រដ្ឋបាលខេត្តកំពង់ឆ្នាំងប្រារព្ធពិធីគោរពវិញ្ញាណ ក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនៈកោដ្ឋ

កំពង់ឆ្នាំង៖ ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងនិង ឯកឧត្តម ឈិន សេងងួន អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្តឯកឧត្តមព្រះរាជាអាជ្ញាអមសាលាដំបូងខេត្ត ថ្នាក់ដឹកនាំ មន្ត្រីរាជការ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ធ្វើពិធីរៀបចំគោរពវិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ សម្តេច ព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ ព្រះវររាជបិតាជាតិ គម្រប់ខួបទី១១ឆ្នាំ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីរំលឹក និងសម្តែងនូវការគោរពដឹងគុណដ៏ខ្ពង់ខ្ពស់បំផុត ថ្វាយចំពោះព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានលះបង់ និងបូជាព្រះកាយពល ដ៏ធំធេងបំផុតចំពោះជាតិមាតុភូមិកម្ពុជា។

ពិធីនេះ បានប្រព្រឹត្តធ្វើឡើងនៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៣នេះ ដោយមានការនិមន្តព្រះសង្ឃសូត្រមន្ត និង ចម្រើនព្រះបរិត្ត ដើម្បីឧទ្ទិសដល់វិញ្ញាក្ខន្ធព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវិរក្សត្រ និងមានកិច្ចប្រោសព្រំសូមសេចក្តីសុខ សេចក្តីចម្រើនជូន ដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ទូទាំងខេត្ត។

នៅក្នុងកិច្ចនៃពិធីថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង បានអុចទៀនធូបគោរពព្រះវិញ្ញាណក្ខន្ធ ដោយ សម្តែង នូវមរណទុក្ខយ៉ាងក្រៀមក្រំបំផុត ចំពោះការយាងចូលទិវង្គតរបស់សម្តេចតា សម្តេចតាទួត ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ និង បង្រួបបង្រួមជាតិខ្មែរ ព្រម
ទាំងសូមបួងសួងដល់គុណព្រះរតនត្រ័យ វត្ថុស័ក្ដិសិទ្ធិទាំងឡាយក្នុងលោក សូមតាមជួយបីបាច់ថែរក្សា ការពារដួងព្រះវិញ្ញាណក្ខន្ធព្រះអង្គ “ ព្រះបរមរតនកោដ្ឋ ” សូមព្រះអង្គបានយាងកំណើតទៅកើតនៅសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថាៈនៅថ្ងៃ១៥ រោច ខែភទ្របទ ឆ្នាំរោងចត្វាស័កពុទ្ធសក ២៥៥៦ ត្រូវនឹងថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១២ វេលាម៉ោង១ និង២០នាទី រំលងអធ្រាត្រ ព្រះករុណា ព្រះបាទ សម្ដេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និង ឯកភាពជាតិខ្មែរ ទ្រង់បាន “សោយទិវង្គត” ក្នុងព្រះជន្មាយុ ៩០ ព្រះវស្សា ដោយព្រះជរាពាធ នៅមន្ទីរពេទ្យនាទីក្រុងប៉េកាំង នៃសាធារណរដ្ឋប្រជាមានិតចិន ហើយនៅថ្ងៃនេះប្រជាពលរដ្ឋ ខ្មែរតែងតែ “ប្រារព្ធពិធីគោរពវិញ្ញាណក្ខន្ធ ព្រះករុណា សម្តេចព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ”ជារៀងរាល់ឆ្នាំ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *