អាកាសយានដ្ឋានថ្មីលើ ទឹកដីខេត្តសៀមរាប ជា សមទ្ធិផលថ្មី នៃប្រទេស កម្ពុជា

សៀមរាប៖ ក្រោយពីបានទទួលជើង ហោះហើរ ពាណិជ្ជកម្មដំបូង នៃអាកាស យានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ កាល ពីព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ដែលគ្រោងនឹងសម្ពោធជាផ្លូវការ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយនឹងថ្នាក់ដឹកនាំចិន ។ នៅពេលថ្មីៗនេះ យើងសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋជាច្រើន បាននាំគ្នាសម្រុកទៅទស្សនា និង ផ្ដិតយករូបភាពសមិទ្ធិផលថ្មី ជាប្រវិត្ដសាស្ដ្រ របស់ប្រទេសកម្ពុជា ។ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ដសៀមរាប បានមានប្រសាសន៍បញ្ជាក់ប្រាប់អ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ នេះថា ក្នុងនាមអាជ្ញាធរខេត្ដសៀមរាប លោកមានការសប្បាយចិត្ដ ដែលឃើញប្រជាពលរដ្ឋយើង បានមកទស្សនា និងសាទរនូវសមទ្ធិផលថ្មី នៅលើទឹកដីប្រវត្តិសាស្ត្រសៀមរាប.អង្គរ ។ លោកលីវណ្ណៈក៍បានប្រសាសន៍បន្តថា អាជ្ញាធរបានសហការរៀបចំសណ្តាប់ធ្នាប់ ដើម្បីឲ្យប្រជាពលរដ្ឋមានភាពងាយស្រួល ក្នុងការផ្ដិតយករូបភាព ពីព្រលានយន្ដហោះថ្មីនេះផងដែរ ។ លោក លី វណ្ណៈ បានគូសបញ្ជាក់ថា អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ គឺជាសមិទ្ធិផល ប្រវត្ដិ សាស្ដ្រនៃប្រជាជាតិកម្ពុជា ដែលជាព្រលានយន្ដហោះ ធំជាងគេបំផុតនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដែលបានបង្ហាញខ្លួនដល់ប្រជាពលរដ្ឋឃើញពីការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចជាសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នីតិកាលទី៧នេះ។ លោកក៍បានបញ្ជាក់ថា អាជ្ញាធរខេត្ដបានសហការជាមួយគណៈគ្រប់គ្រងព្រលានយន្ដហោះ ដើម្បីឲ្យប្រជាពលរដ្ឋចូលទៅទស្សនា និង មានកម្លាំងសមត្ថកិច្ច ដើម្បីសម្រួលចរាចរណ៍ និង រក្សាសណ្តាប់ធ្នាប់ សុខសុវត្ថិភាពផងដែរ។ ក្នុងនោះផងដែរ លោក លី វណ្ណៈ នាយករដ្ឋបាលខេត្ដសៀមរាប ក៏បានមានប្រសាសន៍សូមអំពាវនាវដល់ប្រជាពលរដ្ឋ ដែលបានចូលទៅទស្សនាកម្សាន្ត អាកាសយានដ្ឋានថ្មីនេះ ឲ្យគោរពទៅតាមការណែនាំ របស់អាជ្ញាធរក៏ដូចជាផ្នែកសន្ដិសុខនៃព្រលានយន្ដហោះ និងសូមកុំឲ្យមានការរំខានដល់ភ្ញៀវទេសចរធ្វើដំណើរ និង រួមគ្នាថែរក្សាអនាម័យ សណ្តាប់ធ្នាប់ឲ្យបានល្អ ។
សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ មានទីតាំងស្ថិតនៅភូមិក្រៀលពងឃុំពពេល និង ភូមិប្រវ៉ាល ឃុំតាយ៉ែក ស្រុកសូទ្រនិគម ខេត្តសៀមរាប មានចម្ងាយពីប្រាសាទអង្គរវត្ត៤០គីទ្បូម៉ែត្រនិង៥១គីទ្បូម៉ែត្រពីក្រុងសៀមរាប៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *