ក្រសួងប្រៃសណីយ៍រៀបចំពិធីអបអរទិវាប្រៃសណី យ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ”រួមគ្នាដើម្បីការជឿទុកចិត្ត” នៅក្នុងខេត្តសៀមរាប

សៀមរាប៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំពីធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកក្រោមប្រធានបទ ”រួមគ្នាដើម្បីការជឿទុកចិត្ត “ ដែលពិធីនេះប្រារព្ធធ្វើនៅមន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្តសៀមរាបនាព្រឹកថ្ងៃទី០៩ ខែ តុលា ឆ្នាំ ២០២៣នេះក្រោមអធិបតីភាព ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត រួមទាំង ថ្នាក់ដឹកនាំក្នុងវិស័យប្រៃសណីយ៍មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានប្រៃសណីយ៍និងអស់លោកលោកស្រីប្រធានមន្ទីរប្រៃសណីយ៍ទាំង២៤ខេត្ត ប្រៃសណីយ៍កម្ពុជា ប្រតិបត្តិករប្រៃសណីយ៍ ក្រុមហ៊ុនបម្រើសេវាបញ្ញើឆាប់រហ័ស ក្រុមហ៊ុនដឹកបញ្ញើ បានអញ្ជើញចូលរួមផងដែរ ។
ឯកឧត្តម ហ៊ន ធារ៉ា អគ្គនាយក នៃអគ្គនាយកដ្ឋានប្រៃសណីយ៍បានមានប្រសាសន៍ថា វិស័យប្រៃសណីយ៍ គឺជានិមិត្តសញ្ញារូបនៃការការជឿទុកចិត្ត (Trust)ហើយ វិស័យប្រៃសណីយ៍ ត្រូវបានចាត់ទុកថាមានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើន សេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជាដោយបានផ្សារភ្ជាប់ជាមួយជីវភាពប្រចាំថ្ងៃ ទាំងនៅទីក្រុង និងជនបទ។ ដោយហេតុថា ប្រៃសណីយ៍ធានាតម្លៃនៃការ រក្សាការសំងាត់ សុវត្ថិភាព និងសន្តិសុខរបស់បញ្ញើ ការពារបុគ្គលិកបម្រើការងារ ការពារអ្នកប្រើប្រាស់ និងផ្តល់សេវា របស់ខ្លួននៅគ្រប់កាលៈទេសៈ រាប់ទាំងពេលដែលមានគ្រោះអាសន្នផងដែរ។ ឯកឧត្តម ហ៊ន ធារ៉ា បានបន្តទៀតថា ប្រធានបទនៅឆ្នាំនេះ”រួមគ្នាដើម្បីការជឿទុកចិត្ត “ គឺបានបង្ហាញអំពីសារៈសំខាន់ និងការប្តេជ្ញាចិត្តរបស់យើងទាំងអស់គ្នា ទាំងអ្នកតាក់តែងគោលនយោបាយបទប្បញ្ញត្តិ ទាំងអ្នកផ្តល់សេវា ទាំង អ្នកប្រើប្រាស់សេវាប្រៃសណីយ៍ ក្នុងការកសាងទំនុកចិត្ត និងទំនាក់ទំនងគ្នាយ៉ាងរឹងមាំ ដើម្បីអភិវឌ្ឍវិស័យប្រៃសណីយ៍។ ឯកឧត្តម ឯក វណ្ណឌី រដ្ឋលេខាធិការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានថ្លែងថា ការរៀបចំពិធីអបអរសាទរទិវាប្រៃសណីយ៍ ពិភពលោកថ្ងៃនេះគឺដើម្បីរំលឹកខួបទី១៤៩ នៃថ្ងៃបង្កើតសហភាពប្រៃសណីយ៍សកល (UPU)នាថ្ងៃទី៩ ខែតុលា ឆ្នាំ១៨៧៤ នៅទីក្រុងប៊ន ប្រទេសស្វីស និងឆ្លុះបញ្ចាំងពីតួនាទីសំខាន់របស់សេវាប្រៃសណីយ៍ចូលរួមបម្រើប្រជាជន សេដ្ឋកិច្ចសង្គម នៅទូទាំងពិភពលោកនិងដាក់ចេញនូវប្រធានបទសំខាន់ៗផ្សេងៗគ្នាជារៀងរាល់ឆ្នាំ។ សម្រាប់ឆ្នាំ២០២៣ នេះ UPU បាន ដាក់ចេញនូវប្រធានបទ «រួមគ្នាដើម្បីការជឿទុកចិត្ត (Together for Post)» អត្ថន័យនៃប្រធានបទនេះ សហភាព UPU បានជំរុញឱ្យប្រទេសសមាជិកទាំង១៩២ប្រទេស រួមគ្នាពង្រឹងកិច្ចសហប្រតិបត្តិការជាបណ្តាញប្រៃសណីយ៍ពិភព លោកតែមួយដើម្បីបង្កើនភាពជឿទុកចិត្តជូនអតិថិជន។ ឯកឧត្តម ឯក វណ្ណឌី បានមានប្រសាសន៍បន្តថាដើម្បីឆ្លើយតបទៅនឹងការធ្វើទំនើបកម្មនិងប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះវិស័ប្រៃសណីយ៍ត្រូវចូលរួម អនុវត្តឱ្យបានពេញលេញនូវអនុសាសន៍គន្លឹះដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នូវ៣ ចំនុច គឺ ទី១៖ រដ្ឋាភិបាលឌីជីថល ទី២៖ សេដ្ឋកិច្ច និងធុរកិច្ចឌីជីថល និងទី៣៖ ប្រជាជនឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធ អេឡិចត្រូនិច និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា។ ដើម្បីអនុវត្តអនុសាសន៍គន្លឹះដ៏ខ្ពង់ខ្ពស់នេះ វិស័យប្រៃសណីយ៍ ត្រូវរៀបចំប្រព័ន្ធអេកូឡូហ្ស៊ីប្រៃសណីយ៍ឌីជីថលតាមរយៈការបង្កើតថ្នាលប្រៃសណីយ៍ឌីជីថល ដើម្បីគាំទ្រការធ្វើពិពិធកម្ម សេវាប្រៃសណីយ៍ តាមរយៈការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិច។ ឯកឧត្តម បញ្ជាក់បន្ថែមទៀតថា នៅរៀងរាល់ឆ្នាំក្រសួងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បានរៀបចំធ្វើសិក្ខាសាលាផ្សព្វផ្សាយគោល នយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ២០២២-២០៣០ និងនីតិវិធីនៃការទប់ស្កាត់និងបង្ក្រាបគ្រឿងញៀន បញ្ញើសង្ស័យ និងបញ្ញើហាមឃាត់ឆ្លងកាត់បញ្ញើប្រៃសណីយ៍ ដល់មន្ទីរប្រៃសណីយ៍និងទូរគមនាគមន៍ខេត្ត បណ្តាសាខាប្រៃសណីយ៍កម្ពុជា និងសាខាប្រតិបត្តិករ ប្រៃសណីយ៍ដែលប្រកបអាជីវកម្មសេវាប្រៃសណីយ៍ ដើម្បីបញ្ជាបការយល់ដឹងពីខ្លឹមសារនៃបទបញ្ញត្តិដែលត្រូវយកទៅ អនុវត្ត និងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ដែលជាចក្ខុវិស័យនៃការអភិវឌ្ឍវិស័យប្រៃសណីយ៍ សម្រាប់ការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍របស់ឯកជន។ សូមបញ្ជាក់នៅក្នុងពិធីអបអរសាទរទិវាប្រៃសណីយ៍ពិភពលោកក្រោមប្រធានបទ ”រួមគ្នាដើម្បីការជឿទុកចិត្ត “នេះដែរក៍មានការដង្ហែរក្បួនយានយន្តរបស់ប្រតិបត្តិករប្រៃសណីយ៍ មានរថយន្ត ត្រីចក្រយាន និងទោចក្រយានយន្ត ពីមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្តសៀមរាប ទៅប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងក្នុងក្រុងសៀមរាប រួចទៅបញ្ចប់វិញនៅ បរិវេណប្រៃសណីយ៍កម្ពុជា ហើយ នៅពេលរសៀល មានរៀបចំកម្មវិធី ជិះកង់សាមគ្គីដើម្បីប្រៃសណីយ៍ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ប្រតិបត្តិករប្រៃសណីយ៍ នៅតំបន់អង្គរផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *