កំពង់ឆ្នាំង៖ ខេត្តកំពង់ឆ្នាំងគ្រោងនឹងបញ្ជូនទូកអុំ និង ទូកចែវ ចំនួន២៩ គ្រឿងដើម្បីទៅចូលរួមប្រណាំងនៅក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុកនិងសំពះព្រះខែ នៅរាជធានីភ្នំពេញ ដែល នឹងប្រព្រឹតទៅ អំឡុងខែវិច្ឆិកានាពេលខាងមុខនេះ។
នេះបើយោងតាមការបញ្ជាក់របស់លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ប្រាប់នៅក្នុងកិច្ចប្រជុំមួយនៅសាលាខេត្តកំពង់ឆ្នំាងកាលពីរសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០២៣ កន្លងមកនេះ ។
លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានអោយដឹងថា ឆ្នាំនេះខេត្តកំពង់ឆ្នាំង បានបញ្ជូនទូកអុំ ទូកចែវ ចំនួន ២៩ ទូក ទូកចែវបុរស១៧ទូក ទូកចែវនារី១ទូក ទូកអុំបុរសខ្នាតវែងចំនួន២ និង ទូកអុំបុរសខ្នាតអន្តរជាតិចំនួន៩ទូក ។
អោយទៅចូលរួម អុំនិងចែវប្រណាំងនៅរាជធានីភ្នំពេញ ដែលមកពីក្រុង ស្រុកចំនួន៦ និង មានកីឡាករ កីឡាការនីសរុបចំនួន១៦៧៣នាក់ ក្នុងនោះស្រីចំនួន ១២២នាក់។
គួរបញ្ជាក់ថា ព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ តែងតែបានរៀបចំឡើងជារៀងរាល់ឆ្នាំ ។សម្រាប់ការប្រណាំងទូក មានរយះពេល៣ថ្ងៃ គឺចាប់ពីថ្ងៃ១៤ និង១៥កើត ដល់ថ្ងៃ ១រោចខែកក្តិក ហើយពេលយប់ ក៏មានការបណ្តែតប្រទីបផងដែរ។
ការប្រារព្ធពិធីបុណ្យនេះឡើង ដើម្បីរម្លឹកដល់គំរូវីរភាពដ៏អង់អាចក្លាហានរបស់កងទ័ពជើងទឹករបស់ខ្មែរ ដែលបានរំដោះទឹកដីពីខ្មាំងសត្រូវ ។
ពិធីបុណ្យអុំទូកនេះ ក៏បានភ្ជាប់នឹងពិធីផ្សេងៗទៀតផងដែរ គឺការបណ្ដែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលជាការឆ្លុះបញ្ចាំងពីជំនឿសាសនាយ៉ាងមុតមាំ។ ព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីប អកអំបុក និង សំពះព្រះខែឆ្នាំ២០២៣ នេះគឺធ្វើឡើងនៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ។
ព្រះរាជពិធីបុណ្យ អុំទូកបណ្តែតប្រទីប អកអំបុក និង សំពះព្រះខែនៅរាជធានីភ្នំពេញ ត្រូវបានអាក់ខាននាពេលកន្លងមក ក្នុងអំឡុងពេលដែលនៅលើសាកលលោក បានផ្ទុះនូវការរីករាលដាលនៃជំងឺឆ្លងកូវីដ១៩ ហើយកម្ពុជាក៍បានទទួលរងនូវឥទ្ធិពលនៃការរីករាលដាលនៃជំងឺនេះផងដែរ ។
ប៉ុន្តែក្រោយពេលដែលកម្ពុជាបានទទួលបានវ៉ាក់សាំងបង្កាជំងឺកូវីដ១៩ នៅទូទាំងប្រទេសទទួលបានភាពសាំនៅក្នុងសហគមន៍ កាត់បន្ថយបានរីករាលដាលនៃជំងឺកូវីដ១៩ បង្កឱកាសអាចប្រារព្វធ្វើការជួបជុំបាន និងរៀបចំពិធីបុណ្យជាតិនានាបានផងដែរ ។
ហើយនៅឆ្នាំ២០២៣នេះកាន់តែអធិកធម ដែលកម្ពុជាអាចប្រារព្វធ្វើព្រះរាជពិធីអុំទូកបណ្តែតប្រទីប អកអំបុក និង សំពះព្រះខែបាន ដែលអាចទាក់ទាញភ្ញៀវជាតិនិងអន្តរជាតិមកលេងកំសាន្តបានផងដែរ៕