លោកជំទាវ ភឿង សកុណា អំពាវដល់វិស័យឯកជន ចូលរួមដាំកូន ឈើនៅតំបន់អង្គរ

សៀមរាប៖ កូនឈើចម្រុះជិត២ពាន់ដើម និងស្មៅប្រមាណ៥ពាន់ម៉ែត្រក្រឡា ត្រូវបានបន្ដដាំលើផ្ទៃដីជាង១ហិកតា នៅ ទកិ្សណ អង្គរខាងត្បូង ដើម្បីលើកសោភ័ណ្ឌភាពនិងទេសភាព រមណីដ្ឋានអង្គរ និងទាក់ទាញអ្នកទេសចរ។ ការដាំកូនឈើនេះ ធ្វើឡើងនៅរសៀលថ្ងៃទី ១០ខែតុលាឆ្នាំ២០២៣នេះ ក្រោមអធិបតីលោកជំទាវសភាចារ្យ ភឿង សកុណា រដ្ឋមន្ដ្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មន្ដ្រីជាន់ខ្ពស់អាជ្ញាធរជាតិអប្សរា អាជ្ញាធរខេត្ត និង ក្រុមមេធាវី និង ពីវិស័យឯកជនប្រមាណជា៥០០នាក់ចូលរួម។ សូមបញ្ជាក់ផងដែរថា អាជ្ញាធរជាតិអប្សរានិងក្រុមប្រឹក្សាភិបាលថ្នាក់តំបន់ ថ្នាក់ដឹកនាំ បុគ្គលិក នៃធនាគារ CIMB មកពីប្រទេសក្នុងតំបន់អាស៊ាន ដូចជា កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូណេស៊ី សឹង្ហបុរី វៀតណាម ថៃ ហ្វីលីពីន ដែលបានចូលរួមសហការក្នុងយុទ្ឋនាការដាំដើមឈើនិងស្មៅ ក្រោមប្រធានបទ( អភិរក្សរមណីយដ្ឋានអង្គរបេតិកភ័ណពិភពលោក ) ។
មានប្រសាសន៍នោះដែរលោក ប៊ុន យីន ប្រធាននាយកប្រតិបត្តិធនាគារ CIMB បានបញ្ជាក់ថា នេះជាលើកទី២ និងមិនមែនជាលើកចុងក្រោយនោះទេ គឺធនាគារ នឹងចូលរួមជាបន្តបន្ទាប់ទៀត ជារួមថ្នាក់ដឹកនាំនិងបុគ្គលិកធនាគារតែងតែគិតគូនិងចូលរួមក្នុងការងារសង្គមជាច្រើនផងដែរ ។ លោកបានចាត់ទុកការដឹកនាំបុគ្គលិកធនាគារចូលរួមក្នុងយុទ្ឋនាការដាំដើមឈើជាមួយអាជ្ញាធរជាតិអប្សរានេះ ពិតជាមានសារៈប្រយោជន៍សំខាន់និងរួមចំណែកក្នុងការលើកកម្ពស់ និង ថែរក្សាបរិស្ថានធម្មជាតិ ដែលជាផ្នែកមួយសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា ។ លោកបន្តទៀតថា វិស័យទេសចរណ៍កម្ពុជា ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជា វិស័យអាទិភាព បានរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និង ការការពារបរិស្ថាន។ ម៉្យាងទៀតក៏បានចាត់ ទុកការចូលរួមដាំកូនឈើនៅតំបន់អង្គរ ជាការរួមចំណែកការពារនិងលើកស្ទួយថែរក្សាបរិស្ថានធម្មជាតិនិងអភិរក្សមរតកដូនតាខ្មែរ សម្រាប់កូនចៅជំនាន់ក្រោយៗ របស់យើង ។
ថ្លែងក្នុងកម្មវិធីយុទ្ឋនាការដាំកូនឈើនៅអង្គរនោះដែរ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានវាយតម្លៃខ្ពស់ក្នុងភាពជាដៃគូរវាងស្ថាប័នរដ្ឋនិងវិស័យឯកជន ក្នុងការចូលរួមដាំកូនឈើនៅតំបន់អង្គរក៏ដូចជាតំបន់ដ៏ទៃទៀត។ ដើមឈើផ្តល់សារៈប្រយោជន៍ជាច្រើនមិនអាចនឹងគណនាបាននោះទេ ជារួមការដាំកូនឈើ ធ្វើឲ្យបរិយាកាសបរិស្ថានធម្មជាតិ កាន់តែល្អ ប្រសើរឡើងនិងរក្សាលំនឹងគ្រឺះប្រាង្គប្រាសាទ ព្រមទាំងជួយកាត់បន្ថយឥទ្ធិពលជាអវិជ្ជមាន ពីការប្រែប្រួលអាកាសធាតុ និងការសិក រីចរិលថ្មប្រាសាទ។ លោកជំទាវ ចាត់ទុកការចូលរួមដាំកូនឈើរបស់វិស័យ ឯកជន គឺធនាគារCIMB ជាមួយអាជ្ញាធរ ជាតិអប្សរា ជាការថែរក្សានូវតម្លៃដែលមានតាំងពីជីដូនជីតាមក ថែរក្សានូវអត្តសញ្ញាណរបស់ជនជាតិខ្មែរ ថែរក្សានូវទំនៀម ទំលាប់ បេតិកភ័ណ្ឌរូបបិយនិងអរូបិយរបស់យើង។ ម៉្យាងទៀតក៏ជាផ្នែកមួយចូលរួមលើកស្ទួយវិស័យទេសចរណ៍ ក៏ដូចជាតម្កើងសេដ្ឋកិច្ចកម្ពុជាផងដែរ។ ព្រោះថាព្រៃឈើផ្សាភ្ជាប់នឹងបរិស្ថាន ,ផ្សាភ្ជាប់ជាមួយទេចរណ៍និងបរិស្ថានយើងទាំងអស់គ្នា។

លោកជំទាវរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ការចូលរួមរបស់វិស័យឯកជនជាមួយស្ថាប័នរដ្ឋ នាពេលនេះជាគុណតម្លៃក្នុងបំណងតែមួយ គឺរួមគ្នាការពារ អភិរក្សមរតករបស់ដូនតាខ្មែរឲ្យស្ថិតស្ថេរយូរអង្វែសម្រាប់កូនចៅជំនាន់ក្រោយៗរបស់យើង ។
តាមការបញ្ចាក់របស់អាជ្ញាធរជាតិអប្សរា បានឲ្យដឹងថា ការដាំដើមឈើចម្រុះប្រមាណជា២ពាន់ដើម និងស្មៅចំនួន៥ ពាន់ម៉ែត្រក្រឡា បានយកមកដាំនិងក្រាលលើផ្ទៃដីជាងមួយហិកតាត្រង់ចំណុចទក្សិណខាងត្បូងនេះ គឺជាផ្ទៃដីទំនេរ បន្ទាប់ពីប្រជាពលរដ្ឋបានស្ម័គ្រចិត្ដចាកចេញទៅរស់នៅភូមិធម្មជាតិរុនតាឯក និង តំបន់ពាក់ស្នែងនៃខេត្តសៀមរាប ក្នុងគោលបំណងដាំស្តារឡើងវិញនូវព្រៃឈើ រិចរិល និងកែលម្អដីទំនេរដែលប្រជាពលរដ្ឋបានប្រគល់ជូនរដ្ឋវិញ ឲ្យក្លាយជាតំបន់បៃតងស្រស់ មានដើមឈើ និងវាលស្មៅ សម្រាប់ជាទ្រនាប់ការពារដ៏សំខាន់ដល់ប្រាង្គប្រាសាទ និង ជាប្រយោជនន៍ដល់មនុស្សជាតិទាំង មូល រួមគ្នាថែរក្សាទេសភាពវប្បធម៌ បង្កើនជម្រកសត្វព្រៃ និងជួយដល់ការអភិរក្សប្រាសាទផង។ គោលការណ៍របស់អាជ្ញាធរជាតិអប្សរា គឺថែរក្សាទេសភាពវប្បធម៌នៅតំបន់អង្គរធ្វើយ៉ាងណាឲ្យ ទេសភាពវប្បធម៌នៅក្នុងតំបន់រមណីយដ្ឋានអង្គរបច្ចុប្បន្នមានភាពស្រស់ស្អាត បៃតងគ្រប់រដូវកាល ក្រោមការយកចិត្តទុកដាក់ថែទាំ ពីសំណាក់អាជ្ញាធរជាតិអប្សរា ហើយយើងត្រូវបានបន្តចូលរួម ក្នុងកិច្ចការនេះជាបន្តបន្ទាប់ទៀត ពីព្រោះថា ដើមឈើមានសារៈ សំខាន់បំផុតសម្រាប់មនុស្សជាតិនៅលើភពផែនដីយើងនេះ ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *