អង្ករនិងមីជាសទ្ធាជ្រះថ្លារបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនិងលោកជំទាវប្រគេនព្រះសង្ឃ១០វត្តនៅខេត្តពោធិ៍សាត់ដែលទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀងនិងអត្តខាន់

ពោធិសាត់៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ក្នុងការចូលរួមលើកស្ទួយវិស័យព្រះពុទ្ធសាសនាដែលជាកេរ្តិ៍តំណែងពីដូនតាមានសទ្ធាជ្រះថ្លា បានផ្តល់អង្ករ និងមី ប្រគេនដល់ព្រះសង្ឃចំនួន១០វត្តនៅខេត្តពោធិ៍សាត់ដែលពុំសូវមានពុទ្ធបរិស័ទចូលរួមក្នុងថ្ងៃកាន់បិណ្ឌភ្ជុំបិណ្ឌ ទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀងនិងអត្តខាត់ នាពេលកន្លងមក តាមរយៈឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា។

ពិធីប្រគេននិងទទួលនេះបានប្រារព្ធធ្វើនៅវត្តកែវឧត្តម ហៅវត្តកណ្តាល ស្ថិតក្នុងឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ នៅរសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣ ដោយមានការនិមន្តចូលរួមពីព្រះតេជគុណ សៅ សុជា ព្រះបាឡាត់គុណខេត្ត លោក ហៀម ឃួន អភិបាលរងតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តព្រមទាំងប្រតិភូអមដំណើរ មន្ត្រីមន្ទីរធម្មការនិងសាសនាខេត្ត អភិបាលស្រុក អាជ្ញាធរមូលដ្ឋាននិងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានថ្លែងថា ស្របតាមអនុសាសន៍ណែនាំផ្តាំផ្ញើ ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានិងលោកជំទាវ បណ្ឌិត ពេជ ចន្ទនុនី ហ៊ុន ម៉ាណែត តែងតែផ្តោតការយកចិត្តទុកដាក់គិតគូរគ្រប់បណ្តាវត្ត ដោយបានចាត់ទុកថា វិស័យព្រះពុទ្ធសាសនាពិតជាបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំ បណ្តុះបណ្តាលធនធានមនុស្ស ជម្រុញឱ្យពុទ្ធបរិស័ទគ្រប់ៗរូបប្រកាន់ខ្ជាប់នូវសីលធម៌ ចរិយាធម៌ គុណធម៌និងរួមចំណែកអភិវឌ្ឍសង្គមជាតិជាមួយរាជរដ្ឋាភិបាល។

ជាមួយគ្នានោះសូមឱ្យព្រះមន្ត្រីសង្ឃ ព្រះសង្ឃនិងពុទ្ធបរិស័ទទាំងអស់ត្រូវបង្កើនការប្រុងប្រយត្ន័ជាប់ជានិច្ចអំពីបញ្ហាសុខុមាភាពពោលគឺ រួមគ្នាគោរពច្បាប់ចរាចរណ៍ កាត់បន្ថយ អត្រាគ្រោះថ្នាក់ត្រូវមានទម្លាប់ហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត។

នៅចំពោះមុខក្រោយពីទឹកសម្រក់នោះសូមឱ្យបងប្អូនប្រជាពលរដ្ឋបន្តការខិតខំជម្រុញការងារដាំដុះ ចិញ្ចឹមសត្វនិងបង្កើតមុខរបរផ្សេងៗដើម្បីលើកកម្ពស់ជីវភាពរស់នៅកាន់តែប្រសើរ។

នៅក្នុង ឱកាសប្រកបដោយសទ្ធាជ្រះថ្លានេះឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា បានប្រគេនអង្ករ មីនិងបច្ច័យ មួយចំនួនដល់វត្តទាំង១០ក្នុងនោះវត្តនៅក្នុងក្រុងពោធិ៍សាត់ចំនួន១ វត្ត ស្រុកវាលវែងចំនួន៦វត្ត ស្រុកកណ្តៀងចំនួន១វត្ត និងស្រុកតា លោសែនជ័យចំនួន២វត្តដោយក្នុងមួយវត្តអង្ករ៥០០គីឡូក្រាម មី២៥កេសតូចនិងបច្ច័យចែកជូនលោកតា លោកយាយនិងសម្រាប់ដឹកជញ្ជូនទៅតាមវត្តមួយចំនួនដែលជាសទ្ធាជ្រះថ្លារបស់សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជានិងលោកជំទាវបណ្ដិតពេជ ចន្ទមុនី ហ៊ុន ម៉ាណែត ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *