កំពង់ឆ្នាំង៖ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តិការ សឹករងកំពង់ឆ្នាំង បានអញ្ជើញធ្វើការជួបសំណេះសំណាល និង ប្រគល់ដីប្រវែង ៤៦៥ម៉ែត្រ និងមានទទឹង ៤ម៉ែត្រ ដែលជាអចលនទ្រព្យរបស់អង្គភាពដែល ស្ថិតនៅក្នុងភូមិម៉ុងបារាំង សង្កាត់ប្អេរ ក្រុងនិងកំពង់ឆ្នាំង សម្រាប់ធ្វើជាផ្លូវបេតុង តាមសំណើររបស់ប្រជាពលរដ្ឋចំនួន ៣៧ គ្រួសារ តាមរយៈអាជ្ញាធរភូមិ សង្កាត់ និងក្រុងកំពង់ឆ្នាំង ។
ពិធីនេះធ្វើឡើងដោយមានការអញ្ជើញចូលរួមពីលោក លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការសឹករងកំពង់ឆ្នាំងនិងហ៊ីង ភ័ព្វមិនា អភិបាល នៃគណៈអភិបាលក្រុងកំពង់ឆ្នាំង ព្រមទាំងលោកចៅសង្កាត់ប្អេរ មេភូមិ និងអាជ្ញាធរពាក់ព័ន្ធបានចូលរួម នៅថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣។
អភិបាលនៃគណៈអភិបាលក្រុងកំពង់ឆ្នាំង លោក ហ៊ីភ័ព្វមិនា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោកឧត្តមសេនីយ៍ត្រី អ៊សភាគ ដែលជា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានផ្តល់ដីសម្រាប់ធ្វើផ្លូវជូនបងប្អូនប្រជាពលរដ្ឋនាពេលនេះ ។
លោកអភិបាលក្រុងកំពង់ឆ្នាំងបានបន្តទៀតថា ផ្លូវមួយខ្សែនេះនៅពេលសាង សង់រួចនឹងជួយជាប្រយោជន៍ជាច្រើនដល់បងប្អូនដែលរស់ក្នុងតំបន់នេះ ដោយសារនៅពេលមានផ្លូវហើយបងប្អូនងាយស្រួលក្នុងការធ្វើដំណើរចេញទៅប្រកបរបរចិញ្ចឹមជីវិត ឬបើកអាជីវកម្មផ្សេងៗទៅតាមលទ្ធភាពរបស់បងប្អូនប្រជាពលរដ្ឋ ។
អញ្ជើញមានមតិសំណេះសំណាល និងផ្តាំផ្ញើនាឱកាសនេះលោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹក រងកំពង់ឆ្នាំង មានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានរួមចំណែក ជួយកាត់បន្ថយការលំបាកបងប្អូនប្រជាពលរដ្ឋទាំង៣៧គ្រួសារ រួមជាមួយលោកអភិបាលក្រុងកំពង់ឆ្នាំងនិងអាជ្ញាធរមូលដ្ឋាន។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបាន មានប្រសាសន៍បញ្ជាក់ថា ដីដែលបានប្រគល់សម្រាប់ធ្វើផ្លូវជូនបងប្អូនប្រជាពលរដ្ឋនៅពេលនេះ គឺជាដីអចលទ្រព្យដែលស្ថិតក្រោមការគ្រប់គ្រងរបស់អង្គភាពតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង ។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការមេបញ្ជាការ បានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្រោយពេលទទួលបានផ្លូវមួយខ្សែនេះហើយសូមជួយនាំគ្នាជួយថែរក្សាជាប្រយោជន៍រួមដើម្បីប្រើប្រាស់បានយូរអង្វែងទៅមុនទៀត ។
ឆ្លៀតក្នុងឱកាសនេះ លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងលោក អ៊ុំ សុភា បាននាំយកនូវពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខរបស់ ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ។
លោកមេបញ្ជាការសឹករងកំពង់ឆ្នាំង បានលើកឡើងថា សម្តេចធិបតី នាយករដ្ឋមន្ត្រី តែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ទីកន្លែង តាំងពីសម្តេចនៅជាមេបញ្ជាការកងទ័ពជើងគោក មកម្ល៉េះដោយសម្តេចតែងតែផ្តល់អង្ករ សម្ភារគ្រឿងឧបភោគបរិភោគ ជាច្រើនតាមរយៈ លោកមេបឋញ្ជាការដើម្បីធ្វើការចែកជូន បងប្អូនប្រជាពលរដ្ឋ ដែលជួបការលំបាកជីវភាព គ្រប់ទីកន្លែងទូទាំងខេត្តកំពង់ឆ្នាំង តួយ៉ាង ក្នុងឱកាសនេះ ឯកឧត្តម ក៏បាននាំយកអង្ករចំនួន ៣៧ការ៉ុង គ្រឿងឧបភោគបរិភោគ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំងថវិការបស់សង្កាត់ប្អេរចំនួន ១,១១០,០០០រៀល ឧបត្ថម្ភដល់បងប្អូនប្រជាពលរដ្ឋទាំង ៣៧គ្រួសារ៕