ឯកឧត្តម ជា សំអាងនិងឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិភូមិសាស្ត្រខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម​ ជា សំអាង រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ នារសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣បានដឹកនាំកិច្ចប្រជុំស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ នៅ សាលប្រជុំសាលាខេត្ត ដោយមានការចូលរួមពីប្រតិភូក្រសួងបរិស្ថាន កងកម្លាំងប្រដាប់អាវុធទាំង៣ អភិបាលនៃគណៈអភិបាលស្រុកនិងមន្ទីរពាក់ព័ន្ធក្នុងខេត្ត។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានលើកឡើងថា ធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ចាប់តាំងពីចូលកាន់មុខតំណែងជាអភិបាលខេត្តជិតមួយឆ្នាំនេះ តែងតែសហការជាមួយសមត្ថកិច្ចជំនាញក្នុងការបង្កាបង្ក្រាបនូវរាល់បទល្មើលដូចភ្លៀងរលឹមដោយស្មារតីទទួលខុសត្រូវខ្ពស់។

បើផ្អែកតាមរបាយការណ៍របស់មន្ទីរបរិស្ថានខេត្ត ការគ្រប់គ្រងតំបន់ ការពារធម្មជាតិមានចំនួន៥ទីតាំងគឺដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ភ្នំសំកុស ឧទ្យានជាតិជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាបនិងតំបន់ការពារទេសភាពបាកានដែលមានផ្ទៃដីជាង៧១១ពាន់ហិកតា។

ដោយមានការខិតខំពីអាជ្ញាធរថ្នាក់ក្រោមជាតិនោះឃើញថា បានចុះបង្ក្រាបបទល្មើសធនធានធម្មជាតិចាប់ពីឆ្នាំ២០១៩ រហូតមកដល់ខែតុលាឆ្នាំ២០២៣បានចំនួន៤៤០ករណី ឃាត់ខ្លួនជនល្មើសបាន២១៣នាក់ ដកហូតផ្ទៃដីបានជាង១១ពាន់ហិកតានិងដកហូតឧបករណ៍ល្មើសចំនួន៤៧គ្រឿង។

នៅឆ្នាំ២០២១និងឆ្នាំ២០២៣ រដ្ឋបាលខេត្តបានរៀបចំបង្កើតគណកម្មការថ្នាក់ខេត្តចំនួន៥ក្រុមដើម្បីចុះបង្ក្រាប ទប់ស្កាត់នៅក្នុងឃុំទាំង៥នៃស្រុកវាលវែងនិងឃុំមួយចំនួនទៀតនៃស្រុកភ្នំក្រវាញនិងស្រុកក្រគរ។

ឯកឧត្តម ជា សំណាង រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងនៅក្នុងកិច្ចប្រជុំ ដោយបានលើកយកអំពីគោលការណ៍ របស់ឯកឧត្តមអ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានដាក់ចេញវិធានការចំនួន៤ចំណុច ដើម្បីទប់ស្កាត់បទល្មើសធនធានធម្មជាតិនិង អភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធិភាព។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបរិស្ថាន បានយកចិត្តទុកដាក់ជាអាទិភាពលើចីរភាពបរិស្ថាន ដោយមានចែងនៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលកម្ពុជាដែលជាលក្ខខណ្ឌចម្បងមានចែង ក្នុងបាវចនា «កំណើនការងារ សមធម៌ ប្រសិទ្ធិភាពនិងចីរភាព»។

ការដាក់ចេញវិធានការចម្បងទាំង៤នេះ ដើម្បីគ្រប់គ្រងធនធាន ធម្មជាតិនិងអភិរក្សជីវៈចម្រុះឱ្យមានប្រសិទ្ធិភាពនិងដើម្បីអភិវឌ្ឍដោយចីរភាពរួមមាន

១-ជម្រុញការអនុវត្តច្បាប់១០០%និងបញ្ចប់នូវវប្បធម៌អប់រំណែនាំនិងចុះកិច្ចសន្យាហើយដោះលែងចំពោះអ្នកប្រព្រឹត្តបទល្មើស។

២- សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្តជាពិសេសជាមួយអាជ្ញាធរដែនដីឱ្យបានស្អិតរមួតនៅតាមតំបន់ការពារធម្មជាតិ។

៣-សហការជាមួយអង្គភាព ប្រឆាំងអំពើពុករលួយនិងបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសធ្វើការបង្ក្រាបនិងទប់ស្កាត់បទល្មើសបន្ថែមលើកិច្ចសហការជាមួយអាជ្ញាធរមូលដ្ឋានដែលបានអនុវត្តកន្លងមក។

៤-ត្រូវដាំកូនឈើឱ្យបានច្រើនជាងការកាប់ដើម្បីរក្សានូវកំណើនក៏ដូចការស្តាព្រៃឈើជាទិសដៅអាទិភាពបង្កើនគម្របព្រៃឈើឱ្យបាន៦០%នៅឆ្នាំ២០៥០ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិ បាលកម្ពុជានិងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនៅតាមសហគមន៍ ។

ជាមួយគ្នានោះក្រសួងបរិស្ថាន បាន ស្វាគមន៍និងជម្រុញឱ្យគ្របអង្គការដៃគូអភិវឌ្ឍក្នុងនិងក្រៅស្រុកទាំងអស់រួមចំណែកការងារអាទិភាពរបស់ក្រសួងក្នុងនោះរាប់បញ្ចូលទាំងការដាំឬស្សី ដាំដើមត្នោត ​ឈានទៅសម្រេចទិសដៅរួម ជួយពង្រឹងវិសាលភាពគម្របព្រៃឈើនិងលើកទឹកចិត្តប្រជាពលរដ្ឋដែលចង់ចូលរួមចំណែកក្នុងការ ការពារ និងអភិរក្សព្រៃឈើក៏ដូចចូលរួមដោះស្រាយបញ្ហាសកលលើការប្រែប្រួលអាកាសធាតុទាំងនៅក្នុងតំបន់ក៏ដូចទូទាំងពិភពលោក៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *