រដ្ឋបាលខេត្តសៀមរាប រៀបចំព្រះរាជពិធីបុណ្យ ខួបទី១០១ នៃទិវាប្រសូត និង ពិធីគោរពព្រះវិញ្ញា ណក្ខន្ធព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំព្រះរាជពិធីបុណ្យខួបទី១០១ នៃទិវាប្រសូត និងពិធីគោរពព្រះវិញ្ញាណក្ខន្ធ  ព្រះករុណាព្រះបាទសម្តេច  ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ  ព្រះវររាជបិតាឯករាជ្យជាតិ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ គម្រប់ខួប ១១ឆ្នាំ នៃការសោយទីវង្គតរបស់ព្រះអង្គ ដែលប្រារព្ធធ្វើនៅព្រះរាជដំណាក់ ក្រុងសៀមរាប  ក្រោមអធិបតីភាពរបស់ឯកឧត្ដម អ៊ាង ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្ដម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដោយមានការនិមន្ត អញ្ជើញចូលរួមពីសំណាក់ព្រះមេគុណខេត្ត ទាំងពីរ គណៈ ឯកឧត្តមលោកជំទាវ លោកឧកញ៉ា លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលរងខេត្ត អស់លោកលោកស្រីថ្នាក់ដឹកនាំគ្រប់មន្ទីរ អង្គភាព ជុំវិញខេត្ត មន្ត្រីអ្នកមុខអ្នកការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ និង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត យុវជន កាកបាទក្រហមកម្ពុជា យុវជនកាយរឹទ្ធកម្ពុជា ជាច្រើនរូប នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៣នេះ។
ព្រះរាជពិធីបុណ្យនាឱកាសនេះដែរ គឺដើម្បីបង្ហាញនូវសេចក្តីគោរពស្រឡាញ់ លើសពីជីវិតដែលពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបាន របស់ប្រជារាស្ត្ររបស់ ព្រះបរមរតនកោដ្ឋ និងរំលឹកនូវគុណូបការៈគុណរបស់ព្រះអង្គ ដែលបានបន្សល់ទុកនូវស្នាព្រះហស្ថ នៃអង្គសម្តេចឪ សម្តេចតា សម្តេចតាទួត ដែលជាពិសេសនោះ គឺជោគជ័យរបស់ប្រទេសកម្ពុជា ក្នុងការដណ្តើមយកឯករាជ្យជាតិពីអាណានិគមនិយមបារាំងសេស នាឆ្នាំ១៩៥១ និងការទាមទានូវប្រាសាទព្រះវិហារខ្មែរមកវិញ ពីសំណាក់សៀមឈ្លានពាន នាឆ្នាំ១៩៦២ ការបង្រួបបង្រួមផ្សះផ្សាជាតិ និងសមិទ្ធផលធំៗជាច្រើនផងដែរ ។ ក្នុងឱកាសនោះដែរ ក្នុងនាមជាកូន ជាចៅ ចៅទួត ចៅលួត របស់ព្រះអង្គ សូមសម្តែងឲ្យឃើញពីក្តីសោកស្តាយ អាឡោះអាល័យ នឹកឃើញនូវព្រះគុណូបការៈដ៏ថ្លៃថ្លា និងវិសេសវិសាលដ៏ឧត្តុង្គឧត្តម ចំពោះស្នាព្រះហស្ថរបស់ព្រះករុណា ដែលបានបន្សល់ទុកនូវសមិទ្ធផលជាច្រើន សម្រាប់ជាតិមាតុភូមិ សម្រាប់កូនចៅ ប្រជារាស្រ្តកម្ពុជាទូទាំងប្រទេស។
គួររំលឹកថា ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានប្រសូត្រនៅថ្ងៃអង្គារ ទី៣១ ខែតុលា ឆ្នាំ១៩២២ នៅរាជធានីភ្នំពេញ។ ព្រះអង្គបានឡើងគ្រងរាជ្យ ពីឆ្នាំ១៩៤១ ដល់១៩៥៥ និងម្ដងទៀតគឺចាប់ពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០០៤ ។ ទ្រង់ចូលទិវង្គតនៅថ្ងៃចន្ទ ទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង០១ នឹង ២០នាទីយប់ នៅទីក្រុងប៉េកាំងប្រទេសចិន ដោយព្រះជរាពាធ ក្នុងជន្មាយុ ៩០ព្រះវស្សា ។ ព្រះសពរបស់អតីតព្រះមហាក្សត្រ ត្រូវបានដឹកតាមជើងយន្តហោះពិសេសពីប្រទេសចិនមកកម្ពុជា នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១២ នៅវេលាម៉ោង ៣រសៀល។
នៅជារៀងរាល់ឆ្នាំរដ្ឋបាលខេត្តសៀមរាប តែងតែរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះបិតា ឯករាជ្យជាតិ ដើម្បីបង្ហាញនូវការគោរពស្រឡាញ់ ពោរពេញទៅដោយភក្ដីភាពដ៏ជ្រាលជ្រៅមិនអាចកាត់ថ្លៃបានរបស់ប្រជានុរាស្ត្ររបស់ព្រះអង្គ និង រំលឹកថ្វាយចំពោះព្រះករុណា ព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តសីហនុ ក្នុងការរំលឹកនូវគុណូបការៈរបស់ព្រះបរមរតនកោដ្ឋ ដែលបានបន្សល់ទុក នូវស្នាព្រះហស្ថនៃអង្គ សម្តេចឪ សម្តេចតា សម្តេចតាទួត ដល់កូនចៅជំនាន់ក្រោយមកទល់បច្ចុប្បន្ននេះ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *