ព្រះសង្ឃនិងសប្បុរជនក្នុងក្រុងសៀមរាប នាំទេយ្យទាននិងសម្ភារ: សិក្សាឧបត្ថម្ភដល់ គ្រួសារខ្វះខាត សិស្សានុសិស្សនៅឃុំដូនកែវស្រុកពួកខេត្តសៀមរាប

សៀមរាប៖ ព្រះមន្ត្រីសង្ឃខេត្តព្រះរាជាគណៈ និងព្រះចៅអធិការវត្តមួយចំនួន និង មហាឧបាសិកា ជៀវ ម៉ាលី និងគ្រួសារព្រមទាំងក្រុមញាតិធម៌ក្នុងក្រុងសៀមរាប បានមូលមតិ សហការគ្នា នាំយកទេយ្យទាន ស្បៀងអាហារនិងសម្ភារ:សិក្សា ផ្តល់ចែកជូនដល់ សិស្សានុសិស្សចំនួន៥០០នាក់ នៅសាលាបឋមសិក្សាគោកព្នៅ និងគ្រួសារខ្វះខាតជាង២០០គ្រួសារ មកពីភូមិមួយចំនួនក្នុងឃុំដូនកែវ ស្រុកពួកខេត្តសៀមរាប។ ក្នុងនាមពុទ្ឋសាសនូបត្ថម្ភក៏ មហាឧបាសិកា ជៀវ ម៉ាលី បានបង្ហាញនូវក្តីសោមនស្សជ្រះថ្លានិងអរគុណដល់សប្បុរសជននិងក្រុមញាតិធម៌ដែលបានបរិច្ចាគធនធានថវិកាចូលរួមចែករំលែកដល់បងប្អូនដែលមានជីវភាពខ្វះខាតប្រចាំថ្ងៃ។ មហាឧបាសិកា មានប្រសាសន៍ថា៖នេះមិនមែនជាលើកទី១ទេ ដែលបានចែករំលែកទេយ្យទាន និងសម្ភារៈសិក្សាបែបនេះ គឺធ្វើទៅតាមលទ្ឋភាពសទ្ឋាជ្រះថ្លា ប្រកបដោយស្មារតីសាមគ្គីធម៌ ដើម្បីជួយដល់គ្រួសារដែលមានជីវភាពខ្វះខាត។
ក្នុងនាមមន្ត្រីសង្ឃខេត្ត ព្រះចៅអធិការវត្ដមួយចំនួន និងតំណាងឱ្យសប្បុរជនដែលជ្រះថ្លា ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ ព្រះរាជាគណៈកិត្តិយស ព្រះសមុហ៍គណខេត្ត និងជាព្រះគ្រូចៅអធិការវត្តប្រាសាទចន្ទរង្សី ស្ថិតក្នុងស្រុកប្រាសាទបាគងខេត្តសៀមរាប   មានសង្ឃដីកាថ្លែងអំណរគុណបំផុតចំពោះទឹកចិត្តដ៏សប្បុរសរបស់ញាតិញោម ដែលតែងតែលះបង់ទ្រព្យធនធាន និងកម្លាំងកាយកម្លាំងចិត្ត ដើម្បីចូលរួមចំណែកជួយ សង្គម ជួយធុរៈដល់អាជ្ញាធរមូលដ្ឋាន សំដៅកាត់បន្ថយភាពក្រីក្រ ស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជ រដ្ឋាភិបាល  ដែលជានិច្ចកាល ក្រុមសប្បុរសជនទាំងនេះ តែងតែយកចិត្ត ទុកដាក់ជួយដល់ប្រជាពលរដ្ឋដែលមានការខ្វះខាត មិនថានៅខេត្តសៀមរាប ឬនៅ ខេត្តដទៃទៀតនោះទេ។ ព្រះធម្មានុរ័ក្ខញាណ ស៊ុម ពិសិដ្ឋ បាន ចាត់ទុកសម្ភារៈអំណោយនេះ ថាជាទានដ៏វិសេសសម្រាប់អ្នកខ្វះខាត ទោះបីជាមិនច្រើនក្តីតែអាចជួយសម្រាលការលំបាកក្នុងជីវភាពបានមួយគ្រាៗដែរ។ ព្រះអង្គមានថេរដីកាថា៖បុគ្គលដែលអាចធ្វើទានបាន ឈ្មោះថាជាអ្នកមានត្បិតអី លុះត្រាតែមាន ទើបអាចឱ្យរបស់ទ្រព្យទៅជន ដទៃបាន។ “មាន” នៅទីនេះ សំដៅលើភាពជាអ្នកមាន ធម៌ មេត្តា ក្តីសន្តោសនៅក្នុងចិត្តសន្តាន។
ព្រះតេជគុណ មានសង្ឃដីកាថា៖បើនិយាយពីការរស់នៅវិញ យើងអាចប្រកបការងារផ្សេងៗ និងអាចរក្សាជីវិតឱ្យគង់ បាន ព្រោះហេតុគឺ “អាហារ” ដូច្នេះ ការឱ្យនូវអាហារ ឬទាន ឈ្មោះថា ការឱ្យនូវជីវិត។ហេតុនេះ ញាតិញោមទាំងឡាយ ដែលជាម្ចាស់ដើមទាន គប្បីត្រេកអរជ្រះថ្លាក្នុងចិត្តថា “ទាន ទោះតិចក្តីច្រើនក្តី ដែលអាត្មាអញកំពុងធ្វើ នេះឈ្មោះថាកំពុងដើរតាមគន្លងព្រះយុគ្គលបាទនៃព្រះសម្មាសម្ពុទ្ធបរមគ្រូហើយ”។សូមបញ្ជាក់ថា៖ បងប្អូនប្រជាពលរដ្ឋជួបការខ្វះខាតជាក់ស្តែង ចំនួន២០គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ២៣គ.ក្រ មី០១កេស ទឹកត្រី ទឹកស៊ីអ៊ីវ  និងថវិកា ២ម៉ឺនរៀល។ ចំណែក២០០គ្រួសារទៀត ក្នុងមួយគ្រួសារទទួលបានសារ៉ុង០១និងថវិកា១ម៉ឺនរៀល។ សិស្សានុសិស្សចំនួន៥០០នាក់ ម្នាក់ៗទទួលបានសៀវភៅ០២ក្បាល ប៊ិក០១ដើម ខ្មៅដៃ០១ដើម និងថវិកា៣ពាន់រៀល។លោកគ្រូអ្នកគ្រូ អាជ្ញាធរមូលដ្ឋាន ប្រជាការពារ សរុបចំនួនប្រមាណជា៤០នាក់ក្នុងម្នាក់ៗទទួលបានសារ៉ុង០១ និងថវិកា២ម៉ឺនរៀល និងបានប្រគេនព្រះសង្ឃចំនួន១០អង្គក្នុងមួយអង្គៗ បច្ច័យ ៥ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *