ពលរដ្ឋជួបការខ្វះខាតស្បៀងនិងទទួល រងផលប៉ះពាល់ជំនន់ទឹកភ្លៀងនៅស្រុកវាលវែងចំនួន២២៥គ្រួសារ បានទទួល អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា

ពោធិ៍សាត់៖ ប្រជាពលរដ្ឋចំនួន២២៥ គ្រួសារនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ដែលជួបកង្វះខាតស្បៀងនិងទទួលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង បានទទួលអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលបានប្រារព្ធធ្វើ នៅវិទ្យាល័យប្រម៉ោយនិងមួយកន្លែងទៀតនៅសាលាបឋមសិក្សាអន្លង់រាប ស្ថិតក្រោមអធិបតីភាព ឯកឧត្តម​ ខូយ រីដា ប្រធាន គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន អនុប្រធាននាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយតំណាង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងលោក លោកស្រីសមាជិក សមាជិការគណ កម្មាធិការ មន្ត្រីប្រតិបត្តិ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាព រដ្ឋបាលស្រុកនិងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។

លោកចាន់ វិចិត្ត អភិបាលរងស្រុកវាលវែងបានជម្រាបជូនថា ជំនន់ទឹកភ្លៀង ស្រុកវាលវែងកាលពីថ្ងៃទី២៦-២៧ ខែកញ្ញាឆ្នាំ២០២៣គឺមានសភាពហក់ឡើងខ្លាំងបានបង្កការប៉ះពាល់និងខូចខាតផ្ទះចំនួន១៧ខ្នង និងរងការប៉ះពាល់ផ្ទះចំនួន១១០ខ្នង ខូចខាតផលដំណាំ ១៥៦៤ហិកតា ផ្លូវជាង៨គីឡូម៉ែត្រ និងទ្រព្យសម្បត្តិមួយចំនួនទៀត។ ស្ថិតក្នុងស្ថានភាពនេះគឺនៅថ្ងៃទី២៨ ខែកញ្ញាឯកឧត្តម ខូយ រីដា ប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តបានចុះនិងបញ្ជាដោយប្រើប្រាស់កម្លាំងសរុបសង្គ្រោះប្រជាពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាព មិនមានប្រជាពលរដ្ឋណាម្នាក់រងគ្រោះបាត់បង់អាយុជីវិតនោះឡើយ។

លោកវេជ្ជបណ្ដិត អ៊ុយ សំអុន និង ឯកឧត្តម​ ខូយ​ រីដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ បាននាំមកនូវការសួរសុខទុក្ខនិងផ្តាំផ្ញើពីសំណាក់សម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកនិងគិតគូខ្ពស់អំពីប្រជាពលរដ្ឋដែលទទួលរងការប៉ះ ពាល់ដោយជំនន់ទឹកភ្លៀងនាពេលថ្មីៗនេះទូទាំងខេត្ត។ ផ្អែកទៅស្ថានភាពធ្ងន់ធ្ងនោះ រដ្ឋបាលខេត្តស្នើសុំជំនួយសង្គ្រោះបន្ទាន់ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ហើយត្រូវបានសម្តេចយល់ព្រមនិងបានចាត់ឱ្យក្រុមការងារនាំយកអំណោមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា មកចែកជូនតាមតំបន់គោលដៅដើម្បីជួយ សម្រួលជីវភាពរបស់ប្រជាពលរដ្ឋដែលទទួលរងការប៉ះពាល់បណ្កាលមកពីជំនន់ទឹកភ្លៀងនិងជួបកង្វះខាតស្បៀង។

ការផ្តល់អំណោយផ្តោតសំខាន់ចំពោះបងប្អូនប្រជាពលរដ្ឋ រងគ្រោះធ្ងន់ធ្ង ជនចាស់ជរា ស្ត្រីមានកូនច្រើននិងជនមានពិការភាពជាមុនសិន រួចហើយក្រុមការបន្តចុះចែកទៅតាមស្ថានភាពជាក់ស្តែងគ្រប់ខ្នងផ្ទះដោយមិនប្រកាន់ឬរើសអើងពីនិន្នាការ នយោបាយ បក្ខពួក ជាតិសាសន៍ អ្វីឡើយពោលគឺឱ្យតែប្រជាពលរដ្ឋរងគ្រោះនិងងាយរងគ្រោះត្រូវតែដោះស្រាយឱ្យបានទាន់ពេលវេលានិងមានតម្លាភាព។

លោកនិងឯកឧត្តម បានលើកឡើងថា ជាទូទៅបងប្អូនប្រជា ពលរដ្ឋនៅក្នុងតំបន់នេះភាគច្រើនពឹងផ្អែកទាំងស្រុងទៅលើដំណាំកសិកម្មនិងកសិឧស្សាហកម្មព្រមទាំងរកផលអនុផលព្រៃឈើ សម្រាប់ចិញ្ចឹមជីវិត ដែលប្រឈមបញ្ហាគ្រោះថ្នាក់ដោយគ្រោះធម្មជាតិគ្រប់ពេលវេលា ហេតុនេះក្នុងនាមរដ្ឋបាលខេត្តនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន សូមឱ្យបងប្អូនប្រជាពលរដ្ឋរួមទាំងកុមារតូចៗត្រូវបង្កើនការប្រុងប្រយ័ត្ន ហើយអ្វីដែលសំខាន់នោះគឺបញ្ហាសុខភាពជាកត្តាចម្បង ត្រូវធ្វើយ៉ាងណាចេះរស់នៅស្អាត ហូបស្អាត ផឹកស្អាត មានអនាម័យបរិស្ថានល្អ។ អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជាដែលចែកជូនប្រជាពលរដ្ឋទាំង២២៥គ្រួសារក្នុងមួយគ្រួសារទទួលបានអង្ករ២៥គីឡូក្រាម មី១កេសតូច ត្រីខ១០កំប៉ុង ទឹក ទឹកត្រី១យួរ ឃីត១កញ្ជប់ក្នុងនោះមានសារុង១ ក្រមា១ មុង១និង ភួយ១។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា បានចែកជូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងមានចំនួន១៨៤៥គ្រួសារគឺស្រុកកណ្តៀងចំនួន៩២៤គ្រួសារ ក្រុងពោធិ៍សាត់ចំនួន៣៧៥គ្រួសារ ស្រុកភ្នំក្រវាញចំនួន៣២០គ្រួសារនិងស្រុកវាលវែងចំនួន២២៥គ្រួសារ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *