ពោធិ៍សាត់៖ រដ្ឋបាលសាលាខេត្តបានរៀបចំពិធីគោរពព្រះវិញ្ញាណក្ខន្ធព្រះ បរមរតនកោដ្ឋ ព្រះករុណា ព្រះបាទ សសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវរៈរាជបិតាជាតិខ្មែរគម្រប់ខួប ១១ឆ្នាំ នៅបុរីវប្បធម៌កោះសំពៅមាសជាទីប្រជុំជន ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់នាថ្ងៃអាទិត្យ ១កើត ខែអស្សុជ ឆ្នាំ ថោះ បច្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៥ខែតុលាឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំងសមាជិក សមាជិការ ក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង ថ្នាក់ដឹកនាំ មន្ត្រីរាជការមន្ទីរ និងកងកម្លាំងប្រដាប់អាវុធទាំង៣ ប្រភេទ ប្រមាណ ៧០០នាក់។
ដើម្បីតបស្នងព្រះមហាករុណាទិគុណនិងព្រហ្មវិហាធម៌ដ៏ថ្លៃថ្លា ឧត្តុង្គឧត្តមវិសេសវិសាលរបស់ព្រះអង្គនោះ រដ្ឋបាលខេត្តពោធិ៍សាត់បានរៀបចំឱ្យមានការតុបតែងលម្អដាក់តាំងព្រះបរមឆាយាលក្ខណ៍ បំភ្លឺភ្លើងព៌ណ លើកទង់ជាតិ ទង់សាសនា ទង់ព្រះមហាក្សត្រនៅតាមមន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង រហូតដល់មូលដ្ឋាន។ចំពោះកន្លែងគោរពពិធីថ្នាក់ដឹកនាំគ្រប់ស្ថាបនបានចូលរួមដាក់កូរោនដែលមាន១១ផែនប្រទានព្រះអគ្គីជ័យ ទាន ធូប ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធព្រមទាំងនិមន្តព្រះសង្ឃចំនួន៧អង្គបង្សុកូលឧទ្ទិសថ្វាយព្រះរាជកុសលផលបុណ្យ ទៅតាមគន្លងនៃព្រះពុទ្ធសាសនា។
ផ្អែកតាមសាលិខិតរបស់រដ្ឋបាលខេត្ត ដោយបានបញ្ជាក់ថា នេះគឺជាបុណ្យគម្រប់ខួប១១ឆ្នាំដែលទូលព្រះបង្គំយើងខ្ញុំជាកូនចៅ ចៅទួត ក្នុងជួរក្រុមប្រឹក្សា គណៈអភិបាលខេត្ត ស្រុក ក្រុង ឃុំ សង្កាត់ ព្រះសង្ឃ មន្រ្តីរាជការកងកម្លាំងប្រដាប់អាវុធទាំង៣ និងប្រជាពលរដ្ឋគ្រប់សញ្ញាតិទូទាំងខេត្តពោធិ៍សាត់ សូមសម្តែងនូវសមាណទុក្ខយ៉ាងក្រៀមក្រំក្រៃលែង រកទីបំផុតគ្មានចំពោះការយាងទីវង្គតរបស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរៈក្សត្រព្រះវរៈរាជ្យ បិតាឯករាជ្យបូរណៈភាពនិងឯករាជ្យជាតិខ្មែរ ។ព្រះអង្គប្រសូត្រនៅថ្ងៃអង្គារ ១១កើតខែកក្កិកឆ្នាំច ចត្វាស័ក ព.ស២៤៦៥ត្រូវនឹងថ្ងៃទី៣១ខែតុលាឆ្នាំ១៩២២។
ព្រះអង្គបានយាងចូលព្រះទីវង្គតនៅថ្ងៃចន្ទ ១៥រោជខែភទ្របទ ឆ្នាំរោង ចត្វាស័ក ព.ស ២៥៥៦ត្រូវនឹងថ្ងៃទី១៥ខែតុលាឆ្នាំ២០១២នៅមន្ទីរពេទ្យទីក្រុងបេកាំងនៃសាធារណរដ្ឋប្រជាមានិតចិនក្នុងព្រះជន្មាយុ៩០ព្រះវស្សា ដោយទទួលព្រះបរមបប្ចាមរណនាម «ព្រះបរមរតនកោដ្ឋ»។
ព្រះអង្គគឺជាព្រះមហាក្សត្រមួយព្រះអង្គប្រកបដោយទសពិតរាជធម៌កម្ររកបានជាក្សត្រមានបទពិសោធន៍ជា ចាស់ទុំ ក្នុង ចលនាបង្រួបបង្រួមនិងផ្សះផ្សាជាតិមហាសាមគ្គីភាពឯកភាពជាតិរឹងមាំជាអគ្គពុទ្ធសាសនូបត្ថម្ភខ្មែរ និងជាព្រះរាជឧបត្ថម្ភ បិតា នៃ ពុទ្ធសាសនិកពិភពលោក ។
ហើយ ការសោយព្រះទីវង្គតគឺជាការបាត់បង់នូវព្រះមហាវីរៈក្សត្រដ៏ឆ្នើមដែល ព្រះអង្គបានបូជាព្រះកាយពលបញ្ញាញាណចំពោះជាតិមាតុភូមិនិងប្រជាពលរដ្ឋខ្មែរនិងជាការបាត់បង់នូវកំពូលស្ថាបនិកសន្តិភាពជាតិអន្តរជាតិ ដោយព្រះអង្គជាក្សត្រ ដ៏មានប្រជាប្រិយ៍ភាពជាទីបំផុត។
នេះគឺជាថ្ងៃចុងក្រោយត្រូវបែកឆ្ងាយពីព្រះភក្រ្ត័និងព្រះកាយជា រៀងរហូតពីព្រះអង្គ ទូលព្រះបង្គំយើងខ្ញុំជាកូនជាចៅចៅទួតរបស់ព្រះអង្គទូទាំងខេត្តពោធិ៍សាត់សូមលើកអញ្ជលីបូងសួងសំបូង សំរូងដល់គុណកែវទាំងបីគឺព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងបារមីព្រះមហាក្សត្រជំនាន់មុនៗសូមជួយយិតយោងព្រះវិញ្ញាណក្ខន្ធសម្តេចតាសម្តេចតាទួតឲ្យបានទៅកាន់សុគតិភពពោលគឺសួគ៍និព្វានកុំបីឃ្លៀងឃ្លាតឡើយ។
ទួលព្រះបង្គំយើងខ្ញុំ សូមថ្វាយព្រះរាជ កុសលដល់ព្រះករុណាព្រះបាទសម្តេចព្រះ នរោត្តមសីហមុនីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជានិង សម្តេចមហាក្សត្រី នរោត្តមមុនីនាថសីហនុព្រះវរាជមាតាក្នុងសេរីភាពសេចក្តីថ្លៃថ្លូនិងសុភមង្គលសូមឲ្យព្រះអង្គ ទទួលបានសេចក្តី សុខចម្រើនក្នុង ព្រះរាជសម្បត្តិមានព្រះសុខភាពជន្មាយុយឺនយូទ្រង់គង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ព្រះពុទ្ធសាសនានិងប្រជាពលរដ្ឋខ្មែរតរៀងទៅ៕