ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិសាត់បានជួបសំណេះសំណាលជាមួយមន្ត្រីរាជការសាលាខេត្តទាំងអស់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានអញ្ជើញជួបសំណេះសំណាលនិងចែកជូនថវិកានិងសម្ភារមួយចំនួនសម្រាប់ចូលរួមអបអរសាទរបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ ដល់មន្ត្រីរាជការបម្រើការនៅសាលាខេត្តពោធិ៍សាត់ទាំងមន្ត្រីក្របខណ្ឌ័ មន្ត្រីជាប់កិច្ចសន្យា កម្មករអនាម័យ កម្លាំងការពារនិងមន្ត្រីចូលនិវត្តន៍ចំនួន១៩៧នាក់នៅក្នុងសាលាខេត្ត នៅរសៀលថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣នេះ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានបញ្ជាក់ថា នេះជាលើកទី២ចាប់តាំងឯកឧត្តមចូលកាន់មុខតំណែងជាអភិបាលនៃគណៈអភិបាលខេត្តដែលលើកទី១ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនិងលើកទី២នេះក្នុងឱកាសបុណ្យភ្ជុំបិណ្ឌបានជួបជុំសំណេះសំណាលទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការដែលបម្រើការងារនៅសាលាខេត្ត ក្នុងគោលបំណងសម្ដែងនូវវប្បធម៌ចែករំលែកនិងភាពរាកទាក់ ស្និទ្ធស្នាល គោរពស្រឡាញ់ ជួយគ្នាទៅវិញទៅមកដូចគ្រួសារតែមួយ ជាពិសេសក្នុងឱកាសកាន់បិណ្ឌប្រពៃណីខ្មែរយើងនាពេលនេះ ។

ជាការពិតណាស់ថា កន្លងមកនេះមន្ត្រីរាជការ ទាំងក្របខណ្ឌ័ ទាំងកិច្ចសន្យា កម្មករអនាម័យនិងកម្លាំងការពារសន្តិសុខ បានខំប្រឹងប្រែងបម្រើការងារ ទៅតាមតួនាទី ភារកិច្ចនិងធ្វើជាសេនាធិការឱ្យក្រុមប្រឹក្សា គណៈអភិបាលខេត្ត ដែលជាក្បាលម៉ាស៊ីនដឹកនាំគ្រប់គ្រង នូវរាល់កិច្ចការទាំងអស់នៅក្នុងរដ្ឋបាលខេត្តទទួលបានលទ្ធផលល្អប្រសើរ ។

ឯកឧត្តមបានលើកឡើងទៀតថា ក្នុងនាមយើងជាមន្ត្រីរាជការ ត្រូវតែមានចិត្តទូលំទូលាយ មឺងម៉ាត់ ស្មោះត្រង់ ស្អាតស្អំ មិនរើសអើង មានកិច្ចសហការសាមគ្គីផ្ទៃក្នុងនិងជាមួយបណ្តាមន្ទីរ អង្គភាព ស្រុក ក្រុង ឃុំ សង្កាត់ ឱ្យមានភាពរលូនលើការងារបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋហើយ អ្វីដែលយើងគប្បីខិតខំយកចិត្តទុកដាក់ពីពេលនេះនិងទៅថ្ងៃខាងមុខនោះគឺផ្តោតសំខាន់ក្នុងការជម្រុញការបណ្តុះបណ្តាល អភិវឌ្ឍន៍ សមត្ថភាពធនធានមនុស្ស ពង្រឹងការគ្រប់គ្រងឯកសារ លិខិតស្នាម គោរពច្បាប់វិន័យ លះបង់ភាពអសកម្ម ដើម្បីក្លាយជាកម្លាំងចលករក្នុងការរួមចំណែកអភិវឌ្ឍន៍ខេត្ត ។

ដើម្បីសម្រេចឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សូមឱ្យមន្ត្រីយើងទាំងអស់បន្តការខិតខំប្រឹងប្រែងបម្រើការងារប្រកបដោយទទួលខុសត្រូវខ្ពស់ ជាមួយគ្នានោះឯកឧត្តមក៏បានផ្តាំផ្ញើដល់មន្ត្រីរាជការ ក៏ដូចបងប្អូនប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន គោរពច្បាប់ចរាចរណ៍ពេល ធ្វើដំណើរទៅវត្តនិង ដើរកំសាន្តក្នុងពេលបុណ្យភ្ជុំបិណ្ឌ កុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

ឯកឧត្តម បានលើកឡើងទៀតថា ការជួបជុំគ្នានេះគឺស្របពេលរដូវបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌប្រពៃណីខ្មែរយើង ដូច្ឆេះដើម្បីចូលរួមចំណែកដោះស្រាយកង្វះខាតរបស់មន្ត្រីរាជការនៅសាលាខេត្ត នោះឯកឧត្តម បានចូលរួមជួយឧបត្ថម្ភសម្រាប់បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរទាំង ១៩៧នាក់ក្នុងម្នាក់ៗអង្ករ២៥គីឡូក្រាម មី១កេសនិង៤០ម៉ឺនរៀលដោយឡែកមន្ត្រីចូលនិវត្តន៍២០នាក់ថវិកា២០ម៉ឺនរៀល៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *