ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកស្បៀងសង្គ្រោះរបស់រាជ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១០៩៣គ្រួសារ មកពីឃុំចំនួន៨ឃុំ ក្នុងស្រុកកណ្តៀង ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខមួយួរ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធ១កេស នារសៀលថ្ងៃ ទី៨ ខែតុលា ឆ្នាំ២០២៣។
ឯកឧត្ដម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈ កម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្ត បានបញ្ជាក់ថា នេះជាការឆ្លើយតបទៅនឹងសំណូមពរ របស់បងប្អូនប្រជាកសិករ ខណៈពេលដែល ឯកឧត្ដម និងឯកឧត្ដម ទេសរដ្ឋមន្តី្រ គន់ គីម អនុប្រធានទី១ គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ បានដឹកនាំក្រុមការងារ ដើម្បី ពិនិត្យលើស្ថានភាព នៃទំហំផលប៉ះពាល់ខូចខាតជាក់ស្ដែង នាពេលកន្លងទៅ ។
ឯកឧត្ដម បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈ គណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា បានចែកជូនបងប្អូនប្រជាពលរដ្ឋឡើងវិញ ក្រោយពីប៉ះពាល់ដោយសារជំនន់ទឺកភ្លៀងកាលពីថ្ងៃទី ២៩ខែកញ្ញា ឆ្នាំ២០២៣យ៉ាងធ្ងន់ធ្ង ។
ជាក់ស្ដែង សម្រាប់ប្រជាពលរដ្ឋ នៅស្រុកកណ្តៀង នាថ្ងៃនេះ មានចំនួន ១.០៩៣ គ្រួសារសម្រាប់ជួយសម្រួលនិងដោះស្រាយជីវភាពបានមួយរយៈពេល គឺមិនអាចទទួលទានយូរអង្វែងនោះទេកត្តាដែលសំខាន់នោះសូម បងប្អូនប្រជាពលរដ្ឋត្រូវបន្តការដាំដុះចិញ្ចឹមសត្វនិងប្រកបមុខរបរផ្សេងៗទៀតទើបប្រសើរ។
ឯកឧត្តម បានផ្តាំផ្ញើថា ក្រោយពីទឹកស្រកទៅវិញនោះសូមឱ្យប្រជាពលរដ្ឋយើងត្រៀមលក្ខណៈ ធ្វើស្រែបន្តក្នុងគោល បំណងស្តាឡើងវិញ បើខ្វះពូជសូមទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាននិងក្រុមការងារដើម្បីដោះស្រាយជូន។
ឯកឧត្ដម សូមឲ្យអាជ្ញាធរមូលដ្ឋានត្រូវមានការទំនាក់ទំនង ផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋ ត្រូវស្គាល់អំពីសុខទុក្ខ ជាប់ជានិច្ចព្រោះថា បងប្អូនប្រជាពលរដ្ឋយើងនេះហើយ ជាអ្នកកំណត់បាន នូវជោគ វាសនាប្រទេសជាតិ ក៏ដូចជាអ្នកជម្រុញចលករ កម្លាំងសេដ្ឋកិច្ច ឲ្យដើរទៅមុខ ដូចគ្នានោះដែរ កិច្ចការបន្ទាប់ ប្រសិនបើបងប្អូនមានបញ្ហា ទាក់ទងទៅនឹងការងារបង្កបង្កើនផល សូមទំនាក់ទំនង ទៅអាជ្ញាឃុំ ដើម្បី ជំនាញកសិកម្មយើង បានចុះជួយអន្តរាគមន៍ ទាន់ពេលវេលា ។
ឯកឧត្តម បានថ្លែងជម្រាបជូនទៀតថា ការអនុវត្តប្រព័ន្ធស្បៀងបម្រុង នេះគឺជាទស្សនៈវិស័យដ៏វែងឆ្ងាយរបស់រាជរដ្ឋាភិបាលកម្ពុជាដល់ការលើកទឹកចិត្តនិងជម្រុញចលនាបង្កបង្កើនផល ជាពិសេស គឺផ្តោតទៅលើប្រជាពលរដ្ឋគោលដៅអាទិភាពដែលកំពុងជួបបញ្ហាប្រឈមជីវភាពបណ្តាលមកពីគ្រោះធម្មជាតិ។
លោក ឆាយ គឹមម៉ុងអភិបាលស្រុកកណ្តៀងបានឱ្យដឹងថា ស្រុកកណ្តៀងបានទទួលរងការប៉ះពាល់ជំនន់ទឹកភ្លៀងនៅ ថ្ងៃទី២៩-៣០ខែកញ្ញាឆ្នាំ២០២៣ធ្វើឱ្យមានការប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធ ភូមិដ្ឋាននិងផលដំណាំចំនួន៦ឃុំស្មើ៤៨ភូមិ ប្រជាពលរដ្ឋ១៦០១គ្រួសារ ជម្លៀសមនុស្ស៦គ្រួសារ ស្រូវ៤ពាន់ហិកតា ក្នុងនោះខូចអស់១២៥ហិកតា ដាច់ផ្លូវប្រវែង៦៥ម៉ែត្រ ទឹករាជលើផ្លូវប្រវែង២៥គីឡូម៉ែត្រ ទឹកហូរច្រោះដាច់ជាង២គីឡូម៉ែត្រប៉ុន្តែមិនបណ្តាលឱ្យបាត់បង់អាយុជិវិតមនុស្សឡើយ៕