កិច្ចប្រជុំដំបូងរបស់គណៈ កម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋខេត្តសៀមរាប

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប ព្រឹកថ្ងៃទី១២ ខែ តុលា ឆ្នាំ២០២៣នេះ មានបើកកិច្ចប្រជុំដំបូងរបស់គណៈកម្មាធិការបោះឆ្នោតជ្រើស រើស ប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋរបស់ខ្លួន សម្រាប់អាណត្តថ្មី ដែលមានរយៈពេល៥ឆ្នាំ ដឹកនាំដោយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សមាជិក សមាជិកាក្រុមប្រឹក្សាខេត្ត ប្រធានសមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ លោក លោកស្រី តំណាងសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ព្រមទាំងប្រធាន និង តំណាងសហគមន៍ និងអង្គការសង្គមស៊ីវិលជាតិ លោកនាយករងរដ្ឋបាល , នាយក នាយករងទីចាត់ការគ្រប់គ្រងធនធានមនុស្ស , ទីចាត់ការរដ្ឋបាល និងប្រធានការិយាល័យលេខាធិការក្រុមប្រឹក្សា ដែលបានអញ្ជើញចូលរួមសរុប ចំនួន៥៦នាក់ចូលរួម ។
ឯកឧត្តម អ៊ាន ឃុន បានលើកផងដែរ ពីគោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីផ្សព្វផ្សាយអំពីសមាសភាព តួនាទីភារកិច្ច របៀបរបបការងារ របស់គណៈកម្មាធិការបោះឆ្នោត និងនីតិវិធី នៃការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យ ប្រជាពលរដ្ឋ។ កិច្ចប្រជុំនេះយើងក៏ផ្សព្វផ្សាយ អំពីរចនាសម្ព័ន្ធ តួនាទីភារកិច្ចរបស់ការិយាល័យប្រជាពលរដ្ឋខេត្ត និងពិភាក្សាគ្នាអំពីកាលបរិច្ឆេទ នៃការប្រកាសជ្រើសរើសប្រធាន អនុប្រធានការិយាល័យខេត្ត។ ឯកឧត្តម អ៊ាន ឃុន ក៏បានបន្តទៀតថា ការិយាល័យប្រជាពលរដ្ឋខេត្ត មានតួនាទីភារកិច្ច និងសិទ្ធិអំណាចដូចជា ទទួលបណ្តឹងនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនសម្រំាងវាយតម្លៃបណ្តឹង ដែលទទួលបាន បញ្ជូនបណ្តឹងមិនស្ថិតក្នុងសមត្ថកិច្ចទៅស្ថាប័នពាក់ព័ន្ធ ចាត់វិធានការស៊ើបអង្កេត និងលើកអនុសាសន៍អំពីវិធានការដោះស្រាយ និង តាមដានការអនុវត្តវិធានការដោះស្រាយ ផ្តល់ព័ត៌មានត្រឡប់អំពីលទ្ធផល នៃការដោះស្រាយបណ្តឹង រៀបចំយន្តការចាំបាច់នានា ពាក់ព័ន្ធនឹងដំណើការទទួល និងសម្រុះសម្រួលដោះស្រាយបណ្តឹងដែលស្ថិតក្នុងដែន សមត្ថកិច្ចរបស់ខ្លួន រៀបចំផែនការសកម្មភាព ថវិកា និងរបាយការណ៍។ លើសពីនេះទៀត ការិយាល័យប្រជាពលរដ្ឋ មានសមត្ថកិច្ចស៊ើបអង្កេត រាយការណ៍ និងផ្តល់អនុសាសន៍ទៅលើបណ្តឹងពាក់ព័ន្ធនឹងសេចក្តីសម្រេចរបស់រដ្ឋបាលខេត្ត និងមន្ទីរអង្គភាពជំនាញ ដែលផ្ទុយនឹងគោលការណ៍ច្បាប់ ឬប៉ះពាល់ប្រយោជន៍បុគ្គល និងសហគមន៍ ការបំពេញការងារ និងអាកប្បកិរិយារបស់បុគ្គលិកក្រុមប្រឹក្សា បុគ្គលិកមន្ទីរ អង្គភាពជំនាញ និងភ្នាក់ងារទទួលសមត្ថកិច្ច ការគ្រប់គ្រង ការប្រើប្រាស់ហិរញ្ញវត្ថុ និងទ្រព្យសម្បត្តិរបស់រដ្ឋបាលខេត្ត មន្ទីរ អង្គភាពជំនាញ និងការផ្តល់សេវាធារណៈនានា ។
កិច្ចប្រជុំរបស់គណៈកម្មាធិការបោះឆ្នោតជ្រើសរើសប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋនាពេលនេះ បានប្រព្រឹត្តទៅចប់សព្វគ្រប់តាមកម្មវិធី និងរបៀបវារៈ ដែលបានគ្រោងទុក ដោយទទួលបានលទ្ធផលល្អប្រសើរ ។
សូមបញ្ជាក់ថា រដ្ឋបាលខេត្តសៀមរាប ចាប់ផ្តើមទទួលពាក្យបេក្ខជនប្រធាន អនុប្រធានការិយាល័យប្រជាពលរដ្ឋ ចាប់ពីថ្ងៃទី១២ ខែតុលាឆ្នាំ២០២៣នេះ រហូតដល់ថ្ងៃទី១០ខែ វិច្ឆិកា ឆ្នាំ២០២៣ ក្នុងម៉ោងធ្វើការបញ្ចប់នៅម៉ោង១៧.០០ ។ កន្លែងទទួលពាក្យនៅការិយាល័យលេខាក្រុមប្រឹក្សាខេត្ត នៃសាលាខេត្តសៀមរាប ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *