សៀមរាប៖ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្រៃ្តយ៍ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរា បានអញ្ជើញ ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ប្រគល់ជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្រ្តាក់កាលពីយប់ថ្ងៃទី០១ខែតុលា ឆ្នាំ២០២៣ ចំនួន ១០គ្រួសារ ដែលមានចំនួន ២ឃុំ ក្នុងស្រុកជីក្រែង រួមមាន៖ទី១- ឃុំ ឬស្សីលក ចំនួន ៨គ្រួសារ (រលំ ១ខ្នង របើកដំបូល ៦ខ្នង និង របួស២នាក់) និង២- ឃុំ កំពង់ក្តី ចំនួន ២គ្រួសារ (រលំ១ខ្នង របើកដំបូល ១ខ្នង) ។ នៅក្នុងពិធីសំណេះសំណាល និងផ្ដល់អំណោយមនុស្សធម៌នេះដែរគឺប្រារព្ធនៅសាលាឃុំឬស្សីលក ។ មានប្រសាសន៍នាឱកាសនោះ ឯកឧត្ដម គុជ លីណា អនុប្រធានអចិន្រ្តៃយ៍គណៈកម្មាធិការសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ដែលតែងតែយកចិត្តទុកដាក់គិតគូរខ្ពស់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ ឯកឧត្តមបានសម្តែងនូវការសោកស្តាយចំពោះការខួចខាតផ្ទះសំបែង ទ្រព្យសម្បត្តិដែលនេះជាគ្រោះមហន្តរាយដោយធម្មជាតិ គ្មាននរណាម្នាក់ចង់ជួបប្រទះឡើយ ហើយឯកឧត្តមបន្តថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនមិនសមល្មម តែក៏អាចជួយសម្រាលទុក្ខលំបាករបស់បងប្អូនបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។ឯកឧត្តមបន្តថា នេះជារដូវវស្សា សូមបងប្អូនមេត្តាប្រុងប្រយ័ត្នចំពោះសុខភាពផ្ទាល់ខ្លូន ក៏ដូចជាកូនចៅផង បើឃើញសភាពមិនស្រួលត្រូវប្រញាប់ទៅមន្ទីរពេទ្យ ឬមណ្ឌលសុខភាពដែលនៅជិតផ្ទះ។
អំណោយមនុស្សធម៌ដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖- គ្រួសាររលំផ្ទះ៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១៦សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែន៥ម៉ឺនរៀល។- គ្រួសាររបើកដំបូល៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ ស័ង្កសី ១០សន្លឹក មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល។-គ្រួសារអ្នករបួស៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្ទេល១ មី១កេស ទឹកត្រី១យួរ ត្រីខ១យួរ ស្កសរ១គីឡូក្រាម អំបិល១គីឡូក្រាម អង្ករ៣០គីឡូក្រាម និងថវិកា១សែនរៀល ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម គុជ លីណា និងគណៈប្រតិភូ ក៍បានអញ្ជើញចុះពិនិត្យ មើលស្ថានភាពទឹកជំនន់នៅក្នុងភូមិ ដែលមានស្ថានភាពទឹកលិចខ្លាំងគឺភូមិគរ និងភូមិតារាម ដែលស្ថិតនៅក្នុងឃុំជីក្រែង ស្រុកជីក្រែង ខេត្តសៀមរាប នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ ២០២៣។