រដ្ឋបាលខេត្តអញ្ជើញចូលរួមកាន់បិណ្ឌវេនទី៧ ជាមួយប្រជាពុទ្ធបរិស័ទនៅវត្តរាជបូណ៌ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បាននាំយកទេយ្យទានមានគ្រឿងឧបភោគបរិភោគមួយចំនួន និងបច្ច័យ២លានរៀល ដើម្បីវេរប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សាក្នុងវត្តរាជបូណ៌ ក្នុងសៀមរាប ។ ពិធីកាន់បិណ្ឌវេនទី៧នេះ បានប្រព្រឹត្តិទៅក្រោមវត្តមានឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត និង លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត និង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រីជាសមាជិកសមាជិកាក្រុមប្រឹក្សាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាព ស្ថាប័នពាក់ព័ន្ធ មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័ទ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣។
ការគោរពធ្វើបុណ្យភ្ជុំបិណ្ឌនេះឡើង គឺដើមី្បឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខ័ន្ត មាតាបិតា ជីដូនជីតា ញ្ញាតិការទាំងប្រាំពីរសណ្តាន និង បុព្វការីជន ដែលលោកបានចែកឋានទីកាន់បរលោកខាងមុខ និង ដួងវិញ្ញាក្ខ័ន្តជូនកម្មាភិបាល យុទ្ធជន យុទ្ធនារី ដែលបានពលី ក្នុងបុព្វហេតុរំដោះជាតិមាតុភូមិ និង ការពារអភិវឌ្ឍន៍ប្រទេសជាតិ ។ ម៉្យាងទៀត បុណ្យភ្ជុំបិណ្ឌក៏ដូចជាបុណ្យផ្សេងៗទៀតត្រូវបានប្រារព្ធឡើង វិញក្រោយថ្ងៃជ័យជំនះ៧មករាឆ្នាំ១៩៧៩ បន្ទាប់ពីរបបកម្ពុជាប្រជាធិបតេយ្យ បានដួលរលំទៅនោះ ក្រោមការបើកទូលាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នីតិកាលទី៧នេះ បានធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ ក្នុងនោះក៏បានធ្វើឲ្យវិស័យព្រះពុទ្ធចក្រមានការរីកចម្រើន ហើយប្រពៃណីព្រះពុទ្ធសាសនាក្រោមម្លប់សន្តិភាព ក្នុងជំនឿកាន់បិណ្ឌត្រូវបានប្រជាពលរដ្ឋខ្មែរនាំគ្នាគោរពប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួនតាំងពីសម័យបុរាណ មកដល់សតវត្សរ៍ទី២១នេះ ។ ការប្រារព្ធធ្វើពិធីបុណ្យភ្ជុំបិណ្ឌនេះឡើងជាគោលបំណងដើមី្បឧទ្ទិសមហាកុសលជូនដល់ លោកអ្នកមានគុណ មានមាតាបិតា ជីដូន ជីតា ញាតិកាលទាំងប្រាំពីរសណ្តានដែលបានបាក់បែកចែកឋាន ទៅកាន់បរលោកទៅហើយនោះ។

បន្ទាប់ពីលោកតាអាចារ្យធ្វើកិច្ចមនសិកាព្រះរតនៈត្រ័យ និង ធ្វើការវេរប្រគេនទេយ្យទានមានគ្រឿងឧបភោគបរិភោគ និងបច្ច័យដល់ព្រះសង្ឃរួចមក ឯកឧត្តម អស់លោក លោកស្រី និង បងប្អូនប្រជាពុទ្ធបរិស័ទបានធ្វើពិធីរាប់បាត្រ បង្សុកូល ឧទ្ទិសកុសលផលបុណ្យ ជូនដល់ដួងវិញ្ញាណក្ខ័ន្ត ចំពោះមាតាបិតា ជីដូនជីតា និង ញាតិកាលទាំង៧សណ្តាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ ព្រមទាំងឧទ្ទិសដល់ដួងវិញ្ញាណក្ខ័ន្តដល់កម្មាភិបាល យុទ្ធជន ដែលបានពលីជីវិត ក្នុងបុព្វហេតុការពារកសាង អភិវឌ្ឍន៍ជាតិមាតុភូមិកម្ពុជា សូមឲ្យមកទទួលនូវផល្លានិសង្ឃដែលថ្នាក់ដឹកនាំ មន្ត្រីរាជការ ដែលបានឧទ្ទិសជូនតាមរយៈព្រះសង្ឃជាស្រែបុណ្យ ក្នុងរដូវកាលបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌនេះ សូមឲ្យអំណាចនៃអានិសង្ឃនេះជួយទ្រទ្រង់ឲ្យវិញ្ញាណក័្ខន្តអ្នកទាំងនោះ បានទៅកាន់ទីសោយសុខឋានបរមសុខកុំបីឃ្លៀងឃ្លាត ក្នុងឋានសុគតិភពកុំបីខានឡើយ ។
នាឱកាសកាន់បិណ្ឌទី៧នេះដែរ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម សិរីសុវណ្ណោ បានមានសង្ឃដិកាថា ពិធីបុណ្យភ្ជុំបិណ្ឌ គឺជាពិធីបុណ្យទក្ខិណានុប្បទាន ដើម្បីឧទ្ទិសកុសលជូនបុព្វការីជន ជីដូនជីតាដែលបានធ្វើមរណកាលទៅ ។ ក្នុងអំឡុង១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឲ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការមមាញឹក ឬក្រីក្រ លំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា “ភ្ជុំបិណ្ឌ”។ សម្តេចព្រះព្រហ្មរតនមុនី បានលើកផងដែរថាដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និង អនុវត្ដជារៀងរាល់ឆ្នាំតៗគ្នាមក ។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែកឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល ។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយភូមិវេទនាណាស់ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឲ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឲ្យទេនោះ ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឲ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និង សេចក្ដីចំរើន ។

ផ្តើមចេញពីការកាន់បិណ្ឌវេនទី៧នេះ ក៏បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ ដើមី្បសម្រាប់ប្រើប្រាស់នៅក្នុងពេលព្រះសង្ឃគង់ចាំព្រះវស្សា រួមមានគ្រឿងឧបភោគបរិភោគមួយចំនួន និង បច្ច័យ ចំនួន ២លានរៀល ដើមី្បតំកល់ទុកសម្រាប់កសាងសមទ្ធិផលក្នុងទីវត្តរាជបូណ៌ ព្រមទាំងជូនដល់សីលវន្ត័សីវន្តី នូវក្រណាត់ស និងបច្ច័យមួយចំនួនផងដែរ ៕ ម៉ី សុខារិទ្ធ ភ្នាក់ខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *