ពង់ឆ្នាំង៖ មន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ខេត្តកំពង់ឆ្នាំងបានប្រារព្ធពិធីទិវាមនុស្សចាស់កម្ពុជាលើកទី២៥ និងមនុស្សចាស់អន្តរជាតិ១ តុលា ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការជួយមនុស្សវ័យចាស់គឺជួយយើងទាំងអស់គ្នា»ដែលបានធ្វើឡើងនៅស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣ អធិបតីភាពលោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង និង មានការអញ្ជើញចូលរួមពីសំណាក់ ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងយុវនីតិសម្បទា អាជ្ញាធរ ស្រុក និងមនុស្សចាស់ជាង១០០នាក់ ។
លោក ឈាង ចន្ទី ប្រធានមន្ទីរសង្គមកិច្ច អតីតយុទ្ធជន យុវនីតីសម្បទាខេត្ត បានបញ្ជាក់ថា អនុគណៈកម្មាធិការដើម្បីមនុស្សចាស់ខេត្តកំពង់ឆ្នាំង បានបង្កើតសមាគមមនុស្សចាស់នៅតាមបណ្តាឃុំ-សង្កាត់ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីជួយដល់ចាស់ជរានៅតាមមូលដ្ឋាន ។
ពិធីនេះធ្វើឡើងដើម្បីរំលឹកគុណដល់មនុស្សវ័យចាស់ និងលើកកម្ពស់ការទទួលខុសត្រូវ ក្នុងការចូលរួមចំណែកកសាងសង្គមគ្រួសារ និងសង្គមជាតិ ដែលមានការយកចិត្តទុកដាក់ចំពោះសុខុមាភាពមនុស្សចាស់ហើយការប្រារព្ធទិវានេះ មិនមែនមានតែប្រទេសកម្ពុជាទេ គឺគ្រប់ប្រទេសក្នុងពិភពលោក ដែលជាសមាជិកអង្កការសហប្រជាជាតិ សុទ្ធតែប្រារព្ធធ្វើឡើងដូចគ្នា ដោយកំណត់យកថ្ងៃទី១ ខែតុលា ជារៀងរាល់ឆ្នាំ។
លោកប្រធានមន្ទីរបានអោយដឹងថា ក្នុងសារាចរណែនាំស្តីពី ការរៀបចំទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានណែនាំឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវបន្តផ្តល់ការ អន្តរាគមន៍ជំរុញសកម្មភាពបង្កើតសមាគមមនុស្សចាស់បន្ថែមទៀត នៅតាមសហគមន៍មូលដ្ឋានឱ្យបានទូ ទាំងប្រទេស ស្របតាមផែនការដែលបានកំណត់ឈរលើស្មារតីសាមគ្គីភាពជួយគ្នាទៅវិញទៅមករវាងមនុស្ស វ័យចាស់ទូទៅ។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោក អម សុភា អភិបាលរងខេត្តកំពង់ឆ្នាំង បានគូសបញ្ជាក់ថា នៅក្នុងគ្រប់កម្មវិធីនយោបាយរាជរដ្ឋាភិបាលកម្ពុជា តែងតែផ្ដល់ការយកចិត្តទុកដាក់លើការងារមនុស្ស វ័យចាស់ជាអាទិភាពមួយក្នុងចំណោមគោលនយោបាយអាទិភាពនានា។
លោកអភិបាលរងខេត្តកំពង់ឆ្នាំង បានបន្តថា មនុស្សវ័យចាស់ ត្រូវទទួលបាននូវការជួយឧបត្ថម្ភគាំទ្រដោយក្រសួង ស្ថាប័នដែលមានសមត្ថកិច្ច រដ្ឋបាលថ្នាក់ក្រោមជាតិ កាកបាទក្រហមកម្ពុជា សប្បុរសជននានា និងអង្គការមិនមែនរដ្ឋាភិបាល។
ហើយសកម្មភាពប្រកបដោយ សប្បុរសធម៌ទាំងនេះបានឆ្លុះបញ្ចាំងឱ្យឃើញពីវប្បធម៌ជួយឧបត្ថម្ភគាំទ្រគ្នា និងការរួបរួមគ្នាជួយជ្រោមជ្រែង ដោះស្រាយនូវទុក្ខលំបាករបស់ជនរួមជាតិ ជាពិសេស មនុស្សចាស់ជរា ពិការ ក្រីក្រ គ្មានទីពឹង នៅក្នុងសង្គមជាតិ។
លោកអភិបាលរងខេត្ត អំពាវនាវឱ្យបង្កើនការយកចិត្តទុកដាក់ និងគាំទ្រតាមគ្រប់មធ្យោបាយ, ឆ្លៀតសួរសុខទុក្ខ និងជួយឧបត្ថម្ភដល់ជនចាស់ជរា ជាពិសេសជនចាស់ជរាពិការដែលមានការលំបាកនៅតាមសហគមន៍, ជួយបង្កលក្ខណៈងាយស្រួល ដល់សមាគមមនុស្សចាស់កម្ពុជាដែលមានស្រាប់ និងសូមជួយគាំទ្របន្តដល់ការអន្តរាគមន៍ជំរុញសកម្មភាពបង្កើត ជួយពង្រឹង និងពង្រីកសមាគមមនុស្សចាស់នៅតាមសហគមន៍មូលដ្ឋាន ដើម្បីបង្កើនស្មារតីសាមគ្គីជួយគ្នាទៅវិញ ទៅមករវាងមនុស្សចាស់ទូទៅនៅកម្ពុជា ជាពិសេសមនុស្សចាស់ជរាពិការ មនុស្សចាស់ជរាមានជំងឺក្រីក្រគ្មានទីពឹង៕