កំពង់ឆ្នាំង៖ លោកស្រី ប៊ន សុភី អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំសម្របសម្រួលប្រចាំត្រីមាសទី៣ ឆ្នាំ២០២៣ ស្ដីពីវឌ្ឍនភាពនៃការអនុវត្តមូលនិធិគាំទ្រការផ្ដល់សេវាឃុំ សង្កាត់ ក្នុងគម្រោងអាហារូបត្ថម្ភនៅកម្ពុជា ក្នុងខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក លឹម លៀងងួន អនុប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង រួមនិងក្រុមការងារថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ នៅ ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣នេះ។
លោកស្រី ប៊ន សុភី បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារអនុវត្តគម្រោងទាំងអស់ ទាំងនៅថ្នាក់ខេត្ត ថ្នាក់ក្រុង ស្រុក ថ្នាក់ឃុំ សង្កាត់ និងគ្រប់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានខិតខំប្រឹងប្រែងរួមគ្នាបំពេញតួនាទី ភារកិច្ច និងកិច្ចសហការនានា ក្នុងត្រីមាសទី៣ ឆ្នាំ២០២៣ កន្លងទៅរហូតសម្រេចបាននូវសមិទ្ធិផលនានាជាច្រើន ហើយបាននឹងកំពុងបម្រើផលប្រយោជន៍ជូនជាតិមាតុភូមិ និងជាពិសេសសម្រាប់ប្រជាជន នៃខេត្តកំពង់ឆ្នាំងរបស់យើងទាំងមូល។
កិច្ចប្រជុំដែលបានប្រារព្ធរៀបចំធ្វើឡើងនៅថ្ងៃនេះ គឺមានគោលបំណងផ្ដល់ឱកាសឱ្យអង្គពាក់ព័ន្ធទាំងអស់ក្នុងក្របខណ្ឌគម្រោង អាហារូបត្ថម្ភនៅកម្ពុជា ជួបជុំគ្នាដើម្បីពិនិត្យអំពីវឌ្ឍនភាព បញ្ហាប្រឈម និងពិភាក្សារកដំណោះស្រាយទៅលើបញ្ហានានា អោយបានទាន់ពេលវេលា និងប្រកបដោយប្រសិទ្ធភាព ក្នុងទិសដៅកៀរគរធាតុចូលសម្រាប់ការរៀបចំផែនការ កែលម្អគុណភាពការងារ ប្រកបដោយគុណភាព និងជាមូលដ្ឋានបន្តពង្រឹងពង្រីកលទ្ធផលការងារថ្មីៗបន្ថែមទៀត ក្នុងគោលបំណងសម្រេចឱ្យបានជោគជ័យនូវគោលដៅ នៃគម្រោង៕