អភិបាលខេត្តពោធិ៍សាត់ ជួបសំណេះ សំណាលជាមួយបងប្អូនប្រជាពលរដ្ឋអាជីវករផ្សារសាមគ្គីក្រគរ

ពោធិសាត់៖ ឯកឧត្តម​ ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ រួមដំណើរដោយលោកអភិបាលរងខេត្ត មន្ទីរពាក់ព័ន្ធ លោកអភិបាលស្រុកក្រគរ នាយករងរដ្ឋបាលសាលាខេត្ត គណៈ កម្មការគ្រប់គ្រងផ្សារនិងអ្នកទទួលបន្ទុកភាស៊ីបានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខបងប្អូនអាជីវករដែលបាននឹងកំពុងធ្វើអាជីវកម្មលក់ដូរទំនិញជាពិសេសចំពោះអ្នកលក់ដូរ កញ្ជើ កញ្ច្រែងបន្តិចបន្តួច មិនឱ្យយកភាស៊ីនិងក្តាប់នូវរាល់បញ្ហាមួយចំនួនក៏ដូចបង្កើតនូវភាពស្និទ្ធស្នាលនៅផ្សារសាមគ្គីក្រគរ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២៣។

ការចុះជួបសំណេះសំណាលនេះឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តបានជួបផ្ទាល់ជាមួយអ្នកលក់ដូរកញ្ជើ កញ្ច្រែងបន្លែបន្តិចបន្តួចជាមនុស្សចាស់ៗប្រមាណជាង១០នាក់ដែលកន្លងមកតែងតែបង់ភាស៊ីប្រចាំនោះ ពេលនេះអភិបាលខេត្តបានស្នើឱ្យម្ចាស់ភាស៊ីក៏ដូចមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត រួមទាំងអ្នកពាក់ព័ន្ធបញ្ឈប់ក្នុងការបង់ភាស៊ី។

ការអនុវត្តបែបនេះ ក្នុងគោលបំណងចូលរួមចំណែកជួយផ្តល់ទីកន្លែងលក់ដូរសម្រាប់រកទទួលទានប្រចាំថ្ងៃនិងជួយលើកស្ទួយ ជីវភាពដល់ពួកគាត់កាន់តែប្រសើរឡើងហើយជាមួយគ្នានោះសូមឱ្យអ្នកទទួលបន្ទុកភាស៊ី និងរដ្ឋបាលស្រុកត្រូវរួមសហការរៀបចំទីតាំងលក់ដូរឱ្យមានរបៀបរាបរយសណ្តាប់ធ្នាប់ល្អទៅតាមទីតាំងបានកំណត់ឬតាមបែប អណាធិបតេយ្យបង្កការប៉ះពាល់ដល់អ្នកដំណើរ។

ចំពោះសមត្ថកិច្ចមូលដ្ឋាន គណៈកម្មការផ្សារនិងសន្តិសុខត្រូវទទួលខុសត្រូវខ្ពស់លើការងារសន្តិសុខ​សណ្តាប់ធ្នាប់ សុវត្ថិភាពនៅក្នុងនិងជុំវិញទីផ្សារព្រមទាំងបង្កើនការយកចិត្តទុកដាក់ក្នុងការគ្រប់គ្រងរាល់សំរាម កាកសំណល់រឹង រាវ ទីផ្សារនិងប្រព័ន្ធបង្ហូរទឹកជុំវិញផ្សារជាពិសេសបរិវេណមុខផ្សារឱ្យបានស្អាតល្អនិងមានសោភ័ណ្ឌភាពដើម្បីធានាដល់ចរន្តទឹកហូរបានទាន់ពេលវេលា មិនបង្កឱ្យមានការកកស្ទះហើយក៏ជាមុខមាត់របស់ផ្សារនិងរដ្ឋបាលស្រុកក្រគរយើង។

ឯកឧត្តមក៏បានលើកឡើងផងដែរថា ផ្សារក្រគរ រហូតមកដល់ពេលនេះពិនិត្យឃើញថា កាន់តែមានរបៀបរាបរយនិងមានសោភណ្ឌភាពល្អច្រើននេះគឺដោយសារការយកចិត្តទុកដាក់ពីសំណាក់ក្រុមការងាររាជរដ្ឋាភិបាលចុះជួយស្រុកក្រគរនិងស្រុកកណ្តៀងសហការជាមួយអាជ្ញាធរស្រុកឃុំ គណៈ កម្មការផ្សារនិងមានការចូលរួមពីបងប្អូនអាជីវករនោះទើបធ្វើផ្សារមួយនេះកាន់តែមានភាពទាក់ទាញពីគ្រប់មជ្ឈដ្ឋាន។

តែទោះជាយ៉ាងនេះក៏ដោយសូមឱ្យរដ្ឋបាលស្រុកក្រគរ គណកម្មការផ្សារត្រូវពិនិត្យតាមដានជាប់ជាប្រចាំដើម្បីក្តាប់បាននូវរាល់បញ្ហាប្រឈម នានាដែលកើតមាន ជៀសវាងបង្កការថ្នាំងថ្នាក់ពីសំណាក់បងប្អូនអាជីវករមកលើថ្នាក់ដឹកនាំ។

នៅពេលអញ្ជើញចុះជួបបងប្អូនអាជីវករនៅក្នុងផ្សារសាមគ្គីក្រគរនោះឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយក្រុមការងារបានអញ្ជើញពិសារអាហារបបរ គុយទាវមានសភាពសាមញ្ញនិងបង្កើតនូវភាពស្និទ្ធស្នាលជាមួយបងប្អូនអាជីវករដោយក្តីរីករាយបំផុត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *