សាលាវេសហ្គេតអន្តរជាតិ គឺជាសាលាអន្តរជាតិទី១ ដែលបានដឹកនាំសិស្សទស្សនៈកិច្ចសិក្សានៅប្រទេសអង់គ្លេស…

សៀមរាប៖ នៅយប់ថ្ងៃទី០៥ខែតុលាឆ្នាំ២០២៣ នេះសិស្សានុសិស្សចនួន១៥រូបនៃសាលាវេសហ្គេតអន្តរជាតិសៀមរាប បានវិលនិវត្តមកកាន់ស្រុកកំណើតវិញដោយសុខសុវត្ថិភាព  បន្ទាប់ពីបានទៅធ្វើទស្សនកិច្ចសិក្សារយៈពេល១០ថ្ងៃនៅទីក្រុងឡុងដ៍ចក្រភពអង់គ្លេសក្រោមការសហការ និងសម្របសម្រួលគាំទ្រធនធានថវិកានិងការស្នាក់នៅ សាលាវេសហ្គេតអន្តរជាតិសៀមរាប និងបានការចូលរួមបដិភាគរបស់មាតាបិតាអាណាព្យាបាលសិស្ស សម្រាប់ការទស្សនៈកិច្ចសិក្សានិងការស្នាក់នៅ នេះ ។សិស្សទាំង១៥រូប ពួកគាត់ជាសិស្សរៀនពូកែផ្នែកភាសាខ្មែរនិងភាសាអង់គ្លេស ប្រចាំឆ្នាំមានអាយុចាប់ពី១២ឆ្នាំឡើង ទៅ ។
លោកសាស្ត្រាចារ្យ រ័ត្ន រស្មី នាយកសាលាវេសហ្គេតអន្តរជាតិខេត្តសៀមរាប និងជាអ្នកដឹកនាំផ្ទាល់ បានមានប្រសាសន៍ឲ្យដឹងនៅព្រលានយន្តហោះអន្តរជាតិសៀមរាបថា៖ ដំណើរទស្សនៈកិច្ចនេះ គឺដើម្បីបានសិក្សាស្វែងយល់ពី និងផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមករវាងក្រុមសិស្សានុសិស្សនៃសាលាវេសហ្គេតនិង សាលាមួយនៅទីក្រុងឡុងដ៍ ទៅលើវប្បធម៌ប្រពៃណីទំនៀមទំលាប់ និងជីវភាពរស់នៅប្រចាំថ្ងៃ ព្រមទាំងដំណើរការសិក្សារបស់សិស្សផងដែរ។ក្នុងរយៈពេល១២ឆ្នាំតាំងពីបង្កើតសាលាវេសហ្គេតមក នេះជាលើក៦សម្រាប់ឱកាសសិស្សឆ្នើម ដែលបានប្រឡងជាប់និទ្ទេសល្អប្រចាំឆ្នាំនិងឆ្លងកាត់ការវាយតម្លៃយ៉ាងសុក្រិត ផ្នែកភាសាអង់គ្លេស ព្រមទាំង មានសិលធម៌និងអាកប្បកិយាមារយាទល្អ  ទើបទទួលបានការលើទឹកចិត្តឱ្យទៅធ្វើទស្សនកិច្ចសិក្សាផ្លាស់ប្តូរបទពិសោធជាមួយបណ្តាសាលាអន្តរជាតិនៅក្រៅប្រទេស ក្នុងនោះនៅតំបន់អាស៊ីបានទៅប្រទេស សឹង្ហបុរី ថៃ និងម៉ាឡេស៊ី ដោយឡែក សម្រាប់ការទៅកាន់ចក្រភពអង់គ្លេសនេះជាលើកទី៣ហើយ ឆ្នាំក្រោយគណៈគ្រប់គ្រងសាលានឹងមានផែនការនាំសិស្សឆ្នើមទៅប្រទេសអូស្ត្រាលីវិញម្តង។ពួកគាត់ត្រឡប់មកវិញសុទ្ឋតែមានសុខភាពល្អធម្មតាទាំងអស់ថ្វីត្បិតតែផ្លាស់ប្តូរអាកាសធាតុ និងម្ហូបអាហារក្តីក៍សុខភាពពួកគាត់នៅតែល្អប្រសើរដដែល។
លោក រ័ត្ន រស្មី បញ្ជាក់ទៀតថា៖ដំណើរទស្សនកិច្ចសិក្សានេះ ធ្វើឡើងស្របទៅតាមការ សន្យាជាមួយមាតាបិតាសិស្ស និងសិស្សានុសិស្សទាំងអស់របស់សាលា ក្នុងពេលកន្លងមក  ក្នុងន័យ ជំរុញលើកទឹកចិត្តដល់សិស្សមានឆន្ទៈតស៊ូខិតខំប្រឹងប្រែងសិក្សារៀនសូត្ររហូតទទួលបានលទ្ឋផលល្អទើបគាត់ទទួលឱកាសបានទៅ។ ម្យ៉ាងទៀត ទស្សនកិច្ចសិក្សានេះ ក៍ជាប្រភពគន្លឺះមួយជួយឱ្យគុណភាពនៃការគ្រប់គ្រងនិងការអប់រំនៅក្នុងសាលាកាន់តែមានភាពល្អប្រសើរឡើងថែមទៀតផងដែរ។ទន្ទឹមនឹងនេះសាលានឹងបន្តជំរុញឱ្យប្អូនៗទាំងអស់ខិតខំរៀនសូត្រ ដើម្បីក្តាប់បានឱកាសទៅកាន់ប្រទេសដទៃៗ តាមរយៈយន្តការ ផែនការប្រចាំឆ្នាំរបស់សាលា ដោយការវាយតម្លៃនិងមានសុភវិនិច្ឆ័យយ៉ាងសុក្រិតដល់សិស្សដើម្បីផ្តល់ឱកាសឱ្យគាត់អាចទៅចូលរួមក្នុងកម្មវិធីទស្សនកិច្ចសិក្សា ជាមួយសាកលវិទ្យាល័យដែលជាដៃគូក្នុងតំបន់និងក្នុងពិភពលោក។ក្នុងនាមគណៈគ្រប់គ្រងសាលា លោកជំរុញឱ្យសិស្សក្នុងសាលាទាំងអស់ខិតខំសិក្សារៀនសូត្រទាំងផ្នែកភាសានិងមុខវិជ្ជាទូទៅដើម្បីត្រៀមប្រកួតប្រជែងដណ្តើមយកឱកាសទៅទស្សនកិច្ចសិក្សាជាមួយបណ្តាសាលាផ្សេងៗក្នុងពិភពលោក រួមជាមួយនឹងការចូលរួមតាមដានការសិក្សា និងពន្យល់អប់រំទូន្មាន ជួយទំនុកបំរុង ដល់ការសិក្សា ពីមាតាបិតា អាណាព្យាបាល ផងដែរទើបយើងអាចចាប់ឱកាសបាន នៅពេលក្រោយៗទៀត  ខណៈដែលសាលានឹងខិតខំពង្រីកចំនួនសិស្សឱ្យកាន់តែច្រើនថែមទៀត ទៅតាមលទ្ឋភាព ដើម្បីឱ្យសិស្សបានទៅទស្សនកិច្ចសិក្សាដូចពេលនេះជាបន្តទៅទៀត។
  តំណាងសិស្សម្នាក់ បានសម្ដែងការត្រេកអរ និងមោទនភាព ដែលបានចូលរួមក្នុងដំណើរការទៅទស្សនកិច្ចនៅអង់គ្លេស នាពេលនេះ ហើយតំណាងពួកគេម្នាក់ បានបង្ហាញនូវក្តីរំភើបរីករាយ ដោយអះអាងថា៖ថ្វីបើការស្នាក់នៅទីនោះមានរយៈពេលខ្លី តែយ៉ាងហោចណាស់ក៏បាន ពាំនាំយកនូវវប្បធម៌ អរិយធម៌ សិល្បៈ ទំនៀមទម្លាប់ និងប្រវត្តិសាស្ត្រ ដ៏ល្បីល្បាញរបស់កម្ពុជា ទៅចែករំលែកជាមួយក្រុមសិស្ស រួមនិងអ្នកពាក់ព័ន្ធនានា នៅក្រៅប្រទេសហើយពួកគាត់បានទទួលមកវិញនូវបទពិសោធនិងការយល់ដឹងកាន់តែច្រើនអំពីរបៀបរស់នៅវប្បធម៌ ទំនៀមទម្លាប់ និងការសិក្សារបស់សិស្សនៅតំបន់អឺរ៉ុប ផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *