ពោធិសាត់៖ ទិវាអភិវឌ្ឍវិជ្ជាជីវៈវេជ្ជសាស្ត្របន្តលើកទី៩នៅសាលប្រជុំមន្ទីរសុខា ភិបាលខេត្តក្នុងគោលបំណងចែករំលែកនូវចំណេះដឹង បច្ចេកទេសនិងពិសោធន៍ ដើម្បីពង្រឹងសមត្ថភាពបន្ថែមដល់ក្រុមគ្រូពេទ្យ ដែលកំពុងប្រកបមុខរបរវិជ្ជាជីវៈ ផ្នែកវេជ្ជសាស្ត្រទាំងការផ្តល់សេវាសាធា រណៈនិងឯកជនរបស់ក្រុមប្រឹក្សាគណៈគ្រូពេទ្យថ្នាក់ខេត្ត។
លោកវេជ្ជបណ្ឌិត ខៀវ ពុទ្ធារិទ្ធ ប្រធានក្រុមប្រឹក្សាគណៈគ្រូពេទ្យខេត្តពោធិ៍សាត់ បានលើកឡើងថាក្រោមការផ្តល់បច្ចេក ទេស និង សម្របសម្រួលពីក្រុមប្រឹក្សា គណៈគ្រូពេទ្យថ្នាក់ជាតិ បានរៀបចំទិវាអភិវឌ្ឍ វិជ្ជាជីវៈវេជ្ជសាស្ត្រលើកទី៩ក្នុងគោលបំណងពង្រឹងសមត្ថភាពដល់ គ្រូពេទ្យ តាមរយៈការចែករំលែកនូវចំណេះដឹង បទពិសោធន៍ដល់សាស្ត្រាចារ្យ សាស្ត្រាចារ្យរង វេជ្ជបណ្ឌិតនិងគ្រូពេទ្យដែលកំពុងបម្រើការងារ នៅតាមមូលដ្ឋានសុខាភិបាលសាធារណៈនិងវិស័យឯកជន។
លោកវេជ្ជបណ្ឌិតបានឱ្យដឹងទៀតថា ឆ្នាំ២០២៣ស្ថានភាពក្រុមប្រឹក្សាគណៈគ្រូពេទ្យ ខេត្តពោធិ៍សាត់ដែលបានចុះបញ្ជីមានចំនួន១០៨នាក់ បានសុំបន្តអាជ្ញា បណ្ណ៦នាក់ សុំអាជ្ញាបណ្ណថ្មី២០នាក់ សុំចុះបញ្ជីជាសមាជិកថ្មី៩នាក់ មិនទាន់បានដាក់ពាក្យសុំចូលសមាជិក៧នាក់និងមិនទាន់មកសុំបន្តសុពលភាព២នាក់ចំពោះស្ថានភាព ភូមិសាស្ត្រនិងផែនការគ្រប ដណ្តប់វិស័យសុខាភិបាលមានមន្ទីរបង្អែកខេត្តកម្រិត៣ចំនួន១ មន្ទីរពេទ្យបង្អែកកម្រិត១ចំនួន៣ មណ្ឌលសុខភាពចំនួន៤៨ ប៉ុស្តសុខភាពចំនួន ៣និងគ្រប ដណ្តប់ប្រជាពលរដ្ឋជាង៥២ម៉ឺននាក់។
ថ្លែងក្នុងពិធីបើកលោកវេជ្ជបណ្ឌិត តឹក សុភាព អនុប្រធានមន្ទីរសុខាភិបាលខេត្ត តំណាងឯកឧត្តម ខូយ ឌី ទីប្រឹក្សាក្រសួងសុខាភិបាល បានថ្លែងការស្វាគមន៍និងបានសម្តែងការកោតសរសើរចំពោះថ្នាក់ដឹកនាំគណៈគ្រូពេទ្យនិងមន្ទីរសុខាភិបាលខេត្តដែលបានខិតខំបំពេញតួនាទីភារកិច្ច ក្នុងការពិនិត្យនិងព្យាបាលជម្ងឺទាំងផ្នែកសាធារណៈនិងឯកជនតែងតែប្រឈមទៅនឹងស្ថានភាព ខ្វះខាតទាំងធនធានមនុស្ស សម្ភារ និងបរិក្ខា អ្នកជម្ងឺច្រើន លើសលុប ដែលពួកគេភ័យព្រួយពីសុខភាព ទាមទាឱ្យគ្រូពេទ្យពិនិត្យនិងព្យាបាល បានទាន់ពេលវេលា អ្នកជម្ងឺតែងតែមានអាកប្បកិរិយាខុសឆ្គងមកលើគ្រូពេទ្យ តែរឿងសំខាន់នោះ គ្រូពេទ្យមិនត្រូវប្រើសំដី សំដៅអាកប្បកិរិយាមិនសមរម្យតបតវិញឡើយ ត្រូវគិតថាគ្រូពេទ្យ គឺជាមនុស្សមានសមត្ថភាពខ្ពស់ រៀនសូត្របានច្រើន យល់ដឹងខុសត្រូវ។
លោកបានថ្លែងទៀតថា កិច្ចការព្យាបាល ថែរទាំជម្ងឺគ្រូពេទ្យត្រូវមានសមត្ថភាព ជំនាញ គួបផ្សំជាមួយគុណធម៌ សីលធម៌ វិជ្ជាជីវៈនិងមានទំនាក់ទំនងល្អជាមួយអ្នកជម្ងឺ ទោះជាអ្នកជម្ងឺនោះស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ ត្រូវតែយកចិត្តទុកដាក់ក្នុងការជួយសង្គ្រោះ ការផ្តល់សេវាសុខាភិបាល មើលឃើញថា ពួកយើងជាពេទ្យត្រូវហ៊ានទទួលស្គាល់អំពីចំណុចខ្វះខាត ទាមទាឱ្យមានកែលម្អនិងលុបបំបាត់ឱ្យបានដាច់ខាត។
ជាមួយគ្នានោះត្រូវទទួលស្គាល់ពីការបារម្ភ ការភ័យខ្លាចរបស់ ប្រជាពលរដ្ឋចំពោះគុណភាព សុវត្ថិភាពនិងភាពទទួលខុសត្រូវ ព្រមទាំងក្រមសីលធម៌ វិជ្ជាជីវៈរបស់គ្រូពេទ្យ ដូចនេះយើងត្រូវតែព្យាយាមធ្វើតែ អំពើល្អជាមួយអ្នកជម្ងឺជាប់ជានិច្ច។
ក្នុងនាមថ្នាក់ដឹកនាំថ្នាក់ដឹកនាំមន្ទីរ សូមឱ្យសមាជិក សមាធិការផ្តោតការយកចិត្តទុកដាក់ទៅលើបទបង្ហាញ ដើម្បីទទួលយកបាននូវបទពិសោធន៍និងចំណេះដឹង សម្រាប់ជាត្រីវិស័យ ក្នុងការពង្រឹងសមត្ថភាពទាំងផ្នែកបច្ចេកទេស ក្រមសីលធម៌ ស្វ័យភាព ឆន្ទៈនិងសុចរិតភាព កាត់បន្ថយជាបណ្តើៗនិងឈានទៅលុបបំបាត់ទាំងស្រុងនូវភាពអសកម្មនិងចំណុចអវិជ្ជមាន ដោយធ្វើយ៉ាងណា ឱ្យការផ្តល់សេវាកម្មផ្នែកវេជ្ជសាស្រ្តប្រកប ដោយគុណភាព គុណធម៌ សមធម៌ កាត់បន្ថយហានិភ័យផ្សេងៗដែលជាគោល ការគ្រឹះនិងចូលរួមចំណែកជាមួយគណៈវិជ្ជាជីវៈវេជ្ជសាស្រ្តជាតិនៃក្រសួងសុខា ភិបាលនិងកាត់បន្កយអត្រាឈឺនិងអត្រាស្លាប់ដល់ប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈនៃប្រទេសរបស់យើង។ ពិធីនេះបានប្រារពឡើងនៅខេត្តពោធិ៍សាត់ ថ្ងៃទី១០ខែតុលាឆ្នាំ២០២៣។