមក ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីលើកដំបូងដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញ នូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតលើ បាវវចនាទាំងប្រាំ គឺ កំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព ដែលជារបៀបវារៈគោលនយោបាយសង្គម សេដ្ឋកិច្ច។ ឯកឧត្តម បានបញ្ជាក់ថា ការរៀបចំបង្កើតឱ្យមានវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ជាសាធារណៈជាមួយប្រជាពលរដ្ឋនៅគ្រប់ទីកន្លែង គឺដើម្បីស្តាប់នូវមតិយោបល់របស់ប្រជាពលរដ្ឋ ក្នុងន័យស្វែងរកនូវតម្រូវការ និងបញ្ហាប្រឈមនានា ដែលបងប្អូនប្រជាពលរដ្ឋកើតមានក្នុង មូលដ្ឋានរបស់ខ្លួន ។ ឯកឧត្តមប្រធានក្រុមប្រឹក្សា ក៏បានបញ្ជាក់ផងដែរថា វេទិកាសាធារណៈនេះ ជាលើកទី៥ អាណត្តិទី៣ នៃក្រុមប្រឹក្សាខេត្តសៀមរាប និងជាគោលដៅទី១នាឱកាសនេះ ពិតជាមានសារៈសំខាន់បំផុត ក្នុងការជួយជម្រុញដល់ការអនុវត្តមុខងារគ្រប់ស្ថាប័នមានការពាក់ព័ន្ធ រួមនឹងអាជ្ញាធរ មូលដ្ឋានឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ស្របតាមច្បាប់លិខិតបទដ្ឋាន គតិយុត្តនៅថ្នាក់មូលដ្ឋាន។ ក្នុងនោះការពិនិត្យ និង ដោះស្រាយបញ្ហា សំណួរ-សំណូមពររបស់ប្រជាពលរដ្ឋ នឹងជួយ ជម្រុញដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម សំដៅលើកកម្ពស់គុណភាពជីវិត កាត់បន្ថយភាពក្រីក្ររបស់បងប្អូនប្រជាពលរដ្ឋនៅតាមបណ្ដាមូលដ្ឋានភូមិឃុំស្រុក នៃខេត្តសៀមរាបទាំងមូល ៕
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *