សុខសន្តិភាពមានតម្លៃធំធេងណាស់ដែលយើងត្រូវការពារឲ្យបានដាច់ ខាតទោះស្ថិតក្នុងតម្លៃណាក៍ដោយ

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់មានប្រសាសន៍ថា សុខសន្តិភាពមានតម្លៃធំធេងណាស់ ដែលយើងត្រូវការពារឲ្យបានដាច់ខាត ទោះស្ថិតក្នុងតម្លៃណាក៍ដោយ។

ឯកឧត្តមមានប្រសាសន៍បែបនេះ ក្នុងឱកាសចុះសំណេះសំណាលសួរសុខទុក្ខ និងនាំយកស្បៀងទៅឧបត្ថម្ភដល់កងកម្លាំងសមរភូមិមុខ ដែលកំពុងឈរជើងការពារទឹកដីនៅខ្សែបន្ទាត់ព្រំដែនថ្មដា ស្ថិតក្នុងឃុំថ្មដាស្រុកវាលវែងខេត្តពោធិ៍សាត់ នាថ្ងៃទី១១ខែតុលាឆ្នាំ២០២៣កងកម្លាំងដែលឈរជើងនៅទីនោះ ទី១ វរៈសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨២៥, ទី២ កងការពារព្រំដែនគោកលេខ៥០១របស់យោធភូមិភាគទី៥, ទី៣ វរៈសេនាតូចលេខ១ របស់តំបន់ប្រតិបត្តិការសឹករងខេត្ត និងទី៤ ផ្នែកសឹករងស្រុកវាលវែង។

ឯកឧត្តម ខូយ រីដា មានប្រសាសន៍ថា កាលពីថ្ងៃទី១០ខែតុលាឆ្នាំ២០២៣ ខណៈបានដឹកនាំប្រតិភូខេត្តចុះសួរសុខទុក្ខ និងនាំយកស្បៀងទៅឧបត្ថម្ភដល់កងពលតូចអន្តរាគមន៍លេខ១៤ នៅភ្នំបាយឃ្លះស្រុកក្រគររួចម្ដងមកហើយ ហើយថ្ងៃនេះបានមកដល់ឃុំថ្មដាស្រុកវាលវែង ដើម្បីដឹងសុខដឹងទុក្ខកងកម្លាំងការពារព្រំដែន ផ្សារភ្ជាប់សមរភូមិមុខជាមួយសមរភូមិក្រោយ ពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌនិងភ្ជុំបិណ្ឌផងដែរ។

ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តមានប្រសាសន៍ថា រាជរដ្ឋាភិបាលបញ្ចកោនអាណត្តិទី៧ ដែលដឹកនាំដោយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់គ្រប់ជ្រុងជ្រោយ គ្រប់វិស័យ រាប់ទាំងសេដ្ឋកិច្ចក្រៅប្រព័ន្ធផងដែរ ដើម្បីឲ្យប្រជាពលរដ្ឋរបស់យើងរស់នៅសុខស្រួល និងទទួលបានជីវភាពល្អប្រសើរ យើងមើលឃើញថា សម្ដេច មហាធិបតី ហ៊ុន ម៉ាណែត ជាទ្រព្យសម្បត្តិមហាសាលរបស់ជាតិ ពោរពេញទៅដោយថាមពលនិងចំណេះដឹងឈ្លាសវៃបំផុត និងមានការមមាញឹកគ្មានពេលទំនេរនោះទេបើសម្ដេចប្ដេជ្ញាចិត្ត ហើយយើងទាំងអស់គ្នាប្ដេជ្ញាចិត្តតាមសម្ដេចដែរ ប្រទេសជាតិនឹងរីកចំរើន តែបើសម្ដេចខិតខំប្រឹងប្រែងតែម្នាក់ឯង យើងទាំងអស់គ្នាដេកស្ងៀម ប្រទេសជាតិមិនមានការរីកចំរើននោះទេ។

គោលការណ៍របស់ប្រមុខរាជរដ្ឋាភិបាលក្នុងអាណត្តិទី៧នេះ មន្ត្រីឈរជើងនៅតាមច្រកព្រំដែនគឺជារបស់ប្រជាជន មានន័យថា រាល់បញ្ហាដែលកើតឡើង ទុក្ខលំបាករបស់ប្រជាជន ទាំងកម្មករ ពលករ និងប្រជាជនឆ្លងកាត់ ជាភារកិច្ចរបស់សមត្ថកិច្ចនិងអ្នកពាក់ព័ន្ធនៅព្រំដែន ក្នុងការបង្កលក្ខណៈឲ្យពួកគាត់ចេញចូលបានស្រួល។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានកោតសរសើរចំពោះកម្លាំងឈរជើងការពារព្រំដែនទាំងអស់ ដែលបានលះបង់សាច់ស្រស់ ឈាម ស្រស់ ឆ្លងកាត់បញ្ហាប្រឈមគ្រប់បែប យ៉ាង ដើម្បីជាតិមាតុភូមិនិងប្រជាជន។

ឯកឧត្តមបានជម្រាបជូនថា សម្ភារៈដែលយកមកចែកជូនដល់កងកម្លាំងឈរជើងទាំង០៤អង្គភាព នៅឃុំថ្មដាស្រុកវាលវែងនាពេលនេះរួមមាន អង្ករ០៧តោន មី៤០០កេស ត្រីខ៤៥ កេសធំ ត្រីប្រឡាក់២០០គក្រ ទឹកត្រីនិងទឹកស៊ីអ៊ីវ៣៨០យួរ និងថវិកាចំនួន ២០ លានរៀល។

សម្ភារៈនិងថវិកានេះ បានមកគឺចេញពីបេះដូងរបស់សប្បុរសជន តាមរយៈរូបឯកឧត្តមផ្ទាល់ ដែលស្រលាញ់និងចូលចិត្តរាល់សកម្មភាពរបស់ឯកឧត្តមជាថ្នាក់ដឹកនាំខេត្ត៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *