ប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ប្រកបដោយសេចក្តីជ្រះថ្លា និងរីករាយជួបជុំក្រុមគ្រួសារ

សៀមរាប៖ សកម្មភាពប្រជាពុទ្ធបរិស័ទក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនៅខេត្តសៀមរាប នៅថ្ងៃ១៥រោជ ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែតុលាឆ្នាំ២០២៣ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ដែលជាបុណ្យមួយដ៏ធំ នៃប្រពៃណីទំនៀមទំលាប់របស់ប្រជាជនខ្មែរ ដែលកាន់សាសនាព្រះពុទ្ធ គោរពប្រតិបត្តិតាំងពីដូនតាតរៀងមក ។ ម៉្យាងទៀតពិធីបុណ្យភ្ជុំបិណ្ឌនេះ ពុទ្ធសាសនិកខ្មែរយើង បានប្រារព្ធបដិបត្តិធ្វើឡើងចាប់ពីថ្ងៃ១រោជ ខែភទ្របទ ដល់ថ្ងៃ១៥រោជ ខែ ភទ្របទ ត្រូវជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ ដែលបងប្អូនជាមន្ត្រីរាជការ អ្នកមុខអ្នកការ ប្រជាពុទ្ធបរិស័ទ ជិតឆ្ងាយបានឈប់សម្រាកពីការងារមកជួបជុំគ្នា នាំយកនូវចង្ហាន់ចំណីអាហារ ទៀនធូក បច្ច័យទៅវេរប្រគេនដល់ព្រះសង្ឃគង់នៅចាំព្រះវស្សានៅតាមទីវត្តអារាមនានា ក្នុងព្រះរាជាណាចក្រកម្ពុជា ។
ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតា បិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ ។ ដោយឡែកនៅខេត្តសៀមរាប នោះវិញ បណ្តាញអ្នកសារព័ត៌មានយើង បានសង្កេតឃើញថា សកម្មភាពក្នុងក្រុងសៀមរាប នាព្រឹកថ្ងៃទី១៤ ខែ តុលា ឆ្នាំ២០២៣ត្រូវនឹងថ្ងៃ១៥រោជ ខែភទ្របទ ដែលជាថ្ងៃបុណ្យភ្ជុំបិណ្ឌធំ បងប្អូនប្រជាពុទ្ធបរិស័ទ ទាំងចាស់ទាំងក្មេង យុវជនយុវតីដែលលម្អរទៅដោយសម្លៀកបំពាក់ចម្រុះពណ៌សមរម្យ ជាលក្ខណៈប្រពៃណីខ្មែរ មានសម្ពត់ហួល ផាមួង អាវប៉ាក់ ពិតជានារី ស្រ្តីខ្មែរ រីឯលោកយាយ លោកតា មានសម្ពត់ចងក្បិន អាវសរ និង អាវកត្រង់ ខោចែវ បានធ្វើដំណើរដោយប្រកបដោយភាពញញឹមស្រស់ស្រាយ ដោយនាំយកចង្ហាន់ទៅកាន់ទីវត្តនានាក្នុងក្រុង និង ក្រៅក្រុង ទៅតាមរថយន្តតូចធំ រឺម៉ក់ម៉ូតូ បានឆ្ពោះទៅកាន់ទីវត្តដែលជីដូនជីតា មាតាបិតា ញ្ញាតិការទាំងប្រាំពីរសណ្តាន តង្កល់ទុកនៅទីនោះ ដើមី្បនិមន្តព្រះសង្ឃ តាអាចារ្យធ្វើពិធីបង្សុកូល ឧទិ្ទសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត ជូនដល់លោកអ្នកមានគុណដែលបានចែកឋានទៅកាន់លោកខាងមុខ ។ មុនពេលដែលប្រគេនចង្ហាន់ដល់ព្រះសង្ឃ បងប្អូនពុទ្ធបរិស័ទយើងបានធ្វើការបូជាផ្កាទៀនធូក ថ្វាយចំពោះព្រះពុទ្ធរូប ព្រះសម្មាសម្ពុទ្ធ ព្រះបរមគ្រូនៃយើងផងដែរ ។ ម៉្យាងទៀត យើងក៏សង្កេតទៅតាមទីវត្តនិមួយៗ ឮសូរស័ព្ទតែសម្លេងព្រះធម៌ ដែលព្រះសង្ឃផ្តល់ពរជ័យ និង បង្សុកូល ក្នុងការឧទិ្ទសកុសលផលបុណ្យជូន ដល់វិញ្ញាណក្ខ័ន្តលោកអ្នកមានគុណ ដែលបានចែកឋានទៅកាន់លោកខាងមុខ សូមឲ្យបានទទួលនូវមគ្គផលកុសលផលបុណ្យ ដែលកើតចេញឡើងពីបងប្អូន កូនចៅ ញ្ញាតិមិត្ត បានឧទ្ទិសជូនទៅតាមរយៈព្រះសង្ឃដែលជាស្រែបុណ្យ នៅក្នុងឱកាសដែលប្រជាពលរដ្ឋខ្មែរ គោរពធ្វើបុណ្យភ្ជុំបិណ្ឌនាពេលនេះ ដើមី្បឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំង៧សណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ និង ជួយរំដោះឲ្យរួចចាកផុតពីទុក្ខទោសទាំងឡាយ ឧបាយភូមិណាមួយ និងឲ្យបានទៅកាន់សុគតិភពថ្មី ហើយងាកក្រោយមកជួយបីបាច់ថែរក្សាកូនចៅ ឲ្យមានសេចក្តីសុខសប្បាយ ក្នុងក្រុមគ្រួសារ សង្គមជាតិផងដែរ ។ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ប្រជាពុទ្ធបរិស័ទក៏បានសម្តែងការអរគុណសន្តិភាព ! អរគុណនយោបាយឈ្នះឈ្នះ ! ដឹងគុណស្ថាបនិក មគ្គទេសក៍ឯក និងប្រតិបតិ្តករ នយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និង ការឯកភាពជាតិពេញលេញ ក្រោមកិច្ចដឹកនាំរបស់រាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ។
ក្រោយពីបាននាំគ្នាយកចង្ហានទៅវេរប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ក្នុងភាពស្រស់ស្រាយ សប្បាយរីករាយរបស់បងប្អូនរស់ក្រោមដំបូលសន្តិភាព បានធ្វើឲ្យជីវភាពរបស់ប្រជាពលរដ្ឋកម្ពុជា ពីមួយឆ្នាំទៅមួយឆ្នាំកាន់តែមានភាពប្រសើរឡើង សន្តិភាព នាំមកនូវភាពសុខសាន្តរបស់ប្រជាជាតិកម្ពុជា គ្មានអ្វីមានតម្លៃជាងសន្តិភាពនោះឡើយ ។ សន្តិភាពបានបង្ហាញនូវភាពរីករាយ នៃការជួបជុំញាតិមិត្តក្រុមគ្រួសាររបស់ខ្លួន ព្រមទាំងបង្ហាញឲ្យអន្តរជាតិ អំពីលិទ្ធប្រជាធិបតេយ្យ និង សិទ្ធិមនុស្សនៅកម្ពុជាទៀតផង ។
ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *