អំណោយមនុស្សធម៌ បានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន ១៦២គ្រួសារ ក្នុងស្រុកជីក្រែង

សៀមរាប៖ ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងចំនួន២ឃុំ មានចំនួន ១៦២គ្រួសារ ត្រូវបានទទួលអំណោយពីសាខាកាកបាទ ក្រហមកម្ពុជាខេត្តសៀមរាប ចែកពីរកន្លែងផ្សេងគ្នា កាលពីចុងសប្តាហ៍ព្រឹកថ្ងៃទី ០៨ ខែ តុលា ឆ្នាំ២០២៣ ក្រោមវត្តមានរបស់លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ដោយមានការអញ្ជើញចូលរួមអស់លោក លោកស្រី ជាសមាជិកគណៈកម្មាធិការសាខា , អនុសាខា នាយកប្រតិបត្តិសាខា ,អាជ្ញាធរភូមិ ឃុំ ស្រុក ចូលរួមផងដែរ ។
តាមសេចក្តីរាយការណ៍របស់លោក បូ មេងគ្រី ប្រធានអនុសាខាកាកបាទក្រហមស្រុកជីក្រែង បានឲ្យដឹងថា ដោយ ស្ថានភាពភ្លៀងធ្លាក់ជាប់គ្នាចាប់ពីថ្ងៃទី៣០ កញ្ញា មកដល់ថ្ងៃទី៧ តុលា បានធ្វើឲ្យភូមិសាស្ត្រមួយចំនួនក្នុងស្រុកជីក្រែង រងការលិចលង់ដោយជំនន់ទឹកភ្លៀង ក្នុងនោះឃុំជីក្រែង និង ឃុំពង្រក្រោម បានរងផលប៉ះពាល់ធ្ងន់ជាងបណ្តាឃុំផ្សេងៗ ដែលមាន១៦២គ្រួសារ បានរងការលិចលង់ផ្ទះសម្បែង។ ក្នុងនោះប៉ះពាល់ដំណាំស្រូវ ៩ពាន់១២៧ ហិកតា លើ ១២ឃុំ ស្មើ១២០ ភូមិ មាន៦ពាន់៤៣៤គ្រួសារ , ប៉ះពាល់ដំឡូងមីប្រមាណ ៨១៣ហិកតា លើ៤ឃុំ មាន២៩ភូមិ ស្មើ១ពាន់២០៨គ្រួសារ និង លិចទំនប់ប្រឡាយ ប្រវែង ៧១ពាន់ ៧ម៉ែត្រ ,ងាប់គោ ២ក្បាល និង មាន់ទាងាប់ អស់៤ពាន់១១៤ក្បាលផងដែរ ។
មានប្រសាសន៍នាឱកាសនោះ លោកជំទាវ ទុយ ជិ ប្រាក់ សោភ័ណ អនុប្រធានគណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ។ ក្នុងនោះលោកជំទាវ បានសំដែងនូវការសោកស្ដាយជាពន់ពេក ចំពោះបញ្ហាគ្រោះមហន្តរាយគឺមិនអាចកំណត់បាននោះឡើយ កត្តាសំខាន់យើងទាំងអស់គ្នារួមទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិត្រូវតែចូលរួម តាមរយៈយន្តការនានា ដើម្បីធានាបាននូវសុវត្ថិភាព ស្ថេរភាពនិងបានរួចផុតពីបញ្ហាប្រឈមនានាដែលបង្កឡើងដោយគ្រោះធម្មជាតិ។ លោកជំទាវបានបន្តទៀតថា គ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ នេះគឺជាប្រធានស័ក្តដែលបង្កឡើងដោយធម្មជាតិ។ ថ្វីត្បិតតែអំណោយមានចំនួនតិចតួច មិនគ្រប់គ្រាន់ឆ្លើយតបទៅ នឹងការខ្វះខាតក្តី តែវាជាទឹកចិត្តមនុស្សធម៌ជួយគ្នា ដើម្បីសម្រាលនូវការលំបាកជាបណ្តោះអាសន្នបានមួយចំណែក ហើយអាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ព្រមទាំងជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ លោកជំទាវបានបញ្ជាក់ថា ស្ថិតនៅក្នុងរដូវវស្សា ដែលរងឥទ្ធិពលយ៉ាងខ្លាំងពីការប្រែប្រួលអាកាសធាតុ សូមឲ្យលោកតា លោកយាយ អ៊ំ មាមីង បងប្អូនទាំងអស់ បង្កើនការប្រុងប្រយ័ត្នទាំងខ្លួនយើងផ្ទាល់ និងក្រុមគ្រួសារ កូនចៅពីគ្រោះមហន្តរាយដោយធម្មជាតិ មានខ្យល់កន្ត្រាក់ ទឹកជំនន់ រន្ទះជាដើម ពិសេសមេឃរៀបភ្លៀង និង កំពុងភ្លៀងធ្លាក់ ដោយត្រូវរួសរាន់រកទីតាំងសុវត្ថិភាព និង កុំបណ្តែកបណ្តោយឲ្យក្មេងលេងក្រៅផ្ទះ លេងទឹកដើមី្បជៀសវាងនូវប្រការអាក្រក់ណាមួយកើតឡើងដល់បងប្អូន ។ លោកជំទាវក៏បានក្រើនរំឮកបងប្អូនប្រជាពលរដ្ឋ សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ ដើម្បីពិគ្រោះ និងព្យាបាលបានទាន់ពេលវេលា ។
អំណោយមនុស្សធម៌ផ្តល់ជូនបងប្អូនទាំង ១៦២គ្រួសា មាន អង្គរ, មី,ត្រីខ,អំបិល , ស្ករស,ទឹកត្រី , មុង ,ភួយ , សារុង ក្រមា និង ថវិកា ៥ម៉ឺនរៀលផងដែរ ៕ ម៉ី សុខារិទ្ទ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *