សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខា បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ (ប្រភេទក្រ១)ចំនួន៥០ គ្រួសារនៅក្នុងឃុំដូនកែវស្រុកពួកខេត្តសៀមរាប។ មានប្រសាសន៍ក្នុងឱកាសនោះ លោក លោកជំទាវ ទុយ ជិ ក៍បាននាំមកនូវបណ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ពិសេសចាស់ជរាគ្មានទីពឹង ជនពិការ កុមារកំព្រា អ្នករស់នៅជាមួយមេរោគអេដស៍ជាដើម ។ ជាមួយគ្នានោះដែរ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ក៏បានផ្តាំផ្ញើដល់បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ពីសុវត្ថិភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដោយរដូវនេះជារដូវភ្លៀង រដូវទឹកឡើង ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះបាញ់ លង់ទឹក សត្វអសិរពិសចឹក ឬខាំ និងបញ្ហាសុខភាពកូនចៅបណ្ដាលមកពីមូសខ្លាំខាំ ជាដើម ហើយក្នុងករណីមានបញ្ហាអ្វីកើតឡើង ក្នុងគ្រួសារ ត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានដែលនៅជិតបំផុត ដើម្បីមានវិធានការចុះអន្តរាគមន៍ជួយដោះស្រាយឲ្យបានឆាប់រហ័ស និងទាន់ពេលវេលា ។ ក្នុងឱកាសនោះដែរ មន្ត្រីសាខាកាកបាទក្រហម បានធ្វើការផ្សព្វផ្សាយ អំពីវិធីការពារជំងឺរាកដែលមាន៤ចំណុចគឺទី៖១-ហូបទឹកស្អាត ឬទឹកដាំពុះ .២-ត្រូវលាងដៃមុននឹងរៀបចំធ្វើម្ហូប មុនហូបអាហារ និងក្រោយពីបន្ទោរបង់ ៣-ត្រូវគ្របចំណីអាហារឱ្យបានល្អ ៤-ត្រូវបន្ទោបង់ក្នុងបង្គន់ និងរក្សាបង្គន់ឱ្យស្អាតជានិច្ច។ អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖- មុង១ ភួយ១ សារុង១ ក្រមា១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាមអង្ករ៣០គីឡូក្រាមនិងថវិកាចំនួន៥ម៉ឺនរៀល ព្រមទាំងមានសប្បុរសជាប្រតិភូអមដំណើរលោកជំទាវ(លោក យោគដារានិងលោកស្រី ណាម៉ារីយ៉ា)បានឧបត្ថម្ភថវិកាបន្ថែមក្នុង១គ្រួសារចំនួន ៤ម៉ឺនរៀល។
ពិធីនេះបានធ្វើ នៅព្រឹកថ្ងៃទី១១ ខែតុលាឆ្នាំ២០២៣នេះ។