ពិធីបុណ្យអុំទូកអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរនៅស្រុកកណ្តៀងមានអ្នកទស្សនាជាង៥០០០អង្គនាក់

ពោធិ៍សាត់៖ រដ្ឋបាលស្រុកកណ្តៀង សហការជាមួយរដ្ឋបាលក្រុងពោធិ៍សាត់ ព្រះមេគណខេត្ត ព្រះអនុគណស្រុក នៃខេត្តពោធិ៍សាត់ បានរៀបចំពិធីបុណ្យអុំទូក «ង»ដើម្បីអបអរសាទរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរក្រោយពីបញ្ចប់មួយថ្ងៃនិងផ្ដល់ការកម្សាន្តជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ ដោយមានអ្នកចូលរួមទស្សនាជាង៥០០០អង្គ/នាក់ដែលបានប្រារព្ធធ្វើឡើងនាថ្ងៃអាទិត្យ១កើត ខែអស្សុជ ឆ្នាំថោះបច្ចស័ក ព.ស២៥៦៧ត្រូវនឹងថ្ងៃទី១៥ខែតុលា ឆ្នាំ២០២៣ស្របតាមមាត់ស្ទឹងពោធិ៍សាត់ទល់មុខវត្តនទីមង្គល ហៅ(វត្តកំពង់ក្រសាំង)ស្ថិតក្នុងភូមិកំពង់ក្រសាំង ឃុំកណ្តៀង ស្រុកកណ្តៀង។

បើតាមការឱ្យដឹងពីលោក ឆាយ គឹមម៉ុង អភិបាលនៃគណៈអភិបាលស្រុកកណ្តៀងនិងជាប្រធានគណៈកម្មការដឹកនាំការប្រកួតអុំទូក«ង»ចំណុះ២២នាក់ បានលើកឡើងថា ពិធីនេះកើតឡើងទៅបាន ក្រោមគំនិតផ្តួចផ្តើមពីព្រះព្រហ្មាភិរ័ត កែវ រតនៈ កែវ កន ព្រះមេគណខេត្ត និងជាព្រះគ្រូចៅអធិការវត្តកែវវិជ័យ រួមជាមួយព្រះគ្រូអនុគណស្រុក ព្រះចៅអធិការវត្ត រដ្ឋបាលសាលាស្រុកកណ្តៀង និងសាលាក្រុងពោធិ៍សាត់ដោយមានអ្នកមកចូលរួមទស្សនាប្រមាណ៥០០០អង្គ/នាក់។

លោកឱ្យដឹងថា ឈ្មោះទូក«ង»ទាំង៦គូស្មើនឹង១២ទូកបានមកចូលរួមប្រកួតគឺ ១- ទូកឈ្មោះពោធិ៍សាត់មានជ័យបារមីចៅសែន ២-សម្តេចធិបតីបារមីអ្នកអប់រំ ៣-វាលសាឡឹមមានជ័យបារមីវត្តកញ្ជរខាងត្បូង ៤- បារមីកែវវិជ័យសិរីពោធិ៍សាត់ ៥-នទីមង្គលកម្ពុជៈរតនមានជ័យ ៦- ពោធិវង្សសុខុមាលមានជ័យសិរីឧត្តម ៧- ទំព័រសុវណ្ណសែនជ័យបារមីតាគ្រី ៨- កម្លាំងសាមគ្គីនារីពោធិ៍សាត់ ៩- កណ្តៀងសុខសិរី មានជ័យ ១០- កញ្ញាកន្ត្រប់មានជ័យបារមីនទីសេដ្ឋាសែនតេជៈ១១- តេជៈកែវវិជ័យនិង១២-នទីសេដ្ឋាបុផ្ផាស្បៃវែងសែនតេជៈ។

លោកបានថ្លែងទៀតថា ការប្រារព្ធពិធីនេះឡើង គឺមិនមែនដើម្បីប្រកួតប្រជែងយកអ្នកចាញ់យកអ្នកឈ្នះ ធ្វើការជ្រើសរើសជើងឯកទៅប្រឡងប្រណាំងនៅថ្នាក់ជាតិនោះទេ ពោលគឺដើម្បីអបអរសាទរ និងធ្វើឱ្យមានភាពឱឡារិកបន្ទាប់ពីបញ្ចប់កម្មវិធីបុណ្យភ្ជុំបិណ្ឌមួយថ្ងៃក៏ដូចចូលរួមអបអរសាទរក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក តែងតែបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងគោល បំណងថែរក្សានិងអភិរក្សប្រពៃណីនេះសម្រាប់កូនចៅយើងជំនាន់ក្រោយៗទៀត។

កម្មវិធីនេះរៀបចំឡើងក៏ដោយសារប្រទេសជាតិមានសុខសន្តិភាព ស្ថេរភាពប្រជាពលរដ្ឋរស់នៅក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា គឺមនុស្សគ្រប់ស្រទាប់វណ្ណៈ អាចធ្វើដំណើរ ដើរហើរ កម្សាន្តគ្រប់ទិសទី តាមបំណងប្រាថ្នា របស់ខ្លួន។

តាមរយៈនៃការប្រកួតអុំទូកនេះលោកសង្ឃឹមជឿជាក់និងសុំសូមពរឱ្យកីឡាករគ្រប់ៗរួបត្រូវប្រកាន់គោលជំហរសាមគ្គីភាព ចេះយោគយល់និងអព្យាស្រ័យគ្នាទៅវិញទៅមកដើម្បីរក្សាបានភាពថ្លៃថ្នូសម្រាប់វត្តនិមួយៗក៏ដូចទូទាំងស្រុកកណ្តៀងយើងទាំងមូល។ ក្នុងឱកាសនោះ ទូកដែលទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ១ គឺទូក ឈ្មោះ នទីសេដ្ឋាបុប្ផាស្បៃវែងសែនតេជៈ ចំណាត់ថ្នាក់លេខ ២ទូកឈ្មោះ គឺទូកវាលសាឡឹមមានជ័យ បារមីកញ្ជរខាងត្បូង និងចំណាត់ថ្នាក់ លេខ៣មានចំនួន២ទូក (ស្ទួន)គឺទូកឈ្មោះ នទីមង្គលកម្ពុជៈរតនមានជ័យនិងទូកឈ្មោះបារមីកែវវិជ័យសិរីពោធិ៍សាត់ទទួលបានពាន់រង្វាន់១ បណ្ណ័សរសើរ១ អមដោយថវិកា១០ម៉ឺនរៀល ដោយឡែកទូកដែលមិនទទួលបានជ័យលាភី ក្នុងមួយទូក ទទួលបានតែថវិកា ១០ម៉ឺនរៀលស្មើៗគ្នា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *